សាកល្បង​ផ្លាស់​ប្តូរ​ការ​គិត​របស់​លោក​អ្នក មក​បែប​គំនិត​អ្នកមាន​វិញ

« រន្ធ​ជ្រាប​ទឹកតូច​ៗ ក៏​អាច​ធ្វើ​ឱ្យ​ទូក​លិច​បាន​ដែរ »
ពេល​ខ្លះ​លោក​អ្នក​តែង​គិត​ថា ធ្វើ​យ៉ាងណា​ទើប​មាន​លុយ​សន្សំទុក​សម្រាប់​ទិញ ឬ​ដោះស្រាយ​បញ្ហា​ដែល​ជា​បំណងប្រាថ្នា​របស់​យើង ប៉ុន្ដែ​ការ​គិត​នោះ បាន​ត្រឹមតែ​គិត ឥត​មាន​ចេញ​លទ្ធផល​សូ​ម្បី​តែ​ម្ដង ហើយ​អាច​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​សភាព​តប់ប្រមល់​(​ស្ដ្រេ​ស​)​បាន​។ ដូច្នេះ​សូម​លោក​អ្នក​អាន​នូវ​គំនិត​ខាងក្រោម​នេះ និង​សាកល្បង​ផ្លាស់​ប្តូរ​ការ​គិត​បែប និង​វិធី​សន្សំ​លុយ​ទុក​វិញ​បែប​គំនិត​អ្នកមាន​វិញ​ម្ដង ក្រែង​អាច​ជា​ផ្លូវ​ត្រួសត្រាយ​របស់​អ្នក​បាន ។

១-​សូម​ប្រុង​ប្រយ័ត្ន​លើ​ការ​ចំណាយ​រឿង​តូចតាច​៖ ពិត​ណាស់ មនុស្ស​ភាគច្រើន​ផ្តោត​ពិសេស​តែ​ទៅ​លើ​ការ​ចំណាយ​ធំ​ៗ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ភ្លេច​គិតដល់​នោះ គឺ​ការ​ចំណាយ​លើ​រឿង​តូចតាច​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​បូក​ការ​ចំណាយ​តូចតាច​ទាំងនេះ​បញ្ចូល​គ្នា នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​ជា​មិន​ខាន ។ យើង​អាច​គិត​ថា ការ​ទិញ​វត្ថុ​អ្វីមួយ​គឺ​ត្រូវ​ចំណាយ​​លុយ​ច្រើន តែ​ប្រសិនបើ​យើង​ទិញ​កាហ្វេ នំ ឬ​ញ៉ាំ​កា​រ៉ែ​ម​ជាមួយ​មិត្តភក្តិ ទាំង​អស់នេះ​បញ្ចូល​គ្នា​ស្មើនឹង​ចំនួន​លុយ​ដែល​ទិញ​វត្ថុ​នោះ​ដូច​គ្នា ។ ដូច្នេះ យើង​អាច​កាត់​បន្ថយ​នូវ​ការ​ចំណាយ​តូច​ៗ​ទាំងនេះ​ចេញ ។

អ្នកមាន មិនមែន​ចាយ​លុយ​ទៅ​លើ​អ្វី​ដែល​មិន​ចាំបាច់​នោះ​ទេ ពួក​គេ​ចៀសវាង​មិន​ចាយ​លើ​រឿង​តូចតាច​ច្រើន​ពេក ព្រោះ​ថ្លៃ​ចំណាយ​តូច​ៗ​ក៏​អាច​ក្លាយជា​ច្រើន​បាន​ដែរ ប្រសិន​បើ​មិន​ប្រយ័ត្ន​ឱ្យ​ល្អ​ទេ​នោះ ។ ចូរ​ចាំ​ទុកជា​និច្ច​ថា «​រន្ធ​ជ្រាប​ទឹកតូច​ៗ ក៏​អាច​ធ្វើ​ឱ្យ​ទូក​លិច​បាន​ដែរ​» ។

២-​មុន​នឹង​ទិញ ចូរ​គិត​ពី​អនាគត ៖ វា​ងាយស្រួល​ណាស់​ដែល​ចង់​ទិញ​អ្វីមួយ​ដែល​ខ្លួន​ចូល​ចិត្ត តែ​ទី​ចុង​បំផុត នៅ​ពេល​យើង​ទិញ​របស់​ដោយ​គ្មាន​ដែន​កំណត់ ខ្លួន​យើង​ផ្ទាល់​នឹង​ក្លាយជា​អ្នក​មក​អង្គុយ​សោកស្តាយ​ថា នឹង​រក​លុយ​ពី​ណា​មក​ជំនួស​លុយ​ដែល​បាន​ចាយ​នោះ ។ មុន​នឹង​ទិញ​អ្វីមួយ គ្រប់ពេល​យើង​ត្រូវ​គិតដល់​អនាគត​ថា ប្រសិនបើ​ទិញ​ហើយ តើ​អនាគត​របស់​យើង​នឹង​ទៅ​ជា​យ៉ាងណា ហើយ​មាន​ផល​ប៉ះពាល់​អ្វីខ្លះ ។

៣-​កុំ​ទិញ​អ្វី​ដែល​មិន​ចាំបាច់ ៖ មនុស្ស​គ្រប់​គ្នា​តែង​ចង់​ទទួល​ពាក្យ​សរសើរ​ពី​មិត្តភក្តិ ឬ​អ្នក​ជុំវិញ​ខ្លួន នៅ​ពេល​យើង​ជា​ម្ចាស់​របស់​អ្វីមួយ តែ​យើង​ត្រូវ​ដឹង​ពី​ដែន​កំណត់​របស់​ខ្លួន ក្នុង​ការ​ទិញ​របស់​ណា​ដែល​ចាំបាច់​ប៉ុណ្ណោះ ជា​ជាង​ការ​ទិញ​គ្រាន់តែ​ឱ្យ​អ្នក​ដទៃ​សរស់រ និង​ចាប់អារម្មណ៍​នោះ ។

៤-​បង្កើត​បញ្ជីចំណូល​-​ចំណាយ ៖ សព្វ​ថ្ងៃនេះ មាន​ទំនិញ​ជា​ច្រើន​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ចាយ​លុយ​ដោយ​គ្មាន​ការ​សន្សំ​សំចៃ ។ អ្នក​ត្រូវ​មាន​ផែនការ​ហិរញ្ញវត្ថុ និង​កត់ត្រា​នូវ​ចំណាយ​នានា​ទុក ។ អ្នកមាន​គ្រប់​រូប​យល់​យ៉ាង​ច្បាស់​ថា លុយ​របស់​ពួក​គេ​បាន​មកពីណា និង​កំពុង​ទៅ​ណា​។ ដូច្នេះ បញ្ជីចំណូល​-​ចំណាយ​អាច​ជួយ​អ្នក​បាន ព្រោះ​វា​អាច​ប្រាប់​ជា​និច្ច​ទៅ​លើ​ការ​ចាយវាយ ។

៥-​ធ្វើការ​ដោយ​អំណត់ ៖ មនុស្ស​ជា​ច្រើន​គិត​ថា ជីវិត​របស់​អ្នកមាន គឺ​មាន​តែ​រឿង​សប្បាយ​រីករាយ និង​លើកទឹកចិត្ត​គ្រប់ពេលវេលា តែ​ការ​ពិត អ្នកមាន​គឺជា​អ្នកធ្វើការ​ងារ​លំបាក​ជាង​អ្នក​ធម្មតា​ទៅ​វិញ ។ យ៉ាង​ហោច​ណាស់ ក្នុង​វ័យ​ធ្វើការ ពួក​គេ​ព្យាយាម​បង្កើន​ប្រាក់​ចំណូល ព្រោះ​នៅ​ពេល​ប្រាក់​ចំណូល​កើនឡើង​ច្រើន ពួក​គេ​នឹង​អាច​សន្សំ​លុយ​ក្នុង​ចំនួន​ច្រើន​បាន ។ អ្នកមាន​ទ្រព្យសម្បត្តិ​តែង​គិត​ថា ការ​ធ្វើ​ជំនួញ គឺជា​ការ​សន្សំ​ប្រាក់ ច្រើន​ជាង​ការ​ចំណាយ ការ​វិនិយោគទុន ការ​ដាក់​ផែនការ​សម្រាប់​អនាគត ប៉ុន្តែ​តម្រូវ​ឱ្យ​មាន​ជំនាញ​ដើម្បី​ចាប់​យក​ឱកាស​ផង​ដែរ ។

៦-​បម្រុង​លុយ​ទុក ៖ ជា​ថ្មី​ម្តងទៀត អ្នកមាន​ទ្រព្យសម្បត្តិ គឺ​ពួក​គេ​ចេះ​បែងចែក​លុយ​យ៉ាង​ល្អ និង​ត្រៀម​បម្រុង​ទុក ខណៈ​ទទួល​បាន​ចំណូល ។ អ្នក​អាច​សាកល្បង​បែងចែក​លុយ​របស់​អ្នក ដើម្បី​ធានា​ក្នុង​ករណី​មាន​ហេតុការណ៍​បន្ទាន់​កើតឡើង អ្នក​នឹង​មាន​លុយ​បម្រុង​ទុក ។

៧-​ទិញ​ទំនិញ​បញ្ចុះតម្លៃ ឬ​តថ្លៃ​មុន​ពេល​ទិញ ៖ អ្នកមាន​គ្រប់​គ្នា ក៏​ដូច​ជា​មនុស្ស​ធម្មតា​ទូទៅ​ដែរ ពួក​គេ​ត្រូវការ​ប្រើ​លុយ​ឱ្យ​កើត​តម្លៃ​ខ្ពស់​បំផុត រឿង​ដែល​ល្អ​បំផុត គឺ​ទិញ​ទំនិញ​បញ្ចុះតម្លៃ ឬ​តថ្លៃ​មុន​នឹង​ទិញ ព្រោះ​ពួក​គេ​គិត​ថា  ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​ខ្ពស់ ខណៈ​ដែល​មាន​ផ្លូវ​ជ្រើសរើស​ដែល​ល្អ​ជាង​នេះ គឺ​ការ​តថ្លៃ ។

៨-​យក​លុយ​សន្សំ​ទៅ​វិនិយោគ​យ៉ាង​ឈ្លាសវៃ ៖ មនុស្ស​ភាគច្រើន​មិន​បាន​យក​លុយ​ដែល​សន្សំ​ទៅ​វិនិយោគ​ទេ ព្រោះ​គិត​ថា មាន​ចំនួន​តិចតួច តែ​កុំ​ភ្លេច​ថា លុយ​តិច​នៅ​ពេល​សន្សំទុក​វា​នឹង​ក្លាយជា​លុយ​ច្រើន​បាន ហើយ​នៅ​ពេល​អ្នក​វិនិយោគ​ត្រូវ​កន្លែង អ្នក​នឹង​អាច​សម្រេច​ក្តី​ប្រាថ្នា​បាន​ហើយ ។ រឿង​នេះ​អាស្រ័យ​លើ​បទ​ពិសោធន៍ និង​ការ​ប្រថុយ​ខុស ប្រថុយ​ត្រូវ ប៉ុន្តែ​វា​ប្រសើរ​ជាង​ការ​ចាយ​លុយ​តែ​ម្យ៉ាង ។

៩-​រៀន​ពី​របៀប​បង្កើត​ប្រាក់​លាន ៖ មនុស្ស​ទូទៅ​សន្សំ​លុយ​ទុក បន្ទាប់​ពី​ការ​ចំណាយ​ផ្សេង​ៗ​រួចរាល់ តែ​អ្នកមាន គឺ​គិត​ផ្ទុយ​ពី​នេះ វិធី​គិត​បែប​នេះ​ហៅ​ថា «​រូបមន្ត​បង្កើត​លុយ​លាន​» ។ ការ​ចាប់ផ្តើម គឺ​នៅ​ពេល​អ្នក​ទទួល​បាន​ចំណូល ត្រូវ​គិត​ពី​ទឹកប្រាក់​ជាក់លាក់​សម្រាប់​ទុក​វិនិយោគ​តាម​គោលដៅ​ថ្ងៃ​អនាគត ហើយ​នៅ​សល់​ពី​នោះ គឺ​សម្រាប់​ចំណាយ ។ យើង​ត្រូវ​ចង​ចាំ​ថា «​ចូរ​ចាយ​លុយ​ដែល​សល់​ពី​ការ​សន្សំ មិនមែន​ចាយ​លុយ​មុន ទើប​សន្សំ​ជា​ក្រោយ​នោះ​ទេ​» ។

អ្នក​អាច​យក​ចំណុច​ទាំង​អស់នេះ​មក​អនុវត្ត ពេល​នោះ​អ្នក​នឹង​យល់​ថា ការ​បង្កើត​ទ្រព្យសម្បត្តិ គឺ​ចាប់ផ្តើម​ពី​រឿង​ងាយ​ៗ ។ នៅ​ពេល​ដែល​អ្នក​បាន​ស្វែង​យល់​នូវ​ចំណុច​ខាងលើ​ហើយ ជំហាន​បន្ទាប់ គឺ​សាកល្បង​ធ្វើ​តាម​ឱ្យ​បាន​គ្រប់​ចំណុច ពេល​នោះ​អ្នកមាន​បន្ទាប់ គឺជា​រូប​អ្នក ៕