ក្រោយ​សម្រាក បក្សប្រឆាំង​ថា សភា​មិនអាច​កាត់​ប្រាក់ខែ​ទេ តែ​អ្នកនាំពាក្យ​សភា​ថា​អាច​ និពន្ធដោយ : ម៉ៅ សុផា       July-01-2016, 1:04 pm         171

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រោយ​សម្រាក បក្សប្រឆាំង​ថា សភា​មិនអាច​កាត់​ប្រាក់ខែ​ទេ តែ​អ្នកនាំពាក្យ​សភា​ថា​អាច​​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា រដ្ឋសភា គ្មាន​ហេតុផល​អ្វី ដែល​ត្រូវ​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​នោះទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​រដ្ឋសភា លើកឡើងថា រដ្ឋសភា មិន​បញ្ឈប់​ការសិក្សា​ក្នុងការ​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ឡើយ បើទោះបី​រដ្ឋសភា ឈប់សម្រាក​ក៏ដោយ​។

​លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង បាន​លើកឡើងថា នៅពេល​រដ្ឋសភា​ឈប់សម្រាក នោះ​តំណាងរាស្ត្រ​ទាំងអស់ ក៏​មិន​ចូល​បំពេញការងារ​ដែរ​។ អ៊ីចឹង រដ្ឋសភា ក៏​មិនចាំបាច់​សិក្សា ឬ​ចាត់វិធានការ លើ​ប្រាក់ខែ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដោយ​លើក​ហេតុផល​ថា មិន​ចូល​បំពេញ​តួនាទី នោះដែរ​។  នេះ​ជាការ​បន្ថែម​របស់លោក សុន ឆ័យ ហើយ​បន្ទាប់មក​លោក​បញ្ជា​ក់បែ​ប​នេះ​ថា​៖«​វា​ឥតមាន​ហេតុផល​គ្រប់គ្រាន់ ថា​ត្រូវ​កាត់​ប្រាក់ខែ​នោះទេ ព្រោះ​រដ្ឋសភា​ឈប់សម្រាក​ហើយ​»​។

​សម័យប្រជុំ​រដ្ឋសភា​លើក​៦ នីតិកាល​ទី​៥ បានចាប់ផ្តើម​ពីថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៦​។ បើ​គ្មាន​របៀបវារៈ​ផ្សេង​នោះទេ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ នឹងត្រូវ​បិទ​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ តទៅ​។​

​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ បាន​បន្តទៀតថា រដ្ឋសភា អាច​ពិចារណា​ដើម្បី​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​រូប​ណា​ម្នាក់ លុះត្រាតែ​តំណាងរាស្ត្រ​រូបនោះ​អវត្តមាន​ពី​កិច្ចប្រជុំ​លើសពី​៣​ដង ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​។ ប៉ុន្តែ ក្នុង​ចន្លោះ​សម័យប្រជុំ​លើក​ទី​៦ ដែលមាន​រយៈពេល​៣​ខែ​កន្លងមកនេះ រដ្ឋសភា​មិនដែល​ប្រជុំ​ជាប់​គ្នា​ឲ្យ​លើសពី​៣​ថ្ងៃ​នោះទេ ដូច្នេះ​រដ្ឋសភា ពុំមាន​ហេតុផល​ណាមួយ ដើម្បី​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ឡើយ​។  

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​នៃ​រដ្ឋសភា បាន​បកស្រាយ​ថា បើទោះបីជា​រដ្ឋសភា ឈប់សម្រាក​ក៏ពិតមែន ប៉ុន្តែ​ការសិក្សា​លើ​ករណី​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅតែ​បន្ត​។ លោក ឡេង ប៉េងឡុង ពន្យល់ថា ការពិនិត្យ​ដើម្បី​ដាក់ពិន័យ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង គឺជា​ការងារ​ផ្នែក​រដ្ឋបាល ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការឈប់​សម្រាក​របស់រ​ដ្ឋ​សភា​នោះទេ​។

​លោក​សង្កត់ធ្ងន់ថា ការសិក្សា​នេះ គឺ​ផ្តោតលើ​ការ​អវត្តមាន​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​មិន​ចូលប្រជុំ​ឬ​កំហុសឆ្គង​កន្លងមក ដោយ​គិតពី​ការឈប់​សម្រាក​នៅពេល​ខាង​មុន​ឡើយ​។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បាន​បញ្ជាក់ថា បើ​រដ្ឋសភា​រកឃើញ​ចំណុច​ណាមួយ​ដែល​អាច​ពិន័យ​តំណាងរាស្ត្រ​បក្សប្រឆាំង នោះ​រដ្ឋសភា​អាច​នឹង​ចាត់វិធានការ​ជាមិនខាន​។​

​សូមរ​ម្លឹ​ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ គណៈកម្មាធិការ​អចិន្ត្រយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន ដោយ​ក្នុងនោះ ករណី​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ក៏ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​ផងដែរ​។ ចំណុច​សំខាន់ៗ​ចំនួន​២ ដែល​រដ្ឋសភា ចាប់ផ្តើម​សិក្សា ដើម្បី​ពិន័យ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង គឺ​ការមិន​ចូលប្រជុំ និង​ការប្រើប្រាស់​រថយន្ត​រប​ស់រ​ដ្ឋ​។ ភារកិច្ច​ក្នុងការ​និ​ពិ​ត្យ​ដើម្បី​ដាក់ពិន័យ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង ត្រូវបាន​រដ្ឋសភា​ប្រគល់​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានា​គារ និង​សវ​នា​កម្ម រួមទាំង​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​៕