ទីផ្សារ​មាស​ពិភពលោក​ប្រែប្រួល នាំ​ឱ្យ​មាស​នៅ​មី​យ៉ា​ន់​ម៉ា​ឡើងថ្លៃ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លេខាធិការ​នៃ​សមាគម​សហគ្រិន​មាស​ក្រុង​យ៉ាំ​ង​ហ្គោ​ន លោក​Win Myint បាន​ឲ្យ​ដឹង​ថា តម្លៃ​មាស​បាន​កើនឡើង​ដល់​៨១២.០០០​ខ្យា​ដ​ក្នុង​១​ទី​កាល់ (០.៥៧៦​អោន​) នៅ​ថ្ងៃ​ទី​១៦ មិថុនា ដែល​នេះ​ជា​តម្លៃ​ខ្ពស់​ថ្មី​មួយ ។

លោក​បាន​បន្ត​ថា កត្តា​ចម្បង​ដែល​នៅ​ពីក្រោយ​កំណត់​ត្រា​នេះ គឺជា​ការ​ប្រមូលផ្តុំ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។ តម្លៃ​មាស​នៅ​ទីផ្សារ​បច្ចុប្បន្ន​នាទី​ក្រុង​ញូ​វ​យ៉​ក មាន​តម្លៃ​ក្រោម​១.១០០​ដុល្លារ​ក្នុង​មួយ​អោន​កាលពី​ខែមករា និង​តម្លៃ​ជាង​១.៣០០​ដុល្លារ​ក្នុង​១​អោន កាលពី​ស​ប្តា​ហ៍​មុន ។

តម្លៃ​មាស​នៅ​មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​មុន ត្រូវ​បាន​ជំរុញ​ដោយ​ការ​ប្រែប្រួល​នៃ​អត្រា​ប្តូរ​ប្រាក់​ខ្យា​ដ និង​ដុល្លារ ។ ប្រាក់​ខ្យា​ដ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ទើប​ធ្វើ​ឲ្យ​គេ​ទិញ​មាស​វិញ ។

បច្ចុប្បន្ន​នេះ អត្រា​ប្តូរ​ប្រាក់​ខ្យា​ដ និង​ដុល្លារ មាន​ស្ថិរភាព​ត្រឡប់​មក​វិញ ធ្វើ​ឲ្យ​តម្លៃ​មាស​ប្រែប្រួល​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ។ ប៉ុន្ដែ ខណៈ​ដែល​តម្លៃ​មាស​នៅ​ទីផ្សារ​ពិភព​លោក​​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ភាព​មិន​ប្រាកដប្រជា​នៃ​នយោបាយ​និង​សេដ្ឋកិច្ច គឺ​ស្រ​ដៀង​គ្នា​ដែរ​ថា តម្លៃ​មាស​ក៏​ងាយ​ប្រែប្រួល​ទៅ​តាម​នោះ​ផង​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជួញដូរ​មាស ។

លោក Tin Tun ប្រធាន​សមាគម​ពាណិជ្ជករ​មាស ទីក្រុង​ម៉​ង់​ដា​ឡៃ បាន​និយាយ​ថា ៖ « សព្វ​ថ្ងៃនេះ មិន​មានការ​ប្រែប្រួល​ច្រើន​ទេ​នៅ​ក្នុង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ និង​ខ្យា​ដ ។ តម្លៃ​មាស​នៅ​មី​យ៉ា​ន់​ម៉ា​ពឹងផ្អែក​ទាំងស្រុង​លើ​តម្លៃ​មាស​ពិភពលោក ដែល​បាន​កើនឡើង និង​មានការ​ប្រែប្រួល​ច្រើន » ។

លោក​បន្ថែម​ថា តម្លៃ​នៅ​ក្នុង​មួយ​ថ្ងៃ​ប្រែប្រួល​ទៅ​តាម​ទីផ្សារ​ពិភពលោក បាន​កើនឡើង​ទ្វេ​ដង​ប្រហែល​ពី​១៥​ដុល្លារ ទៅ​៣០​ដុល្លារ​ក្នុង​១​អោន​នៅ​ខែមិថុនា ។ នេះ​ដោយសារ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដែល​វា​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​មូលធន និង​ជំរុញ​ឱ្យ​វិនិយោគិន​ងាក​មក​វិនិយោគ​លើ​មាស​វិញ ។

ការ​ភ័យ​ខ្លាច​ទាំងនេះ​បាន​លេចឡើង​នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស​បាន​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​២៣ មិថុនា កន្លង​មក ដែល​ធ្វើ​ឲ្យ​មានការ​តក់ស្លុត​តាម​រយៈ​ទីផ្សារ​ហិរញ្ញវត្ថុ និង​បង្ក​ឱ្យ​មានការ​កើនឡើង​នៃ​តម្លៃ​មាស​ភ្លាម​ៗ ។

លោក Win Myint បាន​បន្ត​ទៀត​ថា ប្រសិនបើ​តម្លៃ​មាស​លើ​ទីផ្សារ​ពិភពលោក​នៅ​តែ​ខ្ពស់ មាស​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​ទំនងជា​មិន​ធ្លាក់​ចុះ​ពី​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​ដែរ ។

លោក Tin Tun បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​សេដ្ឋកិច្ច​របស់​មី​យ៉ា​ន់​ម៉ា ដូច​ជា​អចលនទ្រព្យ ក៏​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ក្នុងស្រុក​បែរ​ទៅ​រក​ការ​វិនិយោគ​លើ​មាស​ដូច​គ្នា ៕