មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​សារ​តែ​ឆ្លង​មេរោគ ក្រោយ​ត្រូវ​សត្វ​ឆ្មា​ចិញ្ចឹម​របស់​គាត់​ខាំ។

 

មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ

 

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​វ័យ ៦៨ឆ្នាំ​រូប​នេះ ដំបូង​ឡើយ​បាន​ទៅ​មន្ទីរពេទ្យ Toronto General Hospital ស្ថិត​ក្នុងទីក្រុង Toronto ខេត្ត Ontario ប្រទេស​កាណាដា កាល​ពី​រដូវ​រងា​មុន ដោយសារ​តែ​មាន​សភាព ឈឺពោះ ខ្សោយ ញាក់ និង​ស្រក​ទម្ងន់ អស់​ជិត​១០គីឡូក្រាម។ រោគ​សញ្ញា​បែបនេះ បាន​ចង្អុល​បង្ហាញ​ថា ជា​ការ​ឆ្លង​មេរោគ​ឈាម ខណៈ​ការ​ធ្វើ​តេស្ត​កន្លងមក បាន​បង្ហាញ​ឲ្យ​ដឹង​ថា សរសៃឈាម​របស់​គាត់ បាន​រីក​ធំ​ជាង​មុន ទំហំ​៤អ៊ីញ។ ក្រោយមក អ្នក​ជំងឺ​រូប​នេះ បាន​ឆ្លង​កាត់​ការ​វះ​កាត់ ដើម្បី​ផ្លាស់​ប្ដូរ​ផ្នែក​នៃ​សរសៃ​ឈាម​របស់​គាត់ ជាមួយ​នឹង បំពង់​សរសៃ​ឈាម​សិប្បនិមិត្ត​វិញ។

 

មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ

 

ទោះ​ជា​យ៉ាង​ណា ក្រុម​គ្រូ​ពេទ្យ​នៅ​តែ​មិន​ដឹង ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ បុរស​ចំណាស់​ខាងលើ មាន​សភាព​បែបនេះ ដូច្នេះ​ក្រោយ​ពេល​វះ​កាត់​រួច ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​បុរស​ខាង​លើ ត្រលប់​ទៅ​ផ្ទះ​វិញ​ធម្មតា។ តែ​ជា​អកុសល រយៈពេល​២សប្តាហ៍​ក្រោយ​មក បុរស​ចំណាស់​រូប​នេះ​ក៏​បាន​ស្លាប់។

 

យ៉ាងណាមិញ មូលហេតុ​នៃ​ការ​ស្លាប់​របស់​គាត់ ក៏​ត្រូវ​បាន​គេ​រក​ឃើញ គឺ​បណ្ដាល​មក​ពី​ស្នាម​ខាំ​នៅ​លើ​មេដៃ ដែល​បង្ក​ឡើង​ដោយ​សត្វ​ឆ្មា​ចិញ្ចឹម​របស់​គាត់។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើ​តេស្ត​ទៅ​លើ​សរសៃ​ឈាម ក្រោយ​ពេល​គាត់​ស្លាប់ បាន​បង្ហាញ​ឲ្យ​ដឹងថា គាត់​បាន​ឆ្លង​មេរោគ Pasteurella ខណៈ​មេរោគ​មួយ​នេះ ជា​ទូទៅ​ឆ្លង​តាមរយៈ​ការ​ខាំ​របស់​សត្វ​ឆ្មា។
បើ​តាម​សម្ដី​ប្រពន្ធ​របស់​គាត់ បាន​ប្រាប់​ក្រុម​គ្រូ​ពេទ្យ​ថា គាត់​ត្រូវ​បាន​សត្វ​ឆ្មា​ចិញ្ចឹម​ខាំ មុន​ពេល​គាត់​ស្លាប់​មួយ​ខែ ប៉ុន្តែ​បុគ្គលិក​ពេទ្យ​មិន​បាន​អើ​ពើ នឹង​រឿង​នេះ​ឡើយ។

 

លោក​វេជ្ជបណ្ឌិត Dr. Dennis Cho បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ក្រោយ​ពេល​ត្រូវ​សត្វ​ឆ្មា​ខាំ លុះ​ត្រា​តែ​អ្នក​ជំងឺ មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ និង​ពិសា​គ្រឿង​ស្រវឹង​ច្រើន៕

 

ប្រែ​សម្រួល៖ សេងឡុង
ប្រភព៖ dailymail