​លោក កឹម សុខា បញ្ជាក់ថា​សារៈសំខាន់​នៃ​ការបោះឆ្នោត​គឺ បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​

កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង និង​ខេត្តព្រៃវែង បាន​ចូលទៅ​សួរសុខទុក្ខ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងជំនួប​នេះ លោក កឹម​សុខា បាន​ជម្រាប​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ថា សារៈសំខាន់​នៃ​ការបោះឆ្នោត​គឺ បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់​ទៅកាន់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ថា​៖ ទី​១-​សារៈសំខាន់​នៃ​ការបោះឆ្នោត​គឺ បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ ឧទាហរណ៍ ប្ដូរ​ពី​ការចាកចោល​ក្រុមគ្រួសារ​ទៅធ្វើ​ការ​នៅ​ស្រុក​គេ​មក​ធ្វើការ​នៅ​ស្រុក​យើង​វិញ​។ ទី​២-​ដើម្បី​បោះឆ្នោត​ទៅបាន​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ៤​ចំណុច​គឺ​៖ ប្រជាពលរដ្ឋ​ត្រូវ​ទៅធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ -​ប្រជាពលរដ្ឋ ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត -​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត -​ប្រជាពលរដ្ឋ​ត្រូវ​ជួយ​ការពារ​សន្លឹកឆ្នោត និង​នៅពេល​យើង​ឈ្នះឆ្នោត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ទាក់ទាញ​អ្នកវិនិយោគទុន​ល្អៗ ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ខ្ពស់​នៅក្នុង​ប្រទេស​។​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកឈ្នះ ប្រទេស​កម្ពុជា​ក៏​នឹង​រីកចម្រើន​លឿន​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ​ដដែល គឺ​ទៅ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។  យោងតាម​ស្ថានការណ៍​បច្ចុប្បន្ននេះ លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​ត្រូវតែ​ធ្វើការ​តស៊ូ ប៉ុន្ដែ​ការតស៊ូ​ដោយ​អហិង្សា​។ លោក កឹម សុខា បាន​ពន្យល់ថា សេរីភាព​នាំមក​នូវ​យុត្ដិធម៌ យុត្ដិធម៌​នាំមក​នូវ​សន្ដិភាព សន្ដិភាព​នាំមក​នូវ​សេចក្ដីសុខ​ចម្រើន​។ ដូច្នេះ​គ្មានទេ​យុត្ដិធម៌​ពិត​បើ​គ្មាន​សេរីភាព គ្មានទេ​សន្ដិភាព​ពិត​បើ​គ្មាន​យុត្ដិធម៌ គ្មានទេ​សេចក្ដីសុខ​ចម្រើន​ពិត បើ​គ្មាន​សន្ដិភាព​។ ដើម្បី​បុព្វហេតុ​ខាងលើនេះ លោក កឹម សុខា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ យើង​ត្រូវ​តស៊ូ​ដើម្បី​សេរីភាព​៕

13508982_1394192750598020_1885661927587569379_n 13511975_1394192743931354_6838961301357020101_n