ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ក្រុង​សៀមរាប មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្ក្រាប​

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​បង្កប់​ក្នុង​ហាង​អ៊ី​ន​ធឺ​ណេ​ត កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​មិនទាន់​ឃើញ​អភិបាលក្រុង​សៀមរាប និង​អធិការនគរបាល​ក្រុង​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ បើ​មិន​ដូច្នេះ​ទេ​ផ្ដើមចេញពី​ល្បែងស៊ីសង​នេះ គឺ​បទល្មើស​ផ្សេងៗ​នឹង​កើតឡើង​កាន់តែខ្លាំង​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ គ្រឿងញៀន និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​ហាង​អ៊ី​ន​ធឺ​ណេ​ត​មាន​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​មានដូចជា ហាង​នៅជាប់​នឹង​លីកា​ស៊ី​ខារ៉ាអូខេ ផ្លូវ​ហ្វី​លីង​(777 Net) ផ្លូវ​ទៅ​ផ្សា​រញ៉ែ ខាងត្បូង​ស្តុ​ប​ទន្លេសាប​(99) ផ្លូវ​ទៅ​បាក់​ខែង​(PH24) ផ្លូវ​ផ្សា​រញ៉ែ ខាងត្បូង​ស្តុ​ប​ទន្លេសាប​(88 Net) ផ្លូវ​តាភុល​(8888 Net) ផ្លូវ​តាភុល​(M Net) ផ្លូវ​ជន្លង់​ហៅ​ផ្លូវ​៧​មករា​នៅ​ខាងក្រោយ​ភោជនីយដ្ឋាន​សួន​អង្គរ និង​នៅ​ផ្លូវ​លោកតា​ណឺ​យ ក៏មាន​ហាង​អ៊ី​ន​ធឺ​ណេ​ត​បង្កប់​ល្បែងស៊ីសង​ជាច្រើន​កន្លែង​ផងដែរ​។ ប្រភពពី​អ្នក​ធ្លាប់​ចូល​ហាង​អ៊ី​ន​ធឺ​ណេ​ត​ទាំងនោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ហាង​មាន​បង្កប់​ល្បែង​បៀ​កា​រ៉ាត់ និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ហើយ​មាន​អ្នកលេង​ចាញ់​ជា​រៀងរាល់ថ្ងៃ​។

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​ក្រៅពី​ល្បែង​បង្កប់​តាម​ហាង​អ៊ី​ន​ធឺ​ណេ​ត ក៏មាន​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ត្រូវគេ​បើក​លេង​យ៉ាង​រាលដាល​ដូចជា បៀ​អាប៉ោង បញ្ជល់មាន់​ជាដើម​។ ប៉ុន្តែ​អភិបាលក្រុង​សៀមរាប លោក ស៊ូ ប្លា​តុង ក៏ដូចជា​អធិការនគរបាល​ក្រុង​សៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ក្នុងខណៈដែល​បទល្មើស​ផ្សេងៗ ជាពិសេស​អំពើចោរកម្ម លួច​ឆក់​ប្លន់ មាន​សភាព​គួរ​ឲ្យ​ភ័យខ្លាច​។ លើស​នេះ​ទៅទៀត​កន្លងមក​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ហាក់ដូចជា​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ ហេតុនេះហើយ​ទើប​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​៕

13536065_1567003436928566_132946008_nលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប siemreap-game