ស៊ាន បូរ៉ាត សុំឲ្យនិស្សិត គោរពគោលការណ៍ Fair Play ក្នុងការប្រកួត

ខណៈ​និស្សិត​ជិត​១​ពាន់​នាក់ កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​យ៉ាង​សកម្ម នៅ​ក្នុង​ការ​ប្រកួត ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​សិក្សា ២០១៥-២០១៦ ដើម្បី​ស្វែង​រក​មេដាយ និង​កិត្តិយសជូន​សាកល​វិទ្យាល័យ និង​អង្គភាព​របស់​ខ្លួន​នោះ លោក ស៊ាន បូរ៉ាត រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ផ្តាំ​ផ្ញើ​ឲ្យ​និស្សិត​ទាំង​អស់​ត្រូវ​គោរព​គោលការណ៍ Fair Play ក្នុង​ការ​ប្រកួត​ប្រជែង​គ្នានេះ។

localsportdd1

លោក ស៊ាន បូរ៉ា បាន​ថ្លែង​ទៅ​កាន់​និស្សិត គ្រូ​បង្វឹក និង​មន្រ្តី​​កីឡា​តំណាង​ឲ្យ​សាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន២៣ ដែល​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​សិក្សានេះ ក្នុង​ពិធី​បើក​ការ​ប្រកួត នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម្សិល​មិញ​ថា៖​«ខ្ញុំសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្អូនៗ និង​ក្មួយៗ កីឡាករ​កីឡាការិនី សិស្សនិស្សិតទាំង​អស់ ​ពិត​ជា​គោរព​បាន​ល្អ​តាម​បទ​បញ្ជា និង​គោលការណ៍ Fair Play ដែល​ដាក់​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​ជា​ពិសេស​លើ​ផ្នែក​បច្ចេកទេស និង​ចរិយាធម៌​ដើម្បី​ឱ្យ​ការ​ប្រកួត​នេះ​មាន​ភាព​រលូន និង​ជា​គំរូ​ដ៏​ល្អ​ដល់​ប្អូនៗ ​និង​ក្មួយៗ​ជំនាន់​ក្រោយ»។

localsportdd2

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​សិក្សា ២០១៥-២០១៦នេះ មាន​រយៈ​ពេល​១២ថ្ងៃ ហើយ​បានដំណើរ​ការ​ប្រកួត​​តាំង​ពី​ពីថ្ងៃទី២៧ ខែមិថុនា នឹង​ត្រូវ​បញ្ចប់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

localsportdd3

សាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន២៣ មកពីទូទាំងប្រទេស រីឯប្រតិភូ កីឡាករ-កីឡាការិនីសរុបចំនួន៩៨៧នាក់ ក្នុងនោះកីឡាការិនី១៩៥នាក់ បាន​ចូល​រួម ក្នុង​ព្រឹត្តិការណ៍​ក្របខ័ណ្ឌ​និស្សិតនេះ ដោយ​ពួក​គេ​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង នៅ​លើ​ប្រភេទ​កីឡា​ចំនួន​៦ ក្នុង​នោះ​មាន​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ ហើយ​គិត​មាន​ដល់​ពេល​នេះ​ការ​ប្រកួត​កីឡាអត្តពលិក វាយកូនឃ្លីលើតុ និង​ការ​ប៉េតង់ បាន​បញ្ចប់ទៅ​លើ​វិញ្ញាសា​មួយ​ចំនួន​ហើយ៕

localsportdd4

localsportdd5