កូន​ស្រី​លោកតា វិចទ័រ កញ្ញា វ៉ាន់ នីឡា៖ «ពេល​ខ្ញុំ​សួរ​លោក​ប៊ុត សីហា​ រឿង​មាន​កូន គឺ​គ្មាន​បំ​​ណង​អាក្រក់​​​ណា​​​មួយ​ឡើយ» (មានវីដេអូ)

(ភ្នំពេញ)៖ ឆ្លើយតបនឹងការរិះគន់ យ៉ាងច្រើនពីសំណាក់ទស្សនិកជន នាពេលកន្លងមក ជុំវិញ​ការកាន់ក្បាលមេក្រូ ឡើងកាន់តំ​ណែ​ង​ ជាពិធិការិនីក្នុងកម្មវិធីប្រគំតន្ត្រី «Expert beer» ហើយមានការខ្វះចន្លោះ លើ​ការ​រៀប​ពា​ក្យសម្តីសួរនាំ តារាចម្រៀងប្រុស​លោក ប៊ុត សីហា នោះ តារាកំប្លែងវ័យ១៨ឆ្នាំ កញ្ញា វ៉ាន់ នី​ឡា បានថ្លែងប្រាប់ Khmertalking ឲ្យដឹងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា «ខ្ញុំគិតថាសំណួរប៉ុណ្ណឹង វាគ្មា​នអ្វី​ខុស​ខ្លាំ​ងទេ តែខ្ញុំមិន​ដឹងថា គាត់​ (ប៊ុត សីហា) ចង់លាក់ប្រវត្តិ ឬយ៉ាងទេ ហើយអ្វីដែលសំខា​ន់តារា​យើ​ង គឺមិនអាចលាក់ប្រវត្តិបានឡើយ»។

តារាកំប្លែង​កញ្ញា វ៉ាន់ នីឡា បានបន្តថា «មូលហេតុដែលនាំឲ្យខ្ញុំសួរលោក ប៊ុត សីហា រឿងមាន​កូននេះ គឺមកពីនៅលើបណ្តាញសង្គមហ្វេសប៊ុក មានបង្ហោះចែករំលែកថា គាត់មានកូន ដូច្នេះ​ហើ​​យទើបខ្ញុំលើកជា សំណួរនេះ ដើម្បីសុំឲ្យគាត់បកស្រាយការពិត ពោលគឺគ្មានបំ​ណងអាក្រក់​ណា​មួយឡើយ !»។ នៅពេលអ្នកសាព័ត៌មានសួរថា តើ នីឡា មានការអាក់អន់ចិត្ត​ទេ ពេលដែ​ល​ពិធីករប្រុសលោក សាយ រតនៈ និយាយកាត់សំណួរភ្លាមៗនោះ ? ចំណុចនេះ នីឡា ឆ្លើយថា «អត់ទេ គឺមានអារម្មណ៍ធម្មតា ហើយគ្មានបំណងអ្វីត្រូវខឹងគាត់ឡើយ»។

កញ្ញា វ៉ាន់ នីឡា បាននិយាយទៀតថា «ជាបទពិសោធន៍ដំបូង ប្រសិនបើគ្មាន​​ខុសក៏គ្មានត្រូ​វដែរ​នេះជាមេរៀន និងបទពិសោធក្នុងការកែតម្រូវ ឆ្ពោះទៅរកភាពជោគជ័យថ្ងៃក្រោយ។ ម្យ៉ាងទៀត វាមិនមែនជាអាជីព ព្រោះខ្ញុំជាអ្នកកំប្លែង ហើយនៅពេលដែលឲ្យខ្ញុំ ធ្វើពិធីការនីភ្លាមៗអ៉ីចឹង គឺតែងមានការលំបាកខ្លះហើយ។ ដូច្នេះប្រសិន​ជា មានការ​ខុសឆ្គង​ត្រង់​ចំណុចណាមួយនោះ សូមការអធ្យាស្រ័យ ពីសំណាក់ពុក ម៉ែ បង ប្អូនអ្នកគាំទ្រផង ដោយសារនេះជាលើកទី១ សម្រា​ប់ខ្លួនខ្ញុំ​ផ្ទាល់ ដែលត្រូវធ្វើជាពិធីការិនី»។

ជាមួយគ្នានេះ តារាស្រីកញ្ញា វ៉ាន់ នីឡា ក៏បានបកស្រាយជុំវិញការរិះគន់ថា ​នាងចូល​សិល្បៈ​តា​ម​រយៈខ្សែបណ្តាញ ដោយមានឪពុកជាអ្នកត្រួសត្រាយផ្លូវផងដែ​រ ទើបបានតំ​ណែងជាពិធី​ការិនី​ យ៉ាងងាយដូច្នេះនោះ។ ឆ្លើយតបត្រង់ចំណុចនេះ កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «ប្រសិ​ន​បើខ្ញុំ​គ្មានសមត្ថភាព និងទេពកោសល្យទេ ក៏ប៉ាខ្ញុំមិនអាចជម្រុញ​ខ្ញុំ ឲ្យចូលសិល្បៈ​កើតដែរ។ ម្យ៉ាង​ទៀ​ត ខ្ញុំក៏មិនប្រកាន់ខឹងចំពោះទស្សនិកជន ដែលរិះគន់ដែរ ហើយក៏អរគុណបងប្រុ​ស និងបង​ស្រី​ម្នាក់ ដែលសរសេររិះគន់ ក្នុងន័យអប់រំ​ផងដែរ!»៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

រំលឹកឡើងនូវរឿងរ៉ាវ នៃបញ្ហានេះ របស់កញ្ញា វ៉ាន់ នីឡា គឺ នាងធ្លាប់បានបកស្រាយពីរឿងដែលគេថានាង ចេះដឹងរឿងប៊ុត សីហាពេក កាលពីប៉ុន្មានថ្ងៃកន្លងទៅ

រឿងរ៉ាវរបស់ តារាកំប្លែង វ៉ាន៉ នីឡា ហាក់ដូចជាមិនស្ងប់ស្ងាត់សោះ ដែលមានមតិរិះគន់តាមបណ្តាញសង្គម ថាឲ្យរូបនាងឥតឈប់ឈរ ក្រោយពីនាង បានជីកសួរទៅកាន់ តារាចម្រៀងប្រុស ប៊ុត សីហា លើរឿងកូនរបស់គាត់។

តារាកំប្លែងវ័យក្មេងរូបនេះ តែងតែចេញសារជាបន្តបន្ទាប់ ដើម្បីចង់បញ្ជាក់ប្រាប់មហាជនថា រូបនាងមិនមែនចង់មានន័យ ហែកកេរ្តិ៍ រឺក៏ចង់ដឹងរឿងលោក ប៊ុត សីហា នៅលើឆាកនោះទេ គ្រាន់តែពេលនោះ នាងចង់សាកសួរលេងតែប៉ុណ្ណោះ។

ក្នុងនោះដែរ វ៉ាន់ នីឡាបានសរសេរបកស្រាយ ក្នុងបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃនេះថា "នាងខ្ញុំនីឡា សូមជំរាបសួរដល់ អ៊ំពូមីងនិងមិត្តយុវវ័យជាទីស្រឡាញ់ មានរឿងខ្លះដែលអ្នកមិនទាន់យល់អញ្ចឹងហើយ បានជានាងខ្ញុំចេញមុខមកបកស្រាយ។ កាលពីថ្ងៃសុក្រ នាងខ្ញុំបានធ្វើជាពិធីការិនីនៅក្នុងកម្មវិធីExpert beer ហើយពេលនោះក៏មានតារាចម្រៀង លោកប៊ុតសីហាគាត់មកច្រៀងនៅក្នុងកម្មវិធីនោះដែរ ហើយនៅពេលដែលគាត់បានច្រៀងចប់ នាងខ្ញុំក៏បានឡើងទៅនិយាយលេង ជាមួយនឹងគាត់។ ថ្មីៗនេះ មានព័ត៌មានមួយបានចុះថា លោកប៊ុតសីហាបានក្លាយទៅជាប៉ារបស់គេ ចឹងហើយបានជានាងខ្ញុំចង់សួរគាត់ថា បងប្រុសមានអារម្មណ៍យ៉ាងណា នៅពេលបានក្លាយទៅជាប៉ារបស់គេ។ អ្វីដែលនាងខ្ញុំចង់សួរទៅគាត់គឺមានតែប៉ុណ្ណឹងទេ គ្មានអ្វីដែលលើសពីហ្នឹងទេ ចឹងសូមបងប្អូនទាំងអស់គ្នាកុំមានការយល់ទៀតអី ពេលខ្លះមានត្រូវមានខុស សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយ"

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload