នាំ​មិត្តភក្តិ​យកទៅសម្លាប់ កាត់ទោស​ដាក់​គុក​មួយ​ជីវិត​

រាជធានីភ្នំពេញ ៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​លី លឹ​ម​ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ២០១៦ បាន​សម្រេច​ប្រកាស​សាល​ក្រម​លើ​សំណុំរឿង ឃាតកម្ម​គិត​ទុកជា​មុន ​ដែល​មាន​ជនជាប់ចោទ​​ឈ្មោះ​សោម គឹ​ម​ស៊ា​ន ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ជា​​ចាងហ្វាង​កាសែត​ឈ្មោះ «​សុវណ្ណ​នគរ» ដែលគេ​មិន​សូវ​ស្គាល់ ​សម្រេច​ដាក់​ពន្ធនាគារ​​អស់​មួយ​ជីវិត តាម​​មាត្រា​២០០​​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​ នៅ​ចំណុច​ដី​វាល​គំនរ​​សំរាម​ផ្លូវ​៣៧១ ក្នុង​ភូមិ​អូរ​បែក​ក្អម​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៣​ ឧសភា ​ឆ្នាំ​២០១៥​ ។

ជនជាប់ចោទ​ឈ្មោះ​សោម គឹ​ម​ស៊ា​ន ​បាន​ឆ្លើយ​បដិសេធ​ចម្លើ​យ​នៅ​ប៉េអឹម​ទាំងអស់ ជនជាប់ចោទ​បន្ត​ថា ​គឺ​ខ្លួន​មិន​បាន​សម្លាប់​ឈ្មោះ​​ស្រ៊ុ​ន សុភ័ក្ត្រទេ គឺ​ខ្លួន​បាន​ស្គាល់ឈ្មោះ​ម៉ា​ប់​ និង​ឈ្មោះ​បូរ ហើយ​ឈ្មោះ​ម៉ា​ប់​ បាន​តេ​មក​សួរ​ខ្ញុំ​ថា ​ខ្លួន​ចង់​ប្រចាំ​រថយន្ត​តែ​ពេល​យក​​ទៅ​ដល់​កន្លែង​បញ្ចាំ​ណា​ហ្គា​វើ​ល ​រថយន្ត​មិន​មាន​ឯកសារ​គេ​មិន​យក ហើយ​ក៏​បាន​យក​ទៅ​បញ្ចាំ​ជ្រៃ​ធំ​បាន​ប្រាក់​៥០០០​ដុល្លារ ។

ជនជាប់ចោទ​ឈ្មោះ​សេង ផា​រ៉ា​ដា ហៅ​ម៉ា​ប់ ​ចៅក្រម​សម្រេច​​ដាក់​ពន្ធនាគារ​អស់​មួយ​​ជីវិត ​និង​ជនជាប់ចោទ​ឈ្មោះ​សួន សារាយ ហៅ​បូរ​ចៅក្រម​​សម្រេច​ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត​បាន​រត់គេច​ខ្លួន និង​​ចេញ​ដីការ​បង្គាប់​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង​ពរ និង​បង្គាប់​ឱ្យ​​ជនជាប់ចោទ​ទាំង​៣​នាក់ ​សង​សំណង​ទៅ​ដើមបណ្តឹង​៩០​លាន​​រៀល ។

តាម​របាយការណ៍​សមត្ថកិច្ច​បាន​​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ​សោម គឹ​ម​ស៊ា​ន អាយុ​៣៧​ឆ្នាំ ជា​ចាងហ្វាង​កាសែត​​សុវណ្ណ​នគរ និងបក្ស​ពួក​២​នាក់​ទៀត ដែល​គេចខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​ឈ្មោះ​បូ និង​ឈ្មោះ​ម៉ា​ប់​ ។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ស្រ៊ុ​ន សុភ័ក្ត្រ ហៅ​លាង ជា​បុគ្គលិក​ក្រុមហ៊ុន​កាក់​វៃ​​ហួរ និង​ជា​អ្នក​រត់ការ​ឯកសារ​ឱ្យ​​រោងចក្រ​កាត់ដេរ ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​​ជាមួយ​ក្រុម​ជន​ដែ​ដល់​ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ​ឧសភា ឆ្នាំ​២០១៥ គេ​បាន​ប្រទះ​ឃើញ​សាកសព​មួយ ​ត្រូវ​បាន​គេ​សម្លាប់​ច្រក​ក្នុង​កា​រ៉ុ​ង រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​មាត់​ប្រឡាយ​ទឹក ស្ថិត​នៅ​ក្នុងភូមិ​អូ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​យ៉ាង​អាថ៌​កំបាំង​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៦ ​ឧសភា កងរា​ជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ឈ្មោះ​សោម គឹ​ម​ស៊ា​ន ។

សោម គឹ​ម​ស៊ា​ន បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​ខ្លួន​បាន​រៀបចំ​ផែនការ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ស្រ៊ុ​ន សុភ័ក្ត្រ​ ហៅ​លាង អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន កាក់​វៃ​ហួរ និង​ជា​អ្នក​រត់​ឯកសារ​ឱ្យ​​រោងចក្រ​កាត់ដេរ ដោយ​ពួក​គេ ​និង​ជន​រង​គ្រោះ ​គឺជាអ្នក​ស្គាល់គ្នា ហើយ​ឈ្មោះ​ម៉ា​ប់​ ជា​មិត្ត​ភក្តិ​ជិតដិត​បំផុត​ ជាមួយ​ជន​រង​គ្រោះ ទើប​នៅ​ថ្ងៃ​ទី​២២ ​ឧសភា ​២០១៥ ឈ្មោះ​ម៉ា​ប់​ បាន​លួងលោម​​ជន​រង​គ្រោះ​ទៅ​ផឹកស៊ី​ចូល​ច្រៀង​ខារ៉ាអូខេ​ នៅ​ម្តុំ​បឹង​ត្របែក ។

សោម គឹ​ម​ស៊ា​ន បន្ត​ថា ឱ​កាស​នោះ ​ពេល​ជន​រង​គ្រោះ​ចូល​បន្ទប់ទឹក ឈ្មោះ​ម៉ា​ប់ បាន​ដាក់​ថ្នាំង​ងុយ​​ដេក​ចូល​ក្នុង​កែវ​ស្រា​​ជន​រង​គ្រោះ ហើយ​បន្ត​ផឹក​រហូត​ដល់​ជន​រង​គ្រោះ​ស្រវឹង​ទន់​ខ្លួន​ខ្លាំង ទើប​ពួក​គេ​ទាំង​៤​នាក់​ឈប់​ផឹក រួច​នាំ​គ្នា​ឡើង​រថយន្ត​ជន​រង​គ្រោះ ហើយ​បើករថយន្ត​ចេញ​ទៅ រហូត​ដល់​កន្លែង​ស្ងាត់ ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្មភាព ដោយ​រូបគេ បាន​យក​ខ្សែ​លី​ឡុ​ង​ខ្មៅ​រឹត​ក​ជន​រង​គ្រោះ ហើយ​ឈ្មោះ​បូ ជា​អ្នក​ចាំ​ជួយ​។ ក្រោយ​ពេល​សម្លាប់​ហើយ ពួក​គេ​បាន​យក​សព​ច្រក​ក្នុង​កា​រ៉ុ​ង រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​ខាងលើ​ ។

បន្ទាប់​មក​ពួក​គេ​បាន​យក​រថយន្ត​ជន​រង​គ្រោះ ទៅ​បញ្ចាំ​នៅ​កុងស៊ី NAGA តែ​គេ​មិន​ទទួល ព្រោះ​រថយន្ត​គ្មាន​ឯកសារ បន្ទាប់​មក នៅ​ថ្ងៃ​ទី​២៣ ​ឧសភា ឆ្នាំ​២០១៥ រូប​ខ្លួន និង​ឈ្មោះ​បូ បាន​យក​រថយន្ត​នោះ ទៅ​បញ្ចាំ​នៅ​កាស៊ីណូ Crown ស្ថិត​នៅ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល តែ​កុងស៊ី​នៅ​ទីនោះ ​មិន​ទទួល​ទៀត និង​ចុង​ក្រោយ​យក​ទៅ​បញ្ចាំ​នៅ​កន្លែង​ផ្ទេរ​ប្រាក់​វី​ង ក្បែរ​កាស៊ីណូ Crown បាន៥.០០០$ ហើយ​ធ្វើការ​បែងចែក​គ្នា ដោយ​ខ្លួន​បាន​លុយ ១.១៥០$, ឈ្មោះ​បូ បាន​លុយ១.១០០$ និង​ឈ្មោះ​ម៉ា​ប់ ទារ​ចំណែក​ច្រើន​ជាងគេ គឺ​បាន២.៧៥០$ ព្រោះ​វា​ជា​អ្នក​ខំ​អន្ទង​ជន​រង​គ្រោះ​មក​ច្រៀង​ខារ៉ាអូខេ​។