ចាងហ្វាង​ឲ្យ​ថ្នាក់ដឹកនាំ​ឥស្លាម​ត្រៀម​មើល​ខ្នើត​ដើម្បី​ចេញ​បួស​ និពន្ធដោយ : អ៊ីសា រ៉ហានី       July-01-2016, 3:49 pm         107

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចាងហ្វាង​ឲ្យ​ថ្នាក់ដឹកនាំ​ឥស្លាម​ត្រៀម​មើល​ខ្នើត​ដើម្បី​ចេញ​បួស​រូបភាពពី៖ ហ្វេសប៊ុក គណៈដឹកនាំជាន់ខ្ពស់ នៃ សាសនាឥស្លាមកម្ពុជា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា លោក សុះ កំ​រ៉ី តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន បានប្រកាស​ឲ្យ​ថ្នាក់ដឹកនាំ​ឥស្លាម​ទូទាំងប្រទេស​ត្រៀមខ្លួន ដើម្បី​មើល​ខ្នើត​ខែ​សាវ៉ា​ល់ (​ខែ​ចេញ​បួស​របស់​សាសនា​ឥស្លាម​)​។ ការត្រៀម​មើល​ខ្នើត​នេះ ដើម្បី​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ចំពោះ​ថ្ងៃ​ចេញ​បួស ឫ​ហៅថា​ថ្ងៃ​រ៉​យ៉ា របស់​សាសនិក​ឥស្លាម​។​

​លោក សុះ កំ​រ៉ី តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៤ មិថុនា​មកហើយ​នោះ បានប្រកាស​ប្រាប់​អ៊ី​មុំ​ា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អ៊ី​មុំ​ា​ម៉ា​ស្ជិ​ទ (​វិហារ​) រួម​និង​សាសនិក​ឥស្លាម​ទូទាំងប្រទេស ចំពោះ​ការកំណត់​ថ្ងៃ​ចេញ​បួស​។ ដើម្បី​កំណត់​បាន លោក សុះ កំ​រ៉ី ស្នើ​ឲ្យ​ថ្នាក់​គ្រប់គ្រង​ទាំងអស់ ត្រៀម​មើល​ខ្នើត​ខែ​សា​វ៉ាល់ នៅ​ល្ងាច​ថ្ងៃទី​៤ កក្កដា ដែល​ត្រូវ​ថ្ងៃទី​២៩ ខែ​រ៉​ម៉ា​ឌន​។ ប្រសិនបើ​ឃើញ​ខ្នើត​នៅ​ល្ងាច​ថ្ងៃទី​៤ នោះ​ថ្ងៃ​ចេញ​បួស កំណត់​យក​ថ្ងៃទី​៥ កក្កដា ប៉ុន្តែ​បើ​មើលមិនឃើញ​នោះ សាសនិក​ឥស្លាម​ទាំងអស់ តម្រូវ​ឲ្យ​បួស​បង្គ្រប់​៣០​ថ្ងៃ ហើយ​ចេញ​បួស នៅ​ថ្ងៃទី​៦ កក្កដា​។​

​ក្នុង​សច​ក្តី​ជូនដំណឹង​ដដែល លោក សុះ កំ​រ៉ី ប្រាប់​ដល់​ថ្នាក់ដឹកនាំ​ឥស្លាម​កម្ពុជា​ទាំងអស់ ត្រូវ​ចាត់តាំង​គណៈកម្មការ​ស​ម្រា​ប់​មើល​ខ្នើត ហើយ​ត្រៀម​ប្រាប់​ពី​លទ្ធផល​ទៅ​ចាងហ្វាង​វិញ ដើម្បី​ឲ្យ​ចាងហ្វាង​ប្រជុំ​សម្រេច និង​ប្រកាសប្រាប់​ដល់​សាសនិក​ឥស្លាម​ទូទាំងប្រទេស ឲ្យ​ដឹង​ជុំវិញ​បញ្ហា​នេះ​ជា​ផ្លូវការ​។​

​គួរ​បញ្ជាក់ថា ការប្រកាស​ពីថ្ងៃ​ចេញ​បួស​នេះដែរ នឹងមាន​ផ្សាយ​នៅតាម​បណ្តាញ​ព័ត៌មាន មាន​វិទ្យុ​អេ​ហ្វ​អឹម ៩៦ មេ​ហ្គា​ហឺត ម៉ោង ៩​យប់ តាម​ទូរទស្សន៍​បាយ័ន ទូរទស្សន៍​អប្សរា នៅ​យប់​ថ្ងៃទី​៤ កក្កដា វេលា​ម៉ោង ៧​និង​១៥​នាទី ឫ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​៕