ដើរ​ដាក់​អន្ទាក់​សត្វ​ ជាន់​លើ​មីន​ស្គរ ​ផ្ទុះ​ដាច់​ជើង​ម្ខាង​

ដើរ​ដាក់​អន្ទាក់​សត្វ​ ជាន់​លើ​មីន​ស្គរ ​ផ្ទុះ​ដាច់​ជើង​ម្ខាង​



បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​បាន​រង​របួស​ រហូត​ដាច់​ក​ជើង​ឆ្វេង​ម្ខាង ​នៅ​សល់​តែ​ឆ្អឹង​ ខណៈ​ដែល​បុរស​រូប​នេះ បាន​ដើរ​តាម​ដីចម្ការ ​ដើម្បី​ដាក់​អន្ទាក់​យក​សត្វព្រៃ ដោយ​បាន​ជាន់​ទៅលើ​គ្រាប់មីន​ស្គរ និង​ធ្វើ​ឲ្យ​ផ្ទុះឡើង ដែល​មើល​ទៅ​គួរ​ឲ្យ​រន្ធត់។

សំឡេង​ផ្ទុះ​គ្រាប់មីន​នេះ បាន​លាន់ឮ​ឡើង​កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្នំណាំសាប ស្ថិត​ក្នុង​ភូមិ អូរ​ត្រាវ​ជូរ ឃុំ សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​បាន​កាត់​ផ្តាច់​ជើង​ម្ខាង​របស់​បុរស​ម្នាក់។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ បាន​និយាយ​ថា ដីចម្ការ​នៅ​ក្នុង​តំបន់​នេះ​គឺ​ប្រជាពលរដ្ឋ​បាន​ដាំ​ដំណាំ​រៀងរាល់​ឆ្នាំ ប៉ុន្តែ​មិនដែល​មាន​បញ្ហា​អ្វី នោះ​ឡើយ លុះ​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ ក៏​ស្រាប់​តែ​មាន​ការ​ផ្ទុះ​គ្រាប់មីន​បែបនេះ​ទៅវិញ​ ដែល​ធ្វើ​ឲ្យ​ជើង​ឆ្វេង​ម្ខាង​របស់​ជនរងគ្រោះ​ត្រូវ​បាន​ដាច់​សល់​តែ​ឆ្អឹង។

ជនរងគ្រោះ​មានឈ្មោះ ឈឿន គឹមហុង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​ក្សាន្ត ឃុំ បួរ ស្រុក ភ្នំព្រឹក ដោយមាន​មុខរបរ​ដើរ​ដាក់​អន្ទាក់​សត្វ​នៅ​តាម​ដីចម្ការ និង​តាម​ព្រៃ​ ហើយក៏​បាន​ជាន់​លើ​គ្រាប់មីន​ដែល​បន្សល់​ពី​សម័យ​មុន ធ្វើ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ តែ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្នុង​ស្រុក​ដើម្បី​សង្គ្រោះ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាប់មីន​នេះ​ គឺជា​ប្រភេទ​គ្រាប់មីន​ស្គរ​ ដែល​អាច​ផ្ទុះឡើង​បាន​នៅ​ពេល​ដែល​មាន​អ្វីមួយ​ទៅ​សង្កត់​លើ​វា ហើយ​ពេលនេះ​មនុស្ស​កំពុង​ធ្វើការ​សង្គ្រោះ៕