ធី សុវណ្ណថា​ បន្តទាមទារឲ្យលោក​ កឹម សុខា​ គោរពច្បាប់

ខេត្តកណ្តាល ៖ ​នាយិកាអង្គការយុវជនកិច្ចការសង្គម​ កញ្ញា ធី សុវណ្ណថា​ បានថ្លែងថា ​លោក កឹម សុខា ​ត្រូវតែទទួលខុសត្រូវ​នូវ​ទង្វើរបស់ខ្លួន​ ហើយនិងត្រូវតែ​គោរពច្បាប់នោះថែមទៀត ។

ការលើកឡើងរបស់កញ្ញា ​ធី សុវណ្ណថា​ខាងលើនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ​កក្កដា ២០១៦ ​​ក្នុងវេទិកាសាធារណៈ​ស្តីពី​សិទ្ឋិ​ពលរដ្ឋក្នុងការចូលរួមអភិវឌ្ឍន៍ភូមិ-ឃុំ ​​ដែលរៀបចំឡើងដោយអង្គការយុវជនកិច្ចការ​សង្គម​ នៅក្នុងភូមិព្រៃបំាង​ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល​ ។​

ជាការកត់សម្គាល់​ ការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា​ខាងលើនេះដែរ​ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ​មុនពេល​សាលាឧទ្ឋរណ៍​របស់ប្រទេសកម្ពុជា​ តាមគម្រោងនឹងបើកសវនាការជំនុំជម្រះ​ពាក់ព័ន្ឋនឹងលោក​ កឹម សុខា ​មិនព្រម​ចូលទៅតុលាការ​តាមដីកា​នៅថ្ងៃទី០៤ កក្កដា ​​ដើមសប្តាហ៍ក្រោយនេះ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​នៅក្នុងវេទិកាសាធារណៈ​នៅព្រឹកថ្ងៃសុក្រនេះ ​ក៍មានប្រជាពលរដ្ឋ​មួយចំនួនក្នុង​ចំណោមអ្នកចូលរួមជិត១ពាន់នាក់ ​បានឡើងនិយាយរិះគន់លោក ​កឹម សុខា ​ដែលមានរឿងអាស្រូវផ្លូវភេទ​​និងស្អប់​ខ្ពើមទង្វើរបស់ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិដែលកំពុងសម្ងំលាក់ខ្លួន​ពីការអនុវត្តច្បាប់​នៅក្នុងទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅក្នុង​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យផងដែរ ។

គិតត្រឹមវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០១ កក្កដាដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្រ្តីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិ ជុំវិញការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា ខាងលើ ៕