តួ​ម្ដាយ ធុន យុវណ្ណា គ្រោង​នាំ​កូន​ស្រី​ពៅ​ចូល​សិល្បៈ

តួ​ម្ដាយ ធុន យុវណ្ណា បាន​និយាយ​បាន​ថា អ្នក​ស្រី​កំពុង​មាន​គម្រោង​នាំ​កូន​ស្រី​ពៅ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដែរ បន្ទាប់​ពី​នាង​រៀន​ចប់​មហាវិទ្យាល័យ។

 

តួ​ម្ដាយ ធុន យុវណ្ណា គ្រោង​នាំ​កូន​ស្រី​ពៅ​ចូល​សិល្បៈធុន យុវណ្ណា និង​កូន​ស្រី​ពៅក្នុង​ពិធី​សម្ពោធ​ជាផ្លូវការ Rock Music

 

“ការ​ពិត ខ្ញុំ​ជា​ម្ដាយ​នេះ​មិន​មែន​ជា​តួ​ល្បី​អី​ទេ តែ​ចេះ​តែ​បង្រៀន​កូន​បណ្ដើរៗ​ទៅ ទម្រាំ​គាត់​រៀន​ចប់​ចូល​សិល្បៈ​ទៅ​អាច​​ចេះ​ដឹង​បាន​ខ្លះ​ក្នុង​ការងារ​ហ្នឹង”។ ធុន យុវណ្ណា ថ្លែង​មក​កាន់ Sabay។ តារា​ជើងចាស់​រូប​នេះ​បន្ត​ថា ​បច្ចុប្បន្ន​កូន​ស្រី​ពៅ​របស់​ខ្លួន​មាន​វ័យ ២០​ឆ្នាំ និង​​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំ​ទី​៣។

 

ហើយ​ការណ៍​ដែល​អ្នក​ស្រី​ចង់​ឱ្យ​កូន​ស្រី​ពៅ​ចូល​សិល្បៈ​នោះ ក៏​ព្រោះ​តែ​គ្រួសារ​អ្នក​ស្រី​សុទ្ធសឹងតែ​ជា​អ្នក​ស្រលាញ់​វិស័យ​នេះ។

 

តួ​ម្ដាយ ធុន យុវណ្ណា ឱ្យ​ដឹង​ម្យ៉ាង​ទៀត​ថា កូន​ស្រី​ពៅ​របស់​ខ្លួន​ក៏​មាន​ទេពកោសល្យ និង​ចំណង់ចំណូលចិត្ត​ផ្នែក​សម្ដែង​ដែរ ទើប​អ្នក​ស្រី​សម្រេច​ចិត្ត​បង្ហាត់បង្រៀន​ណែ​នាំ​កូន​បន្ថែម​នៅ​ផ្ទះ​ជា​រឿយៗ​ពេល​នាង​ទំនេរ​ពី​​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ម្ដាយ​រូប​នេះ​មិន​ទាន់​ហ៊ាន​ដាក់​ក្ដី​រំពឹង​ថា ដំណើរ​ចូល​សិល្បៈ​របស់​កូន​ស្រី​បាន​ជោគជ័យ ឬ​យ៉ាង​ណា​នោះ​ទេ។

 

ប៉ុន្តែ​អ្នក​ស្រី​បាន​អះអាង​ថា នឹង​បណ្ដោយ​ឱ្យ​កូន​ស្រី​សាកល្បង​បង្ហាញ​សមត្ថភាព​សិល្បៈ​របស់​នាង ប្រសិន​បើ​ផលិតកម្ម​ណាមួយ​ផ្ដល់​ឱកាស​នោះ៕

 

អត្ថបទ៖ សំ ជំនាញ