ឈ្មោះ មាស ប៊ុនធឿន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ កំពុង​រង​ការរិះគន់​

លោក មាស ប៊ុនធឿន ដែលជា​នាយផ្នែក​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ កំពុង​ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ពី​រឿងអាស្រូវ​ពុករលួយ​ទាក់ទង​ទៅនឹង​ការ​ជំរិត​យកលុយ​ពី​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តពោធិ៍សាត់ បានបញ្ជាក់​យ៉ាងច្បាស់​ពី​រឿង​លោក មាស ប៊ុនធឿន ជំរិត​យកលុយ​ពី​ពួកគាត់​១០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការមិន​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា លោក មាស ប៊ុនធឿន នាយផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ បានធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​១០០០​ដុល្លារ នៅត្រង់ចំណុច​ចុង​ព្រែក​តា​ពិ​ច ស្ថិតក្នុង​តំបន់​ក្រចាប់ ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែល​ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​៣​នាក់​ប្រដាប់​ដោយ​អាវុធ​២​ដើម បាន​គំរាមកំហែង​លើ​ប្រជា​នេសាទ​ដាក់​របាំង​លប​នៅ​ចំណុច​ខាងលើ ហើយ​ជំរិត​ទារលុយ​១០០០​ដុល្លារ​។ អ្នក​ដែល​ទទួលរង​នូវ​ការ​ជំរិត​យកលុយ​នោះ ទី​១​ឈ្មោះ សុខ ម៉ា និង​ទី​២​ឈ្មោះ គី ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​ស្លន់ស្លោ​និង​ស្វះស្វែង​ខ្ចីបុល​ចងការ​លុយ​គេ​១០០០​ដុល្លារ ដើម្បី​យកទៅ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទាំង​៣​នាក់​នោះ​។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក មាស ប៊ុនធឿន ជាបន្ទាន់​កុំ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​នគរបាល​ខេត្តពោធិ៍សាត់​ទាំងមូល​។ ទន្ទឹមនឹងនេះ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ មិនត្រូវ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាមរបៀប​ពុករលួយ​តទៅទៀត​ទេ ហើយ​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ត្រូវតែ​ទទួលខុសត្រូវ​តាមច្បាប់​។ លើស​នេះ​ទៅទៀត​ប្រជា​នេសាទ​មិនគួរ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​ពីថ្ងៃ​ទី​០១ ខែមិថុនា ដល់​ថ្ងៃទី​០១ ខែ​វិ​ច្ឆ​កា នោះទេ​ព្រោះ​អាច​ប្រឈម​នឹង​កើត​មានទោស​៕

13559050_1726779397588751_8315331961234828757_o 13576917_1726779387588752_8580177301937199529_o