ព្រឹក​ថ្ងៃ​ទី​២​កក្កដា​ នគរបាល​ខណ្ឌ​ដង្កោ​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ករណី​បទល្មើស​គ្រឿងញៀន

ព្រឹក​ថ្ងៃ​ទី​២​កក្កដា​ នគរបាល​ខណ្ឌ​ដង្កោ​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ករណី​បទល្មើស​គ្រឿងញៀន



ភ្នំពេញ​ ៖ ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ប្រាប់​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ៤​នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ករណី​បទល្មើស​គ្រឿងញៀន។

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រៃ​ស បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​មុខផ្ទះ​របស់​ឈ្មោះ សុន ភា​នី ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ជា​លទ្ធផល​ឃាត់​បាន​ជនសង្ស័យ​ចំនួន ៣​នាក់ ទី​១.​ឈ្មោះ សុន ភា​នី ភេទ​ប្រុស ទី​២.​ឈ្មោះ សុន ពិសិដ្ឋ ភេទ ប្រុស និង​ទី​៣​.ឈ្មោះ មុត ប៉ុច ភេទ​ប្រុស ​ដោយ​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មួយ​ចំនួន នាំយកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ធ្វើការ​សាកសួរ។

ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ សុន ភា​នី បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ឲ្យ​ស្គាល់​អត្តសញ្ញាណ​បក្ខពួក​ចំនួន​២​នាក់​ផ្សេងទៀត ទី​១​.ឈ្មោះ ឡេង កាំ​ង​សុធា ភេទ​ប្រុស និង​ទី​២.​ឈ្មោះ ស៊ា​ង ដន ភេទ​ប្រុស ដែល​កំពុង​រត់​គេច​ខ្លួន។ បន្ទាប់ពី​ទទួល​បាន​ចម្លើយ​នេះ​ កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​និង​៥០​នាទី សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ា​ង ដន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ត្រង់​ចំណុច​ផ្ទះជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ដោយ​ដកហូត​វត្ថុតាង រួមមាន សម្ភារៈ​ជក់​ថ្នាំញៀន​មួយចំនួន , ថង់​សម្រាប់​ច្រក​ថ្នាំ​ញៀន​លក់​មួយចំនួន​, កាបូប​លុយ​ពណ៌​ខ្មៅ​ចំនួន​១ , លុយ​ខ្មែរ​ចំនួន ១០​ម៉ឺន​រៀល នាំយកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី។ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ផ្សេងទៀត​ដែល​គេចខ្លួន សមត្ថកិច្ច​កំពុងធ្វើការ​តាមដាន​ស្រាវជ្រាវ​បន្តទៀត។

នៅក្នុង​រង្វង់​ប្រតិបត្តិការ​​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​ពី​ក្រុម​ជនសង្ស័យ រួមមាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១​កញ្ចប់ សម្ភារៈ​ជក់​ថ្នាំញៀន​មួយ​ចំនួន និង​ថង់​សម្រាប់​ច្រក​ថ្នាំ​ញៀន​លក់​មួយ​ចំនួន (​របស់​ឈ្មោះ សុន ភា​នី​) , សម្ភារៈ​ជក់​ថ្នាំញៀន​មួយ​ចំនួន និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន (​របស់​ឈ្មោះ ស៊ា​ង ដន​), កាបូប​លុយ​ពណ៌​ខ្មៅ​ចំនួន​១ , និង​លុយ​ខ្មែរ​ចំនួន ១៣​ម៉ឺន​រៀល​ផងដែរ៕

ព្រឹក​ថ្ងៃ​ទី​២​កក្កដា​ នគរបាល​ខណ្ឌ​ដង្កោ​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ករណី​បទល្មើស​គ្រឿងញៀន