វិធីសាស្ត្រ​3​យ៉ាង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល និង​បំផ្លាញ​ដំណាំ​ដោយ​ដង្កូវ​ហ្វូង

រាជធានី​ភ្នំពេញ ៖ ដង្កូវ​ហ្វូង​ត្រូវ​បាន​ចាត់ទុកជា​សត្វល្អិត​ចង្រៃ​មួយ  ហើយ​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​មាន​ដំណាំ​ជា​ច្រើន​មុខ ដូច​ជា​ស្ពៃ សណ្តែក និង​ពោត ។​ល​។ តែងតែ​រង​នូវ​ការ​បំផ្លាញ​ដោយ​ដង្កូវ​ហ្វូង​នេះ ។ ដោយឡែក ដំណាំ​ស្រូវ​ក៏​តែង​ទទួល​រង​នូវ​ការ​បំផ្លាញ​ច្រើន​នៅ​ដើមរដូវ​វស្សា ក្នុង​ឆ្នាំ​ណា​ដែល​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត​ខ្លាំង ព្រោះ​នៅ​ពេល​មាន​ភ្លៀង​ដើមរដូវ រុក្ខជាតិ​ទាំងឡាយ​ចាប់ផ្តើម​ដុះ​លូតលាស់​ល្អ ។ ឆ្នាំ​នេះ យោង​តាម​លក្ខខណ្ឌ​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ប្រែប្រួល រាំង​ស្ងួត ក្តៅ​ខ្លាំង​បាន​អូស​បន្លាយ​យូរ ដែល​បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​កកើត និង​រាលដាល​នៃ​ពពួក​ដង្កូវ​ហ្វូង​នេះ​យ៉ាង​ឆាប់រហ័ស ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ដើមដៃ​មក ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​វិធីសាស្ត្រ​សំខាន់​ចំនួន​៣ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល និង​បំផ្លាញ​ពី​ដង្កូវ​ហ្វូង​ដូច​ខាងក្រោម ៖

១-​ប្រើ​អន្ទាក់​ជូរអែម​នៅ​ពេល​យប់​ដើម្បី​កម្ចាត់​មេអំបៅ​ដង្កូវ​ហ្វូង ៖
វិធី​ធ្វើ​អន្ទាក់​ជូរអែម ៖ ដាក់​ទឹក​១​ភាគ ស្រា​.​ស​១​ភាគ ស្ករ​រងូ​៤​ភាគ ទឹកខ្មេះ​៤​ភាគ ហើយ​លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ ។ បន្ទាប់​មក​លាយថ្នាំ Fipronil ២​មី​ល្លី​លី​ត្រ​ក្នុង​សូលុយ​ស្យុង​​១​លី​ត្រ​។

របៀប​ប្រើ ៖ យក​សូលុយស្យុង​ខាងលើ​ដាក់​ក្នុង​ចានជ័រ​ស្តើង ឬ​ជ្រលក់​នឹង​សំឡី​ជក់ទឹក បន្ទាប់​មក​ចង​ព្យួរ​តាម​ចម្ការ​នៅ​ពេល​យប់ ហើយ​ដាក់​ឱ្យ​ខ្ពស់​ផុត​ពី​ដី ដើម្បី​ការពារ​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​ផ្សេង​ៗ ។ អន្ទាក់​ជូរអែម​នេះ វា​ទាក់ទាញ​មេអំបៅ​មក​ជញ្ជក់ បន្ទាប់​មក​វា​នឹង​ងាប់ ។

២-​កម្ចាត់​ដង្កូវ​ហ្វូង​ចំពោះ​ចម្ការ ឬ​ស្រែ​ដែល​គ្មាន​ទឹក ៖
ជីក​ចង្អូរ​នៅ​តាម​ព្រំចម្ការ ឬ​ស្រែ​ដែល​ជាប់​ជាមួយ​ព្រៃ ឬ​ចម្ការ​ចេក ឬ​មាន​ស្មៅ​ចង្រៃ​ដុះ​ច្រើន​នៅ​តាម​ព្រំ (​ច​ង្កូ​រ​មានមុខ​លើ​ទំហំ​៣០​សង់ទីម៉ែត្រ ជម្រៅ​២០​សង់ទីម៉ែត្រ រួច​រាយ​ផេះ​ពីលើ ឬ​នៅ​ពេល​ដង្កូវ​ចូល​ច្រើន​អាច​បាញ់ថ្នាំ​តាម​ច​ង្កូ​រ​នេះ​ក៏​បាន​) ។

ប្រើ​មែកឈើ​ស្រស់ ឬ​វត្ថុ​ដទៃ​ដែល​អាច​ធ្វើ​ជា​ម្លប់ ហើយ​យក​ទៅ​រាយ​ក្នុង​ចម្ការ ឬ​ស្រែ​ដោយ​ដាក់​គម្លាត​ពី​មួយ​ទៅ​មួយ​ប្រហែល​ពី​៤ ទៅ​៥​ម៉ែត្រ (​ពេលវេលា​ដែល​ត្រូវ​ដាក់​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៣​ល្ងាច ក្នុង​ករណី​មេឃ​ស្រឡះ មាន​ថ្ងៃ​ក្តៅ​ខ្លាំង​)​។ បន្ទាប់​មក​រាល់​២​ទៅ​៣​ម៉ោង​ម្តង កសិករ​អាច​ប្រមូល​ដង្កូវ​ដើម្បី​កម្ទេច​ចោល ។
ចំពោះ​ស្រែ​ដែល​មានទឹក ឬ​ជិត​ប្រភព​ទឹក​ត្រូវ​បញ្ចូល​ទឹក​ទៅ​ក្នុង​សំណាប ឬ​សន្ទូង​ឱ្យ​លិច​ចុង​ស្រូវ រួច​ប្រើ​ស្បៃ​មុង​អូស​ប្រមូល​ដង្កូវ​យក​ទៅ​កម្ទេច​ចោល ។

៣-​កម្ទេច​ដង្កូវ​ហ្វូង​នៅ​ជុំវិញ​ចម្ការ ឬ​ស្រែ ៖
សម្អាត​ស្មៅ​ចង្រៃ ប្រមូល​កម្ទេចកំទី​ដែល​ជា​ជម្រក និង​ជា​ប្រភព​ដង្កូវ​ហ្វូង​លាក់ខ្លួន​យក​ទៅ​ដុត​ចោល ។

ជម្រើស​ចុង​ក្រោយ​អាច​បាញ់ថ្នាំ​កសិកម្ម​កម្ចាត់​ដង្កូវ​ហ្វូង​ដែល​លាក់ខ្លួន​នៅ​ក្នុង​ស្មៅ គុម្ព​ចេក ឬ​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេង​ទៀត​នៅ​ជុំវិញ​ស្រែ​ចម្ការ (​វិធី​នេះ​ប្រើ​ថ្នាំ​កសិកម្ម​កម្ចាត់​ប្រភព​ដង្កូវ​ក្នុង​ទ្រុងទ្រាយ​តូច តែ​មាន​ប្រសិទ្ធ ភាព​ខ្ពស់​) ។

ថ្នាំ​កសិកម្ម​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​ក្នុង​ករណី​ចាំបាច់​រួម​មាន ៖ Thuricide ឬ Dipel ប្រើ​ក្នុង​កម្រិត​១​គីឡូក្រាម​លើ​ផ្ទៃដី​១​ហិ​កតា​, Buprofezin ប្រើ​ក្នុង​កម្រិត​ពី​០,៧ ដល់​១​គីឡូក្រាម ក្នុង​១​ហិ​កតា និង Fenobucarb ប្រើ​ក្នុង​កម្រិត​ពី​១,៥ ដល់​២​លី​ត្រ​ក្នុង​១​ហិ​កតា​, ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​ក្រុម Pyrethroid ដូច​ជា Cypermethrin ឬ Deltamethrin ប្រើ​ក្នុង​កម្រិត​១​លី​ត្រ​លើ​ផ្ទៃដី​១​ហិ​កតា​, ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​ក្រុម Carbomate ដូច​ជា Carbaryl កម្រិត​ប្រើ​ដូច​ខាងលើ ។ ថ្នាំ​សម្លាប់សត្វ​ល្អិត​បាន​រៀប​រាប់​ខាងលើ​នេះ ពុំ​សូវ​មាន​ឥទ្ធិពល​អាក្រក់​ដល់​បរិស្ថាន​ប៉ុន្មាន​ទេ ៕