វាយប្រហារ​ភេរវកម្ម​ប្រឆាំង​ប៉ូលិស​នៅ​ក្រុង​កា​ប៊ុល​ស្លាប់​30​នាក់

ការ​វាយប្រហារ​អត្តឃាត​២​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់​ប្រឆាំង​ក្បួន​រថយន្ត​ដឹក​ប៉ូលិស​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្រុង​កា​ប៊ុល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៣០​នាក់ កាលពី​ថ្ងៃ​ទី​៣០ មិថុនា ដែល​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នេះ​កើត​មាន​នា​ឱកាស​បុណ្យ​ស្រាយ​បួស​រ៉ា​ម៉ា​ដាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ការ​វាយប្រហារ​នេះ​កើត​មាន​ពេល​រថយន្ត​បឺស​៥​គ្រឿង​បើក​មក​ពី​បណ្ឌិតសភា​ប៉ូលិស​នៅ WARDAK ភាគ​ខាងលិច​រដ្ឋធានី​ចូល​មក​ដល់​ក្រុង​កា​ប៊ុល ។ ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ការ​វាយប្រហារ​ប្រឆាំង​ក្បួន​រថយន្ត​ប៉ូលិស ទើប​ទទួល​សញ្ញាប័ត្រ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣០​នាក់ និង​របួស​៥៨​នាក់ ។ ការ​វាយប្រហារ​ប្រព្រឹត្ត​ដោយ​ជន​អត្តឃាត​២​នាក់ ម្នាក់​ថ្មើរជើង និង​ម្នាក់​ទៀត​ជិះ​រថយន្ត ។

ពួក​តា​លី​បង់​ដែល​បង្កើន​ប្រតិបត្តិការ​នៅ​តាម​កន្លែង​ជា​ច្រើន​របស់​ប្រទេស​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​ប្រកាស​ភ្លាម​ៗ​ថា​នេះ​ជា​ស្នាដៃ​ពួក​គេ ។

ក្នុង​ការ​វាយប្រហារ​រថយន្ត​បឺស​ទាំង​៥​គ្រឿង​សុទ្ធតែ​រង​ការ​ប៉ះពាល់​ទាំងអស់ ។ ក្នុង​ចំណោម​រថយន្ត​ទាំង​៥​គ្រឿង មួយ​គ្រឿង​រង​ការ​កម្ទេច ហើយ​ត្រូវ​ភ្លើង​ឆេះ រួច​រថយន្ត​មួយ​គ្រឿង​ទៀត​ខ្ទេច​អស់​ផ្នែក​ខាង​មុខ ចំណែក​រថយន្ត​ឯទៀត​ៗ​បែក​កញ្ចក់ ។

រថយន្ត​បឺស​ទាំងនេះ​ដឹក​ប៉ូលិស​ដែល​ទើប​រៀន​ចប់​ទទួល​សញ្ញាប័ត្រ​មក​កាន់​ក្រុង​កា​ប៊ុល​ចូលរួម​ក្នុង​ពិធីបុណ្យ​ស្រាយ​បួស​រ៉ា​ម៉ា​ដាន​នា​ដើម​ស​ប្តា​ហ៍​ខាង​មុខ ។ ជន​អត្តឃាត​ទាំង​២​នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​បន្តបន្ទាប់​គ្នា ។ ការ​ផ្ទុះ​ទី​២​កើត​មាន​ពេល​មនុស្ស​ម្នា​រត់​មក​ជួយ​ជន​រង​គ្រោះ ដោយសារ​ការ​ផ្ទុះ​លើក​ទី​មួយ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​តា​លី​បង់​អះអាង​ថា មានការ​វាយប្រហារ​ទុក្ករកម្ម​២​នៅ​ក្រុង​កា​ប៊ុល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥០​នាក់ ហើយ​ច្រើន​សិប​នាក់​រង​របួស ។

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​អា​ស្ត្រា​វ ហ្គា​នី បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​វាយប្រហារ​នេះ ដោយ​លោក​ចាត់​ទុក​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។ លោក​ចេញ​បញ្ជា​ដល់​ក្រសួងមហាផ្ទៃ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​រៀបចំ​ដឹក​ជញ្ជូន​ប៉ូលិស​ថ្មី​ទាំងនេះ ហើយ​ចាត់វិធានការ​ក្នុង​ករណី​មានការ​ធ្វេសប្រហែស ៕