សម្តេចតេជោ ​​ហ៊ុន សែន ​​សរសើរ​ ធី សុវណ្ណថា​​ រឿងការពារព្រៃ​ធម្មជាតិ

ខេត្តកំពង់ស្ពឺ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានប្រសាសន៍​កោតសរសើរដល់ប្រធាន​អង្គការយុវជន​កិច្ចការសង្គម​កញ្ញា ធី សុវណ្ណថា​ ដែលកន្លងមកបានដឹកនំាចលនា​ក្រុមយុវជនមួយក្រុមទៅឃ្លំាងមើល ​និងការពារព្រៃឈើ​និងបរិស្ថាននៅតំបន់​អារ៉ែង​ ដែលស្ថិតនៅក្នុង​ស្រុកថ្មបំាង ​ខេត្តកោះកុង។

ប្រសាសន៍​លើកសរសើរកញ្ញា ធី សុវណ្ណថា​ ដែលចូលរួមក្នុងសកម្មភាពការពារ​ព្រៃធម្មជាតិ​និងបរិស្ថាននៅតំបន់អារ៉ែងពីសំណាក់​សម្តេចនាយករដ្ឋមន្រ្តីខាងលើនេះ​ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ​​កក្កដា ២០១៦​​ ក្នុងទិវាមច្ឆជាតិលើកទី១៤​ នៅក្នុងឃុំបា្រំបីមុំ ស្រុកថ្ពង ​ខេត្តកំពង់ស្ពឺ ។

សម្តេចតេជោ​ ហ៊ុន សែន ​បានថ្លែងកោតសរសើរថា ​«កញ្ញាធី សុវណ្ណថា​ដែលជាគេហៅថាអ្នកលេងខាងហ្វេសប៊ុក ​គាត់ធ្លាប់ដឹកនាំ​ក្រុមធ្វើដំណើរទៅតំបន់អារ៉ែង​ អញ្ចឹងទេអាហ្នឹងវាជាចលនាជួយការពារមួយ ​ជំរុញលើកទឹកចិត្តឲ្យពួកគាត់បន្តទៅ ​វាអត់មានអី​ខុសទេ​ ​ឲ្យទៅជួយការពារព្រៃឈើ ​កុំទៅជួយកាប់ឈើ ​កុំទៅជួយលួច​លាក់ឈើ ​ប៉ុន្តែប្រជាពលរដ្ឋទាំងអស់​ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួម​ស្អប់ខ្ពើមចំពោះឈ្មួញ ​និងពួកអ្នកកាប់ឈើដែរ»៕