រឿង​ក្តី​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​៣​រូប​ត្រូវ​បាន​ប្រកាស​សាលក្រម

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៦ សាលាដំបូង​ខេត្តកោះកុង​បាន​ប្រកាស​សាលក្រម​តាម​ការ​កំណត់​របស់​ខ្លួន បន្ទាប់​ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ ទៅ​លើ​សំណុំរឿង​ដែល​មាន​ដើមបណ្តឹង គឺ ១-​អភិបាលស្រុក​បទុម​សាគរ ២-​ក្រុមហ៊ុន​បូម​ខ្សាច់ ដាយ​រិច​អា​សេស (Direc Acec) ចោទ​ទៅ​លើ​សកម្មជន​៣​រូប​របស់​អង្គការ​មាតា​ធម្មជាតិ ១-​ឈ្មោះ ស៊ី​ម សំណាង ២-​ឈ្មោះ សាន់ ម៉ា​ឡា ៣-​ឈ្មោះ ទ្រី សុ​វិកា ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៥ កន្លង​ទៅ។

នៅ​ក្នុង​ខ្លឹមសារ​នៃ​សាលក្រម​ដែល​ចេញ​ដោយ​លោក មីន មក​រា ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​បាន​សម្រេច​ថា ៖

១-​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ចុង​ចម្លើយ​ទាំង​៣​រូប រយៈពេល​១៨​ខែ យោង​តាម​មាត្រា​ទី​២៨, ១០៤ និង​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អនុវត្ត​ទោស​រយៈពេល​១០​ខែ និង​១៥​ថ្ងៃ ហើយ​រយៈពេល​៧​ខែ​១៥​ថ្ងៃ​ទៀត គឺជា​រយៈពេល​ព្យួរទោស ។

២-​ចំពោះ​សំណង​រដ្ឋប្បវេណី​យ៍​ចុង​ចម្លើយ​ត្រូវ​ផ្តល់​សំណង​ជា​ប្រាក់​ចំនួន​១០០​លាន​រៀល​ទៅ​ដើមចោទ និង​២​លាន​រៀល​ទៀត ត្រូវ​បង់​ចូល​ថវិការដ្ឋ ដោយ​ចោទ​ថា ជា​អ្នក​ផ្តើមគំនិត​គំរាមកំហែង និង​ធ្វើ​ឱ្យ​ខូចខាត​ភ្ជាប់​បញ្ជា​អ្វីមួយ ។ សាលក្រម​នេះ បើកផ្លូវ​ឱ្យ​ចុង​ចម្លើយ​ប្តឹង​ឧទ្ទ​រណ៍​រយៈពេល​១​ខែ ។

តាម​ការ​បំភ្លឺ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​មក​ពី​សហគមន៍​នេសាទ និង​សហគមន៍​ដីធ្លី​ចំនួន​៥​សហគមន៍ ដែល​បាន​លើកគ្នា​មក​រង់ចាំ​ស្តាប់​ការ​ប្រកាស​សាលក្រម​នេះ បាន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​ទទូច​សុំ​ឱ្យ​មានការ​ដោះ​លែង​ជា​បន្ទាន់ បន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​ប្រកាស​ចប់ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​ចុង​ចម្លើយ​ទាំង​៣​រូប មិន​បាន​បង្ហើប​ពី​នីតិវិធី​ដែល​ត្រូវ​ដើរទៅ​មុខ​ទៀត​ឱ្យ​ក្រុម​អ្នក​ព័ត៌មាន​ដឹង​ឡើយ ៕