JCI សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អណ្តូង​ទឹក​ចំនួន​៩ នៅ​ខេត្ត​កំពត

សភា​យុវ​ពាណិជ្ជករ​អន្តជាតិ កម្ពុជា សាខា​ភ្នំពេញ (JCI Cambodia-Phnom Penh) ​សហការ​ជាមួយ​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន​ RMA Cambodia បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​សមិទ្ធផល​អណ្តូង​ទឹក​ចំនួន៩ នៅ​ខេត្ត​កំពត។ អណ្តូង​ទឹក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​សំរោង ឃុំ​ស្រែ​ក្នុង និង​ឃុំ​ស្រែ​ចែង​ ស្រុក​ជុំ​គិរី ដែល​ជា​លទ្ធផល​សម្រេច​បាន​សម្រាប់​ឆ្នាំ២០១៦ នៅ​ក្នុង​គម្រោង​ទឹ​កស្អាត​ដើម្បី​សុខភាព​ល្អ​ប្រចាំ​ឆ្នាំ​២០១៦ (Clean Water for Better Health 2016)។

 

JCI សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អណ្តូង​ទឹក​ចំនួន​៩ នៅ​ខេត្ត​កំពត

 

​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សមិទ្ធ​ផល​អណ្តូង​ទឹក​ស្អាត​ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ មាន​ការ​ចូល​រួម​ជា​អធិបតី​ភាព​ដោយ​លោក​ ប៉ិច បូឡែន ប្រធាន​សភា​យុវពាណិជ្ជករ​អន្តរ​ជាតិ​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦ អ្នក​ស្រី សួន ជុទ្បា ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ រួម​ជាមួយ​វត្តមាន​របស់​អភិបាល​ស្រុក​ជុំ​គិរី លោក ខៀវ រិទ្ធិភ័ណ្ឌ ក្រុម​ប្រឹក្សា​ឃុំ​ស្រែ​ចែង មេឃុំ មេភូមិ ព្រម​ទាំង​សមាជិក​សមាជិកា​ប្រមាណ​៥០០នាក់។

 

JCI សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អណ្តូង​ទឹក​ចំនួន​៩ នៅ​ខេត្ត​កំពត

 

ក្នុង​ឱកាស​នោះ លោក ប៉ិច បូឡែន ក៏​បាន​សំណេះ​សំណាល និង​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្រើប្រាស់​អណ្តូង​ទាំង​នោះ មាន​ការ​ទទួល​ខុស​ត្រូវ​និង​ចូល​រួម​ថែរក្សា​ទាំង​អស់​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល។

 

អភិបាល​ស្រុក​ជុំ​គិរី​ លោក ខៀវ រិទ្ធិភ័ណ្ឌ ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ដែល​បាន​ខំ​ប្រឹង​កៀរគរ​ស្វែង​រក​ជំនួយ និង​សាង​សង់​អណ្តូង​ទឹក​ស្អាត​ជូន​ដល់​ភូមិ​របស់​ពួក​គាត់។

 

ប្រធាន​ក្រុម​អ្នក​ប្រើ​ប្រាស់​ទឹក​បាន​និយាយ​ថា «ពូ​រង់​ចាំ​២០​ឆ្នាំ​ហើយ​នូវ​អណ្តូង​ស្នប់​មួយ​នេះ ពី​ព្រោះ​តែ​ខ្វះខាត​ទឹក​ខ្លាំង ពូ​នឹក​ស្មាន​មិន​ដល់​ថា​ នេះ​ជា​កាដូ​ពិសេស​ដែល​ផ្តល់​ឲ្យ​ពូ និង​អ្នក​ភូមិ ពូ​ពិត​ជា​រំភើប​ និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នូវ​អណ្តូង​ស្នប់​មួយ​នេះ»។

 

JCI សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អណ្តូង​ទឹក​ចំនួន​៩ នៅ​ខេត្ត​កំពត

 

គម្រោង​ទឹក​ស្អាត​ដើម្បី​សុខភាព​ល្អ​ គឺ​ជា​គម្រោង​អភិវឌ្ឍ​សហគមន៍​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ទៀត ដែល​មាន​គោលដៅ​ដើម្បី​ផ្តល់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឌ​នៅ​តំបន់​ដាច់​ស្រយាល​ខ្វះ​ខាត​ និង​ដើម្បី​បង្កើតឲ្យ​មាន​និរន្តរភាព​នៃ​អណ្តូង​ទឹក​ស្អាត​ដោយ​ការ​ផ្តល់​នូវ​វគ្គបណ្ដុះ​បណ្ដាល បង្កើត​ក្រុម​អ្នក​ប្រើប្រាស់​ទឹក និង​ការ​ចូល​រួម​ពី​សំណាក់​ប្រជាជន​និង​អាជ្ញាធរ​ពាក់ព័ន្ធ។

 

សមិទ្ធ​ផល​អណ្តូង​ទឹក​ស្អាត​ទាំង​៩​ត្រូវ​បាន​សាង​សង់​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ក្រោម​ជំនួយ​ឧបត្ថម្ភ ​ពីមូល​និធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ និង​ផ្ដល់​ធនធាន​ទឹក​ស្អាត​នៃ​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន​ អ អឹម  អេ ខេមបូឌា (RMA Cambodia) រួម​ទាំង​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ៕

 

អត្ថបទៈ ដៃគូសហការ