កង​ម៉ា​រី​ន​អីុតា​លី​រក​ឃើញ​សាកសព​ជនអន្តោប្រវេសន៍​ច្រើន​រយ​នាក់​ក្នុង​ខ្មោច​នាវា​មួយ

តាម FACEBOOK កង​ម៉ា​រី​ន​អីុ​តា​លី​នា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា បង្ហាញ​ពី​ការ​នាំ​មក​ដល់​កោះ​ស៊ី​ស៊ី​ល​នូវ​ខ្មោច​នាវា​មួយ​ដឹក​ពួក​អន្តោប្រវេសន៍​ដែល​លិច​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដោយ​ក្នុង​នាវា​នោះ​មាន​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់ ចំណែក​នារី​១០​នាក់ ប្រទះ​ឃើញ​ស្លាប់​លើ​កាណូត​មួយ​ក្នុង​ដែនទឹក​លី​ប៊ី ។

យោង​តាម​រូបភាព​ទាំងឡាយ​បញ្ជូន​ដោយ​កង​ម៉ា​រី​ន​អីុ​តា​លី គេ​ឃើញ​នាវា​មួយ​ដែល​សម្បក​របស់​វា​លាប​ពណ៌​ខៀវ ក្រោយ​ពី​ត្រាំ​ក្នុង​ទឹកសមុទ្រ​ជាង​១​ឆ្នាំ​ក្នុង​ជម្រៅ​៣៧០​ម៉ែត្រ ត្រូវ​បាន​នាំ​មក​ដល់ AUGUSTA ភាគ​ខាងកើត​ស៊ី​ស៊ី​ល​នា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ។ នាវា​នេះ​ត្រូវ​យក​មក​ដាក់​ក្នុង​ជម្រក​មួយ​បង្កើត​ឡើងជា​ពិសេស​ឯ​មូលដ្ឋាន​មួយ​របស់​អូតង់​នៅ MELILI ជិត​ក្រុង AUGUSTA ។ ពួក​អ្នកឯកទេស​ដែល​ពាក់​ម៉ាស់​ការពារ​ឧស្ម័ន ព្រមទាំង​សម្លៀក​បំពាក់​ការពារ​មេរោគ​មាន​ភារកិច្ច​ធ្ងន់ធ្ងរ​យក​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់​ចេញពី​នាវា​នេះ ។

នា​យប់​ថ្ងៃ​ទី​១៨ មក​១៩ មេ​សា ឆ្នាំ​២០១៥ នាវា​ដឹក​លើស​ចំណុះ​នេះ​បាន​លិច​ក្រោយ​ពី​បុក​នាវា​កា​ហ្គោ​ព័រ​ទុ​យ​ហ្គា​ល់​មួយ​គ្រឿង ដែល​មក​ជួយ​សង្គ្រោះ ។ ការ​លិច​នាវា​នេះ​នៅ​សល់​អ្នក​រស់រាន​មានជីវិត​តែ​២៨​នាក់ ។ អ្នក​ទាំងនេះ​រៀបរាប់​ថា ក្នុង​នាវា​ដែល​ពួក​គេ​ជិះ​មាន​មនុស្ស​ដល់​ទៅ​ជាង​៨០០​នាក់ នាំ​ឱ្យ​ការ​លិច​នាវា​នេះ​ជា​ការ​លិច​នាវា​ស្លាប់​មនុស្ស​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ បន្ថែម​លើ​សាកសព​មនុស្ស​ប្រមាណ​ជា​៥០​នាក់ ដែល​ស្រង់​បាន​នា​ថ្ងៃ​សោកនាដកម្ម កង​ម៉ា​រី​ន​អីុ​តា​លី​នៅ​ស្រង់​សាកសព​មនុស្ស​១៦៩​នាក់​នៅ​ជុំវិញ​ខ្មោច​នាវា ។ យោង​តាម​ឧត្តមនាវី PIETRO COVINO ថា ទំហំ​នាវា​នេះ​នាំ​ឱ្យ​គេ​គិត​ថា​នៅ​សល់​សាកសព​មនុស្ស​រវាង​ពី​៣០០​ទៅ​៣៥០​នាក់​ទៀត​នៅ​ខាងក្នុង ៕