​ក្រសួង​ឲ្យ​​ស្ថាប័ន​​សារព័ត៌​មានរង់ចាំ​ចំណាត់​ការ​លើករណី​មិន​ប្រើ​ប្រាស់គោរមងារ​

មន្ត្រីក្រសួងព័ត៌មានបានផ្ញើសារឲ្យស្ថាប័នសារព័ត៌មានរង់ចាំចំណាត់ការរបស់ក្រសួង ករណីមិនគោរពតាមការណែនាំរបស់ក្រសួងស្តីពីការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទព័ត៌មាន។

ក្រសួងបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។ រហូតមកមកដល់ថ្ងៃទី១ ខែកក្កដានេះ សារព័ត៌មានដែលមិនធ្លាប់ប្រើគោរមងារថ្នាក់ដឹកនាំ នៅតែរក្សាការសរសេរដោយហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬលោក ហ៊ុន សែន ដដែល ដូចជាកាសែតភ្នំពេញប៉ុស្តិ៍ ខេមបូឌា ដេលី ខ្មែរថាមស៌ វិទ្យុអាស៊ីសេរី វិទ្យុVOA និងវិទ្យុបារាំងជាដើម។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់វីអូឌីនៅថ្ងៃទី១ខែកក្កដានេះថាលោកមិនអធិប្បាយច្រើនលើបញ្ហាដែលស្ថាប័នសារព័ត៌មានមិនគោរពតាមការណែនាំរបស់ក្រសួងនោះទេ តែលោកបានផ្ញើសារឲ្យសារព័ត៌មានទាំងនោះចាំមើលពីចំណាត់ការរបស់ក្រសួង។ លោកមានប្រសាសន៍ថា៖“បើសិនជាអង្គការព័ត៌មានដែល ទទួលបានការណែនាំតែគាត់មិនធ្វើតាម ប្អូនចាំស្តាប់លទ្ធផលព្រោះអីថ្ងៃហ្នឹងទើបចេញដំបូង ប្អូនចាំស្តាប់លទ្ធផលទៅតែកុំស្រែក”។

អ្នកសម្របសម្រួលនៃវិទ្យុអាស៊ីសេរី លោក យាង សុជាមេត្តា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថារហូតមកដល់ពេលនេះ ស្ថាប័នព័ត៌មានរបស់លោកមិនប្រើគោរមងារថ្នាក់ដឹកនាំនៅក្នុងអត្ថបទព័ត៌មាននោះទេ។ លោកមានប្រសាសន៍ថា៖ ”យើងមិនទាន់មានការសម្រេចអីទេមែនទែនទៅ  គឺដូចតែពីមុនអញ្ចឹង។ យើងមិនទាន់សម្រេចថាយ៉ាងម៉េចនៅឡើយទេមកទល់ពេលនេះ”។

នៅពេលសួរថាតើស្ថាប័នអាស៊ីសេរីបារម្ភពីចំណាត់ការរបស់ក្រសួងព័ត៌មានឬទេ លោក យាង សុជាមេត្តា មានប្រសាសន៍ថាចាំមើលវិធានការរបស់ក្រសួងលើករណីនេះ។

លោក អ៊ុក គឹមសេង ធ្លាប់ប្រាប់វីអូឌីតាមការយល់ឃើញរបស់លោកថាស្ថាប័នសារព័ត៌មានគួរពិនិត្យពីការប្រើពាក្យសម្តេច ហ៊ុន សែន នៅក្នុងអត្ថសារព័ត៌មាន បើទោះមិនបានប្រើពេញលេខតាមគោរមងារដែលព្រះមហាក្សត្រប្រទាន។ លោកបញ្ជាក់ថាប្រសិនបើមិនមានការប្រើប្រាស់គោរមងារតាមការកំណត់ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់។ លោកមានប្រសាសន៍ថា៖ “បើយើងនាំគ្នាសហការធ្វើតាមការណែនាំរបស់ក្រសួង ព្រោះអីក្រសួងណែនាំហ្នឹងក៏មិនមែនក្រសួងធ្វើដោយចិត្ដឯងដែរគឺដោយសារស្រុកយើងមានព្រះរាជក្រឹត្យមានអី។ល។ ដែលផ្ដល់គោរមងារ។ អញ្ចឹងហើយយើងសុំឲ្យមានការសហការធ្វើបែបនេះ ឧទាហរណ៍ថាប្រសិនបើធ្វើអត់បានទេអើ ក្រសួងក៏មិនដឹងទៅចាប់បង្ខំម៉េចដែរ តែក្រសួងមានវិធានការតាមដែលអាចធ្វើទៅបាន”។ លោកបញ្ជាក់ថាវិធានការនោះអាចជាការបញ្ឈប់អាជ្ញាប័ណ្ណឲ្យផ្សព្វផ្សាយជាដើម៕

ប្រភពៈ VOD