ប្រុសៗ​យល់​ម៉េច​ដែរ បើ​សង្សារ​ស្លៀកពាក់​សិចស៊ី?

ពេល​ព្រះអាទិត្យ​​អស្ដង្គត យុវតី​​មួយ​ចំនួនតែង​​បញ្ចេញ​សាច់ខ្ចី ដើម្បី​បង្អួត​គេឯងតាម​ដងផ្លូវ តាម​​ការ​ស្លៀក​​ពាក់​ខើច​​ខ្លី ​ខណៈ​​ចេញ​ដើរ​លេងជាមួយ​​សង្សារ មិត្តភ័ក្ដិ ឬ ​គ្រួសារជាដើម។ ពាក់ព័ន្ធ​នឹង​រឿង​នេះ មាន​សំណួរ​មួយ ​ចោទសួរ​ថា តើ​ប្រុសៗផ្សេង​ទៀតវិញ យល់​យ៉ាងណា​​ដែរ បើ​​មិត្តស្រីរបស់​​ខ្លួន​ស្លៀក​ស៊ិចស៊ី ចេញ​ទៅខាង​ក្រៅបែប​នេះ​?

 

ប្រុសៗ​យល់​ម៉េច​ដែរ បើ​សង្សារ​ស្លៀកពាក់​សិចស៊ី?រូូបតំណាង

 

ថ្វីបើ​មិន​ទាន់​មាន​សង្សារ ប៉ុន្តែ​ក្រោយ​​ពេល​ទទួល​បាន​សំណួរ​នេះ យុវជន ម៉ៅ ពេជ្រ​ភារុណ យល់​ថា ​នារី​ៗ​ស្រស់​ស្អាត​តាម​ការ​លេង​សំលៀកបំពាក់ ហើយ​ពួកគេ​ស្លៀកពាក់សិចស៊ី​ទៀត​ គឺ​ធ្វើ​ឱ្យ​​ពួកគេកាន់​តែ​មាន​​​​សម្រស់​ និង​​បាន​​​ការចាប់​អារម្មណ៍​ ថែម​មួយ​កម្រិត​ទៀត។

 

យុវជន​រូប​នេះ​បន្ត​ថា បើ​លោក​មាន​សង្សារ លោក​មិន​​ហាម​ឃាត់​ទេ ហើយ​បើ​នាង​​ចង់​ស្លៀក លោក​នឹង​បំពេញ​តាម​ចំណូល​ចិត្ត​របស់​នាង។

 

នៅ​ពេល Sabay សួរ​ទៀត​ថា ចុះ​អត់​ខ្លាច​​គេ​តាម​មើល និង​តាម​​ញ៉ែ​ទេ​ឬ? យុវជន​មក​ពី​ខេត្ត​កំពង់ធំ​តប​ថា មាន​អ្នក​​មើល​ច្រើន​លោក​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ព្រោះ​មាន​ន័យ​ថា​សង្សារ​របស់​​លោក​​​ជា​នារី​ស្រស់​ស្អាតម្នាក់។ ​

 

ករុណា​បន្ត​ថា៖ “បាន​សង្សារ​ស្អាត គ្រាន់​តែ​គេ​មើល​អត់​មាន​អី​ខាត​បង់​ទេ។ បើ​គាត់​ស្រលាញ់​យើង បើ​គេ​តាម​ញ៉ែ​គាត់​យ៉ាងណា ក៏​គាត់​មិន​​ចោល​យើង​ដែរ”។

 

ប្រុសៗ​យល់​ម៉េច​ដែរ បើ​សង្សារ​ស្លៀកពាក់​សិចស៊ី? យុវជន ម៉ៅ ពេជ្រ​ភារុណ

 

­ចំណែក​យុវជន លីម គីមហួរ បាន​លើក​ឡើង​ថា ត្រឹម​ស្លៀកពាក់​សិច​ស៊ី​គ្មាន​បញ្ហា​​អ្វី​​ទេ ប៉ុន្តែ​​មិនត្រូវ​លេង​ខ្លួន​ខ្លាំង​ពេកទេ ព្រោះ​​មិនមែន​ជារឿង​​​ល្អ​ឡើយ​សម្រាប់​នារី​ខ្មែរ។

 

គីមហួរ ថ្លែង​ថា៖ “បើ​និយាយ​ឱ្យ​ចំ​ទៅ ខ្ញុំ​មិន​បិទ​សិទ្ធិ​គាត់​ទេ តែ​ក៏​មិន​ឱ្យ​ស្លៀក​ញឹក​ញាប់​ដែរ គឺ​យូរ​ៗ​ឱ្យ​គាត់ Free Style ម្ដង ព្រោះ​ជា​ចំណង់ចំណូលចិត្ត​​របស់​គាត់។ បើ​យើង​មិន​ចូល​ចិត្ត ប្រាប់​គាត់​ត្រង់ៗ​ទៅ”។

 

ចុះ​បើ​​​ប្រាប់​គាត់ គាត់​នៅ​តែ​​ចូល​ចិត្ត​ស្លៀកពាក់​បែប​សិចស៊ី​ទៀត តើ​លោក​នឹង​ធ្វើ​យ៉ាងណា? យុវជន​មក​ពី​​ខេត្ត​ស្វាយរៀង​រូប​នេះ បាន​រៀបរាប់​ថា បើ​ជា​ចំណង់ចំណូលចិត្ត​របស់​នាង លោក​នឹង​មិន​ហាម​ឡើយ ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

 

“​…យើង​ស្រលាញ់​គ្នា យើង​​បំពេញ​ចិត្ត ដើម្បី​សុភមង្គល​ទាំង​អស់​គ្នា។ ការ​ស្លៀកពាក់ ជា​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ កុំ​​ឱ្យតែ​​សិចស៊ី​ខ្លាំង​ពេក​​​បាន​ហើយ។ ​បើ​គាត់​ស្ដាប់​ គាត់​កាត់​បន្ថយ​ខ្លួន​ឯង​ហើយ…”។

 

ប្រុសៗ​យល់​ម៉េច​ដែរ បើ​សង្សារ​ស្លៀកពាក់​សិចស៊ី?

 យុវជន លីម គីមហួរ

 

ងាក​មក​ស្ដាប់​លោក ជុំ ឧសភា ឯណេះ​វិញ​ម្ដង អ្នក​កំពង់ចាម​រូប​នេះ​​​យល់​ថា បើ​ទោះ​បច្ចុប្បន្នជា​សម័យ​ស៊ីវិល័យ​ នៃ​​សំលៀកបំពាក់​ក៏​ដោយ ប៉ុន្តែ​ការ​ស្លៀក​ពាក់​សិចស៊ី លេចមុខលេចក្រោយ មិន​មែន​ជា​រឿង​ល្អ​​សម្រាប់​នារី​ឡើយ ហើយ​បើលោក​មាន​សង្សារ​ ក៏​លោក​មិន​ឱ្យ​នាង​ស្លៀកពាក់​ហួសហេតុ​ដែរ។

 

លោក ជុំ ឧសភា បន្ថែម​ថា៖ “អត់​ចង់​ឱ្យ​គាត់​ស្លៀកពាក់​ខ្លី​ទេ តែ​ចង់​ឱ្យ​គាត់​ស្លៀក​សាមញ្ញ ព្រោះ​មិន​ចង់​ឱ្យ​គេ​គិត​ថា​សង្សារ​ខ្ញុំ ជា​​នារី​សិចស៊ី”។

 

ឧសភា បញ្ជាក់ ថា ប្រជាជន​ខ្មែរ​ឱ្យ​​តម្លៃ​​ណាស់​លើ​ការ​​ស្លៀកពាក់ ជាពិសេស​ចាស់ៗ​តាម​ស្រុក​ភូមិ។ បើ​នារី​​ណា​ស្លៀកពាក់​សិចស៊ី​ហួសហេតុ​ពេក ​ច្បាស់​ជា​មាន​ពាក្យ​សម្ដី​មិន​ល្អជា​មិន​ខាន។ លោក​ថា និយាយ​ដូច្នេះ​មិន​បាន​ន័យ​ថា លោក​គិត​តែ​ខ្លួន​ឯងទេ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​គឺ​តម្លៃ​ស្ត្រី៕

 

 ប្រុសៗ​យល់​ម៉េច​ដែរ បើ​សង្សារ​ស្លៀកពាក់​សិចស៊ី?

 លោក ជុំ ឧសភា

 

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងណា​​ដែរ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ