​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

ខេត្តកំពង់ចាម ៖ ផ្ទះ​​មួយ​កន្លែង​​សាងសង់​​តាំងពី​សម័យ​សង្គមរាស្ត្រ​និយម ដោយ​បច្ចុប្បន្ន​មាន​​​សភាព​ចាស់​ទ្រុឌទ្រោម​​ទៅ​ហើយ​​ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ស្រាប់តែ​​​​បាក់​បេតុង​១​ផ្ទាំង​​ពី​​ជាន់​ទី​១​ធ្លាក់​មក​​ដី  បណ្តាល​ឱ្យ​សង្កត់​ម្ចាស់ផ្ទះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ (​បាក់ដៃ​ឆ្វេង​២​កំណាត់​) ហើយ​ត្រូវ​ក្រុម​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្រូខ្មែរ​ក្នុងស្រុក​ក្រូចឆ្មារ ។

ប្រភព​ពី​ស្ត្រី​​ម្នាក់​ឈ្មោះ​មាង​ មុំ អាយុ​៦០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ ​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច បងថ្លៃ​ប្រុស​ឈ្មោះគង់ ចាន់​ថន ហៅ​គា អាយុ​៦០​ឆ្នាំ បាន​មក​ឈរលេង​​នៅ​យ៉​មុខ​ផ្ទះ​ខាង​មុខ ។ លុះ​ក្រោយមក ក៏​ដើរ​ចូល​ទៅ​ខាងក្នុង​ផ្ទះ​វិញ មិន​ទាន់​ដល់​ក្នុងផ្ទះ​ផង ស្រាប់តែ​បាក់​បេតុង​១​ផ្ទាំង​សង្កត់​លើ​បងថ្លៃ​លាន់​ក្ឌាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ពេល​នោះ រូប​គាត់​ឮ​បងថ្លៃ​បាន​ស្រែក​ជួយ​ផង​ៗ ភ្លាម​ៗ​នោះ គាត់​បាន​ប្រញាប់​ហៅ​គ្នីគ្នា​នៅ​ជិតខាង​ជួយ​សង្គ្រោះ ។ តែ​​ពេល​នោះ  ទ្វារផ្ទះ​ បាន​ជាប់​សោទៀត ​មិន​អាច​ចូល​ទៅ​បាន ទើប​ហៅ​ជាង​ធ្វើ​សោ​ឱ្យមក​អារ​ច្រវាក់​ចេញ ទើប​អាច​នាំ​គាត់​ទៅ​សង្គ្រោះ​បាន​ទាន់​ពេល​នៅ​ឯ​គ្លីនិក​ឯកជន​១១៥ ដោយ​រង​របួសធ្ងន់​បាក់ដៃ​ឆ្វេង​២​កំណាត់ ។ ដោយសារ​ក្រុម​គ្រួសារ មាន​ជំនឿ​លើ​គ្រូខ្មែរ​នោះ ក៏​បាន​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ  ។