អភិបាល​រង​ខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង

អភិបាល​រង​ខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង



ភ្នំពេញ ​៖​ ដើម្បី​ទទួល​បាន​ផ្លូវ​បេតុង​ដែល​មាន​គុណភាព​ល្អ និង​ជៀសវាង​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយ​ប្រការ​ណាមួយ ជុំវិញ​ការស្ថាបនា ផ្លូវ​បេតុង​ចូល​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង នោះ​ អាជ្ញាធរ​ខណ្ឌដង្កោ តែងតែ​យកចិត្តទុកដាក់ ចុះ​ពិនិត្យ​ការស្ថាបនា​ជា​ញឹកញាប់ និង​ចុះ​ណែនាំ និង​ជូនដំណឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​នេះ​ ឲ្យ​រុះ​រើស​​​សម្ភារៈ ឬក៏​របស់របរ​ផ្សេង​ចេញ ដើម្បី​ងាយស្រួល​ដល់​ការស្ថាបនា​ផ្លូវ​បាន​ឆាប់រហ័ស សម្រាប់​ប្រើប្រាស់។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌ​ដង្កោ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​ និង​វាស់វែង ត្រង់​ចំណុច​ផ្លូវ​ដែល​កំពុង​ស្ថាបនា។ ក្នុងនោះ​លោក​អភិបាលរង​បាន​ឲ្យ​ដឹងថា ផ្លូវ​បេតុង ដែល​ត្រូវ​ស្ថាបនា​មាន​ទំហំ ទទឹង​៣០ ម៉ែត្រ និង​បណ្តោយ ៦៥៣ ម៉ែត្រ កម្រាស់​១​តឹក​កន្លះ ប៉ុន្តែ​ស្ថាបនា​ជា​ដំណាក់កាល​បន្តបន្ទាប់ ដោយ​ដំណាក់​ទី​១ ស្ថាបនា ផ្លូវ​បេតុង ទទឹង​៧ ម៉ែត្រ បណ្តោយ ៦៥៣ ម៉ែត្រ​សិន និង​ដំណាក់កាល​បន្ទាប់​ដាក់លូ​អម​សងខាង ផ្លូវ ២​ម៉ែត្រ មុខកាត់ ១​ម៉ែត្រ ហើយ​ដំណាក់​បន្ទាប់​ក្រោយពី​ប្រជាពលរដ្ឋ​​រុះរើ​​សំយាប​ផ្ទះ ឬក៏​របស់​ផ្សេងៗ​ដែល​ប៉ះ​ផល​ដល់​ការស្ថាបនា​ផ្លូវ​ចេញ​អស់នោះ អាជ្ញាធរ​ស្ថាបនា​ឲ្យ​ត្រូវ​នឹង​ស្តង់ដារ ដែល​បានកំណត់ គឺ ទទឹង ៣០ ម៉ែត្រ បណ្តោយ ៦៥៣ ម៉ែត្រ កម្រាស់​១​តឹក​កន្លះ។

ក្នុង​ឱកាស​នោះ​លោក​អភិបាលរង​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​ស្ថាបនា​ផ្លូវ​បេតុង​នេះ ត្រូវ​គោរព​តាម​កិច្ចសន្យា នឹង​ធ្វើ​ទៅតាម​ស្តង់ដារ មិន​ត្រូវ​ធ្វើ​ដោយ​មានការ​កិបកេង​នាំ​ឲ្យ​ផ្លូវ​ឆាប់​ខូច​នៅ​ពេល​ស្ថាបនា​រួចរាល់៕
អភិបាល​រង​ខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង