​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​កំពុងតែ​មានការ​កើនឡើង​ខ្លាំង​នៅ​ខេត្តព្រះវិហារ​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​បាន​រាយការណ៍​មក​ថា ក្រុម​ឈ្មួញ​បាន​ដឹកឈើ​ខុសច្បាប់​ដូច​ភ្លៀងរលឹម​គឺ​ដឹក​ចេញពី​ចំណុច​ជើងភ្នំ​ត្បែង និង​ដឹក​ពី​ឃុំ​ពោធិ៍ ព្រមទាំង​ឃុំ​ប្រមេរ​ចូលមក​ដាក់​ក្នុង​រោង​កែច្នៃ​ឈើ​មានច្បាប់ និង​អត់​ច្បាប់​ក្នុង​ក្រុង​ព្រះវិហារ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈើ​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម​រួចហើយ​ភាគច្រើន​ឈ្មួញ​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញកណ្តាល​នៅ​ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​មួយចំនួន​តូច​ដឹក​យកទៅលក់​ដល់​រាជធានី​ភ្នំពេញ​។​

​សកម្មភាព​កាប់ និង​កែច្នៃ​ឈើ​នៅក្នុង​ខេត្តព្រះវិហារ កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​គ្មាន​មន្ត្រី​ជំនាញ​រួមទាំង​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​អើពើ​ទប់ស្កាត់​ព្រោះ​ពួកគេ​ចាំតែ​បើករថយន្ត​ដេញតាម​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញពី​រោង​សិប្បកម្ម​ឈើ​ទៅវិញ​។ សកម្មជន​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ខាង​មេព្រៃ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​សិប្បកម្ម​ទាំងនោះ​ដោយ​ទុក​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​តាម​អំពើ​ចិត្ត​។​

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ បាន​រិះគន់ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​មានការ​កើនឡើង​ក្រោយពី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រូវបាន​ដោះដូរ និង​នាយ​សង្កាត់​ខ្លះទៀត​បាន​ឡើង​ពេញសិទ្ធិ​កាលពី​ប៉ុន្មាន​ខែ​មុន​នោះមក​។  ប្រភព​ដដែល​បាន​បញ្ជាក់ថា ពួកគាត់​សង្កេតឃើញថា​មាន​ឈ្មួញ​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ឈើ​មានច្បាប់ និង​អត់​ច្បាប់​កំពុង​រីក​ដូច​ផ្សិត​ក្នុង​ក្រុង​ព្រះវិហារ ហើយ​មន្ត្រី​ជំនាញ​តែងតែ​ទៅយក​លុយ​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក​សុង បញ្ញា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែង និង​ក្រុង​ព្រះវិហារ​បាន​ឆ្លើយ​ការពារ​ខ្លួន​ថា លោក​ទើបតែ​ចូលមក​កាន់​មុខតំណែង​ដូចនេះ​មិនទាន់​ក្តាប់​ការងារ​បាន​ជុំ​នៅឡើយ​ទេ​។ តែ​ប្រជាពលរដ្ឋ​ក្រុង​ព្រះវិហារ បាន​រិះគន់ថា ជាធម្មតា​ហើយ​ដែល​មន្ត្រី​ជំនាញ​ឆ្លើយ​យករួចខ្លួន​នៅពេល​មាន​បទល្មើស​កើតឡើង​នៅក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​បញ្ហា​នេះ​មានតែ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ុណ្ណោះ​បានដឹង​ច្បាស់​។ ពួកគាត់​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ គប្បី​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​៕

12508685_1664040077200858_202405541948849256_n 01-Woods-01