ប្តឹង​ចុះប្តឹងឡើង សងវិញដដែល​

រាជធានីភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ពោត​១​គ្រឿង ត្រូវ​​ម្ចាស់​ពោត​តាម​​ឃាត់​ទុក​ប្រគល់​ទៅ​ឱ្យ​​នគរ​បាល​ជួយ​រក​ដំះ​ស្រាយ ដោយ​​ចោទ​ថា​ រថយន្ត​ខាងលើ​ស៊ីឈ្នួល​ដឹក​ពោត​មានការ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​ជ្រុះ​បាត់​ពោត​ជា​ច្រើន​បាវ មាន​ទម្ងន់​៧​តោន គិត​ជា​ទឹក​ប្រាក់​ចំនួន​៣,៨៥៨.០០០​រៀល ​។

​នៅ​ពេល​កើត​ហេតុ​ភ្លាម មានការ​ដោះស្រាយ​គ្នា​ភ្លាម ដោយ​​មាន​ទាំង​កិច្ចសន្យា​​សង​ប្រាក់​ថែម​ទៀត​ ។ ប៉ុន្តែ​ពេល​ដល់​ថ្ងៃ​កំណត់ ភាគី​ម្ចាស់​រថយន្ត​មិន​ព្រម​សង និង​បាន​ព្យាយាម​គេចវេស​រហូត ចំណែក​ភាគី​ម្ចាស់​ពោត​បាន​ទាក់​ទង​ឱ្យ​​ចូល​ដោះស្រាយ​គ្នា​ជា​ថ្មី​ដែរ ប៉ុន្តែ​មិន​ព្រម​ចូល ទើប​តាម​ស្វែងរក ជា​បន្តបន្ទាប់​រហូត​ប្រទះ​ឃើញ​រថយន្ត នោះ​កំពុង​បើក​តាម​ផ្លូវ ក៏​បាន​ឃាត់​ទុក​និង​ប្ដឹង​ឲ្យ​នគរបាល ចុះ​ទៅ​នាំ​យក​ទៅ​រក្សា​ទុក​ដោះស្រាយ​គ្នា​។

ការ​ឃាត់​រថយន្ត​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០១ ​កក្កដា ​២០១៦ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​ ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

រថយន្ត​យី​ឌុ​ប​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​3A-​0654 ដែល​មាន​ម្ចាស់​ឈ្មោះ​ម៉ៅ រ៉ា ភេទ​ប្រុស​ អាយុ​​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្មុ​ង​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល​ ។ រថយន្ត​នោះ ​បាន​ស៊ីឈ្នួល​ដឹក​ពោតឱ្យ​​ឈ្មោះ​លី ណា មាន​ទីលំនៅ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​ ។

នគរបាល​បានឱ្យ​​ដឹង​ថា ហេតុ​ការ​ណ៏​ជ្រុះ​បាត់​ពោត​នោះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដោយនៅ​ក្នុង​ខណៈនោះ ឈ្មោះ លី ណា បាន​ជួល​រថយន្ត​ខាងលើ ឲ្យ​ទៅ​ដឹក​ពោត​នៅ​តំបន់​ភ្នំ ក្នុងភូមិ​សាស្ត្រ ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បី​យក ទៅ​លក់​នៅ​ឯ​ប្រទេស​ថៃ ដោយ​គិត​ឈ្នួល​ដឹក​ក្នុង​១​តោន​៩៥,០០០​រៀល​។

ពេល​នោះ​ពោត​ដែល​ត្រូវ​ដឹក តាម​រថយន្ត​ខាងលើ មាន​ចំនួន​២៨​តោន លុះ​ពេល ដឹក​ចេញ​ទៅ​ព្រំដែន​ថៃ បាន​ឡើង​ជញ្ជីង​ដើម្បី​ថ្លឹង​ទម្ងន់ ស្រាប់តែ​បាត់​អស់​៧​តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៣,៨៥៨,០០០​រៀល ទើប​មានការ​ភ្ញាក់ផ្អើល​។ ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បាន​អះអាង​ថា ស្ថានភាព​ផ្លូវ​លំបាក​ពេក ធ្វើ​ឲ្យ​រថយន្ត​បាក់​សន្ទះ​ទ្រុង​ខាងក្រោយ ទើប​បណ្ដាល​ឲ្យ​ជ្រុះ​ពោត​ដោយ មិនដឹង​ខ្លួន ហើយ​ម្ចាស់​ពោត បាន​ដាក់​ពាក្យបណ្ដឹង នៅ​ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​ឲ្យ​ម្ចាស់​រថយន្ត ចេញ​សំណង​ក្នុង​ការ​បាត់បង់​នោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​មានការ​ប្ដឹងផ្ដល់​ពី​សំណាក់ ម្ចាស់​ពោត​នគរបាល​បាន​ហៅ​ទៅ​ធ្វើ ការ​ដោះស្រាយ​គ្នា ហើយ​ម្ចាស់​រថយន្ត​បាន ទទួលស្គាល់​ការ​ពឹត និង​ព្រម​ចេញ​សំណង ជា​ប្រាក់​ចំនួន ៣,៨៥៨,០០០​រៀល​នោះ ដោយ​សន្យា​សង​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៦ គឺ​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ប៉ុន្តែ ពេល​ដល់​ថ្ងៃ​កំណត់​ភាគី​ម្ចាស់​រថយន្ត កិន​បាន​គោរព​តាម​កិច្ចសន្យា​ឡើយ បាន​គេចវេស​រហូត ហើយ មក​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ រថយន្ត​ខាងលើ​បាន​ទៅ​ដឹក ចំណី​សត្វ​នៅ​ក្រុមហ៊ុន ស៊ី​ភី ក្នុងភូមិ​សាស្ត្រ ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៏​ត្រូវ​បាន​ម្ចាស់​ពោត ប្រទះ​ឃើញ​ហើយ ពេល​ត្រឡប់​ចេញពី​ក្នុង​ក្រុមហ៊ុន ផលិត​ចំណី​សត្វ ស៊ី​ភី ក៏​បាន​តាម​ឃាត់​បាន នៅ​ចំណុច កែង​ផ្លូវ​អូរ​ដឹ​ម​កប់ ស្រូវ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោ​ឃាត់​បាន​ម្ចាស់​ពោត បាន​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ចោម​ចៅ ចុះ​ទៅ​នាំ​យក​រថយន្ត​នោះ ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ប៉ុន្តែ​ការ​ដោះស្រាយ​នា​វេលា​យប់ នោះ​មិន​បាន​ត្រូវរ៉ូវ​គ្នា​ឡើយ ដោយនៅ​ខណៈនោះ ម្ចាស់​រថយន្ត​បាន​ប្ដឹង​បក​វិញ ដោយ​បាន​ចោទ​ទៅ​ខាង ម្ចាស់​ពោត​ថា បោកប្រាស់​ខ្លួន ដែល​ការ​ស៊ីឈ្នួល​ដឹក​ពោ​យ​នោះ គាត់​មិន​បាន​កំណត់​ថ្លៃ​ឈ្នួល​ដឹក​ឡើយ​។

ដោយ​ការ​រាប់អាន​គ្នា ឈ្នួល​ដឹក​ស្រេច​តែ​ម្ចាស់​ពោ​យ​ឲ្យ​ទេ ហើយ​ពេល​ហៅ​រថយន្ត​ទៅ​ដឹក​បាន ប្រាប់​ថា​ផ្លូវ ស្រួល​ទើប​គាត់​ព្រមទៅ​ជួយ​ដឹក លុះ​ពេល​ទៅ​ដល់​ផ្លូវ​ដូច​ទៅ​ឋាននរក ឡើង​ភ្នំ​ចុះ​ភ្នំ​ទើប​បណ្ដាល​ឲ្យ បាក់​សន្ទះ​ទ្រុង​ជ្រុះ​បាត់​ពោត ហើយ​ឱ្យ​​គាត់​សង​ពេញ​ថ្លៃ ។

​ពេល​នេះ​គាត់​សុំ​ប្ដឹង​វិញ ពី​បទ​បោក​បញ្ឆោត ឲ្យ​គាត់​ទៅ​តាម​ផ្លូវ​លំបាក ត្រូវ​ខូចខាត​រថយន្ត បែក​ប៉ុង​រថយន្ត និង​ទារ​សំណង​ចំនួន​១៥០០ ដុល្លារ​វិញ ហើយដោយ​ការ​ប្ដឹង​ទៅ​ប្ដឹង​មក ទើប​ការ​ដោះស្រាយ​នោះ បាន​អូស​បន្លាយពេល រហូត​មក​ដល់​វេលា​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ប៉ុន្តែ​ក្រោយ​ពេល​មានការសម្របសម្រួល ពី​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ទើប​ត្រូវរ៉ូវ​គ្នា​ហើយ​ខាង​ម្ចាស់​រថយន្ត​ព្រម​សង ទៅ​ខាង​ម្ចាស់​ពោ​ចំនួន​៣,៨០០,០០០​រៀល ដើម្បី​បញ្ចប់រឿង​៕