ប្រទះឃើញ​សាកសព​លង់​ទឹកស្លាប់ សល់​តែ​គ្រោងឆ្អឹង​

ប្រទះឃើញ​សាកសព​លង់​ទឹកស្លាប់ សល់​តែ​គ្រោងឆ្អឹង​



កណ្ដាល ​៖ ​សាកសព​សល់​តែ​គ្រោងឆ្អឹង​អណ្ដែត​ក្នុង​ទន្លេ​ ដែល​អ្នកនេសាទ​ប្រទះឃើញ​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​១៦និង៥៦​នាទី​ ក្នុង​ភូមិ​ព្រែក​តា​ទៀង ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្ដាល​ ត្រូវ​បាន​គេ​អះអាង​ថា មនុស្ស​វិកលចរិត​ស្លាប់​ដោយ​ការ​លង់ទឹក។

នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ ម៉ឺយ រ៉ាម៉ន ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ (​មនុស្ស​វិកលចរិត​)​មាន​ទី​លំនៅៗ​ភូមិ​ចុង​កោះ​ថ្មី ឃុំ​កោះធំ​(​ក​) ស្រុក កោះធំ​ខេត្ត​កណ្ដាល (​ស្លាប់​)។

នគរបាល​បញ្ជាក់​ថា នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦និង៥៣​នាទី ប្រជាជន​នៅ​ភូមិ​ព្រែក​តា​ទៀង បាន​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​ស្អុយរលួយ រសាត់​តាម​កំប្លោក ក្នុង​ទឹកទន្លេ​បាសាក់ ​រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ​តាកែវ និង​លោក​អធិការ​នគរបាល​ស្រុក​កោះធំ។

ក្រោយពី​បាន​ទទួល​ព័ត៌មាន ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​ទៅដល់​កន្លែង​កើត​ហេតុ រួច​បាន​បង្កើត​គណៈកម្មការ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល គ្រូពេទ្យ និង​ផ្នែក​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញ​ថា​ សាកសព​ជនរងគ្រោះ​មាន​សភាព​ស្អុយរលួយ​នៅតែ​គ្រោងឆ្អឹង​ជាប់​សាច់​តិចៗ​ពុំ​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា ​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​មូលហេតុ​អ្វី​ឡើយ។

យោង​តាម​ការ​អះអាង​របស់​ឈ្មោះ​ឡូយ​ម៉ឺ​យ​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ថ្មី ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ បាន​អះអាង​ថា ​សាកសព​ជនរងគ្រោះ​គឺជា​កូន​របស់​គាត់​ឈ្មោះ​ម៉ឺ​យ រ៉ា​ម៉ន ដោយ​សំអាង​លើ​ខោ​ដែល​ជន​រងគ្រោះ​ស្លៀក ​ដែល​បាន​រត់​ចេញ​ពីផ្ទះ​កាលពី​ថ្ងៃទី​១០​ខែមិថុនា​ ឆ្នាំ២០១៦ ​ដោយមាន​ជំងឺ​សរសៃប្រសាទ​ ហើយ​បាត់​រក​មិន​ឃើញ​រហូត​មកដល់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១៦ ទើប​ទទួល​បាន​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល។ សំអាង​លើ​សាក្សី​ជា​សាច់ញាតិ​បញ្ជាក់​អំពី​ជំងឺ​ជនរងគ្រោះ​គណៈកម្មការ​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​។ ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​ បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រទះឃើញ​សាកសព​លង់​ទឹកស្លាប់ សល់​តែ​គ្រោងឆ្អឹង​