ស្រ្តី​ចំណាស់​ត្រូវ​ដង្កាប់​ដែក​ធ្លាក់​ចំ​ ធ្លុះ​លលាដ៍​ក្បាល​១៥សង់ទី​ម៉ែត្រ តែ​មិន​ស្លាប់

ស្រ្តី​វ័យ​៥៨ឆ្នាំ​ម្នាក់ រស់នៅ​ក្នុង​ខេត្ត​ស៊ីឈាន់ ប្រទេស​ចិន បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​ដង្កាប់​ដែក​ធ្លាក់​ពី​អគារ​ជាន់​ទី​៣១ ត្រូវ​ចំ​ក្បាល​ធ្លុះ​ចូល​លលាដ៍ ជម្រៅ​១៥​សង់ទីម៉ែត្រ និង​ដោត​ជាប់​នៅ​លើ​ក្បាល​របស់​អ្នកស្រី​តែ​ម្ដង។

 

ស្រ្តី​ចំណាស់​ត្រូវ​ដង្កាប់​ដែក​ធ្លាក់​ចំ​ ធ្លុះ​លលាដ៍​ក្បាល​១៥សង់ទី​ម៉ែត្រ តែ​មិន​ស្លាប់

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្រ្តី​រងគ្រោះ​មាន​ឈ្មោះ​ថា Wang Youfang នៅ​មុន​ពេល​កើត​ហេតុ អ្នក​ស្រី​កំពុង​ដើរ​ជា​មួយ​ចៅ​ស្រី​ម្នាក់ ចេញ​តាម​ទ្វា​ក្រោយ​នៃ​អគារ​ស្នាក់​នៅ​របស់​អ្នកស្រី ហើយ​ក៏​បាន​ជួប​ប្រទះ​នូវ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ​តែ​ម្ដង។
ក្រុម​គ្រូពេទ្យ​វះ​កាត់​នៅ​ឯ​មន្ទីរពេទ្យ បាន​ធ្វើ​ការ​វះ​កាត់​យក​ដង្កាប់​ដែក ចេញ​ពី​លលាដ៍​ក្បាល​របស់​អ្នក​ស្រី Wang ដោយ​ចំណាយ​ពេល​អស់ រហូត​ដល់​ទៅ ១៤ម៉ោង​ឯណោះ។

 

យ៉ាងណាមិញ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ពាក់​ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស ខណៈ​គេ​ជឿ​ជាក់​ថា នៅ​កន្លែង​កើត​ហេតុ​គឺ​កំពុង​មាន​ការ​ជួស​ជុល​អគារ​ឡើង​វិញ នៅ​ពេល​ហេតុការណ៍​នោះ​បាន​កើត​ឡើង។ បច្ចុប្បន្ន​នេះ​អ្នកស្រី Wang អាច​នឹង​ប្រឈម​មុខ​ខ្លាំង​នៃ​ការ​ឆ្លង​មេរោគ ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ទៅ​មុខ​ទៀត ដោយ​សារ​តែ​ដង្កាប់​ដែក​នោះ​កង្វក់ ហើយ​របួស​របស់​អ្នកស្រី​ជ្រៅ​ពេក ពិបាក​នឹង​លាង​សម្អាត៕

 

ប្រែសម្រួល៖ សេង ឡុង
ប្រភព៖ stomp