ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

កញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុក ដែលធ្លាប់និយាយខ្លាំងៗ ដាក់លោក ហ៊ុន សែន ក្នុងពេលកន្លងមកនោះ កំពុង​ទទួល​បាន​ការ​សរសើរ ពីនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះ។ តែមិនមែនសរសើរ ពីការនិយាយខ្លាំងៗ​ទាំង​នោះ​ទេ តែ​ជា​ការ​សរសើរ​ទាក់ទង​នឹង​សកម្មភាព របស់កញ្ញា ធី សុវណ្ណថា ដែលបានចុះទៅកាន់​តំបន់​អារ៉ែង កាលពី​ពេល​កន្លង​មក។
ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម។ (រូបថតហ្វេសប៊ុក)

គេគ្រាន់តែរង់ចាំមើល ថាតើបន្តិចទៀត កញ្ញា ធី សុវណ្ណថា ដ៏ល្បីល្បាញ នឹងត្រូវដើរតាមលោក ហ៊ុន សែន នៅ​គ្រប់កម្មវិធីទាំងអស់ ឬយ៉ាងណា? ព្រោះក្នុងពេលនេះ លោក ហ៊ុន សែន បានថ្លែង​សរសើរ​តារា​ហ្វេសប៊ុក​រូប​នេះ ជាច្រើនម៉ាត់ ទាក់ទងនឹងការចុះទៅកាន់តំបន់អារ៉ែង កាលពីពេលកន្លងមក ដែលលោកនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​និយាយថា ជាសកម្មភាពការពារបរិស្ថាន។

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦នេះ លោក ហ៊ុន សែន បានប្រកាសឡើងថា៖ «កញ្ញា ធី សុវណ្ណថា ដែលជាគេហៅថា អ្នកលេង​ខាង​ហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរ ទៅតំបន់អារ៉ែង។ អញ្ចឹងទេ អាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញ​លើកទឹកចិត្តឲ្យពួកគាត់បន្តទៅ។»។

ជាលើកដំបូងបង្អស់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកកញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារ​លើ​លោក​មិន​សំចៃមាត់ ដែលសព្វថ្ងៃជាប្រធាន​អង្គការ​​យុវជនកិច្ចការសង្គម មកថ្លែងសរសើរជាសាធារណៈ បន្ទាប់​​ពី​រឿង​រ៉ាវ​ប្ដឹងផ្ដល់ ពីសំណាក់តារាហ្វេសប៊ុករូបនេះ ធ្វើទៅលើលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ។

លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖ «វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំ​ទៅ​ជួយលួចលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋ ទាំងអស់​ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួម​ស្អប់ខ្ពើម​ចំពោះ​ឈ្មួញ និង​ពួក​អ្នក​កាប់ឈើដែរ»។

សម្រាប់សកម្មភាពថ្មីៗ របស់កញ្ញា ធី សុវណ្ណថា វិញ គេមិនបានឃើញនាង ចុះទៅកាន់តំបន់អារ៉ែងជាថ្មីទៀត ឬទៅកាន់តំបន់ ដែលរងគ្រោះផ្នែកបរិស្ថាន ណាផ្សេងទៀត ក្រៅតែពីសកម្មភាពបើកវេទិកា ជួបនិយាយ​ទៅ​កាន់​ពលរដ្ឋ ឬការចុះចែកអំណោចនោះឡើយ។ នៅក្នុងវេទិកាទាំងនោះភាគច្រើន កញ្ញា ធី សុវណ្ណថា បាន​ថ្លែង​ផ្ដោត​សំខាន់ តែ​​ទៅលើរឿងរ៉ាវ ទាក់ទងនឹងលោក កឹម សុខា និងវឿងរ៉ាវបែកធ្លាយសម្លេងខ្សែអាត់ ដែល​គេ​​ចោទ​​ថា ជាសម្លេង​សាសងស្នេហា​​រវាង​លោក កឹម សុខា និងស្ត្រីជាងធ្វើសក់ម្នាក់។

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចោទប្រកាន់កញ្ញា ធី សុវណ្ណថា ថាបានធ្វើសកម្មភាពចុះ​ទៅកាន់​តំបន់អារ៉ែង ឬទៅកាន់ទីណាផ្សេងទៀតនោះ ដើម្បីគ្រាន់តែយក«មុខ» ហើយថតរូបសម្រាប់បង្ហោះផ្សាយ តាម​​ហ្វេសប៊ុក​​ប៉ុណ្ណោះ។ ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានកញ្ញា ធី សុវណ្ណថា អះអាងពីការបរិហារកេរ្តិ៍ ហើយ​​កញ្ញា​បាន​ដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ទៅកាន់តុលាការ ដើម្បីប្ដឹងជនដែលផ្សព្វផ្សាយ​ករណី​ទាំង​នេះ តាម​​បណ្ដាញ​សង្គម៕