ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តឧត្ដរមានជ័យ កំពុង​សប្បាយ​ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើបាន​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ច្រកព្រំដែន​អូរ​ស្មាច់ និង​ច្រក​ជាំ​ស្រងាំ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រី​គយ​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បន្ទាប់ពី​លោក យូ ហេង ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ប៉ុន្មាន​ខែ​កន្លងទៅនេះ គឺ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មានការ​កើនឡើង​យ៉ាងគំហុក​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​លោក យូ ហេង និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

​មន្ត្រីរាជការ​និង​ប្រជា​ពល​ល​រដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ​បាន​ឲ្យ​ដឹងថា តាម​ច្រក​អូរ​ស្មាច់ ច្រក​ជាំ​ស្រងាំ ច្រករបៀង​ក្នុងស្រុក​បន្ទាយ​អម្ពិល និង​ស្រុក​ត្រពាំង​ប្រាសាទ​ជាដើម មាន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​អនាធិបតេយ្យ​។ ទំនិញ​ទាំងនោះ​មានដូចជា គ្រឿង​កំប៉ុង ស្រា​បៀរ ភេ​ស​ជ្ជះ គ្រឿងសំណង់ គ្រឿងបន្លាស់​រថយន្ត ម៉ូតូ ក៏ដូចជា​ប្រេងសាំង ដែល​ឈ្មួញ​អាច​នាំចូល​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ខេត្តឧត្ដរមានជ័យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យូ ហេង បាន​យក​បទពិសោធន៍​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​នៅក្នុង​ខេត្តឧត្ដរមានជ័យ​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​និង​ប្រេងសាំង​គេចពន្ធ គឺ​លោក យូ ហេង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ដោយ​ពុំមាន​ថ្នាក់លើ​ណា​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើយ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​នៅពេល​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​តាម​រថយន្ត​តូចៗ តាម​រ៉ឺម៉ក ឬ​តាម​រទេះ​ជាដើម គឺ​សមត្ថកិច្ច​គយ​ប្រចាំ​ច្រកព្រំដែន​និង​ច្រករបៀង​បង្ខំ​ឲ្យ​បង់លុយ​តាម​ការ​កំណត់ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ លើស​នេះ​ទៅទៀត​លោក យូ ហេង ប្រើ​អំណាច​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​ប្រទេស​សៀម​ចូល​ស្រុក​ខ្មែរ ហើយ​យកមក​ស្តុក​ទាំង​ស៊ីទែនៗ​នៅក្នុង​ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ ឈ្មោះ ប៉ែន ស្រស់ ក៏​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក យូ ហេង ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​យ៉ាង​ពេញបន្ទុក​នោះ​ផងដែរ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​ខិលខូច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

1488150_413522845469235_4339751423067069054_n1លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ WAT-09067a2 WAT-090672