បញ្ហាធំ​មួយ ​​ក្រុមហ៊ុន​អចលនទ្រព្យ​​កម្ពុជា មិនទាន់អាច​ធ្វើ​បាន

បើ​ទោះ​បី​ជា​បច្ចុប្បន្ន ក្រុមហ៊ុន​អចលនទ្រព្យកម្ពុជាមានចំនួន​​ច្រើន​​​​ក្ដី [មិនមែន​ក្រុមហ៊ុន​បរទេស] ប៉ុន្តែ​ចំណេះ​ដឹង​របស់​​​ក្រុម​ហ៊ុន​​នីមួយៗ​នៅ​មិនទាន់​គ្រប់គ្រាន់ ព្រោះ​​​មិន​ទាន់អាច​វាយ​តម្លៃ​លើអចលនទ្រព្យ​ធំ​ៗ​បានដូច​ក្រុមហ៊ុន​បរទេស ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា។

 

បញ្ហាធំ​មួយ ​​ក្រុមហ៊ុន​អចលនទ្រព្យ​​កម្ពុជា មិនទាន់អាច​ធ្វើ​បាន

 

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​​កម្ពុជា លោក គឹម ហ៊ាង បាន​ថ្លែង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា អាច​វាយ​តម្លៃ​បាន​តែត្រឹម ដីធ្លី ផ្ទះសម្បែង និង​សំណង់​តិចតួច​ប៉ុណ្ណោះ ខណៈ​ចំណេះ​ដឹង​លើ​ការ​វាយ​តម្លៃលើ សណ្ឋាគារ ផ្លូវថ្នល់ រមណីយដ្ឋាន អាជីវកម្ម ខុនដូ ក្រុមហ៊ុន​នៅ​​មិន​ទាន់​អាច​ធ្វើ​​បាន​ឡើយ។

 

លោក​ថ្លែង​ថា ​​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៦ ខាងមុខ សមាគម​នឹង​​រៀបចំ​ឱ្យ​មាន​ការសិក្សា​មួយ​​ស្ដី​អំ​ពី​ ការ​វាយ​តម្លៃ​អចលនទ្រព្យ​ធំៗ ដើម្បី​ឱ្យ​ទីផ្សារ​​​វាយ​តម្លៃ​នៅ​កម្ពុជា​កាន់​តែ​​រីក​ប៉ោង​ធំ។

 

លោក គឹម ហ៊ាង បាន​បន្ត​ថា រយៈពេល​២ឆ្នាំ​យ៉ាង​យូរ​ អ្នកវាយតម្លៃ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​មាន​សមត្ថភាព​វាយ​តម្លៃ​​​អចលនទ្រព្យ​ធំៗ​​​បាន​ដូច​ជនបរទេស​ដែរ។ ​

 

វិនិយោគិន​​ល្បី​​ខាង​វិស័យ​អចលនទ្រព្យ​រូប​នេះ​ បាន​ថ្លែង​ថា៖ “អ៊ីចឹង​រយៈ​ពេល២​ឆ្នាំ​ទៀត គឺ​​ប្រាកដ​១០០% ថា​យើង​​ចេះ​វៃ​ហើយ​ខុនដូ សណ្ឋាគារ​អី​យើង​នឹង​ចេះ”។

 

​ជាចំណុចបន្តបន្ទាប់ ដើម្បី​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា ឈានដល់​ចំណុច​ខាងលើ សមាគមននឹង​ធ្វើ​កម្មវិធី​ ប្រកួតប្រជែង​ជ្រើសរើស​ក្រុមហ៊ុន​តម្លៃ​​អចលនទ្រព្យ​​ឆ្នើម​លើក​ទី១របស់​ខ្លួន នៅ​ថ្ងៃ​ទី​​៩ ខែ​កក្កដា ឆ្នាំ​ ២០១៦ នៅ​មជ្ឈមណ្ឌល​​សហ​ប្រតិ​បត្តិ​ការ​ កម្ពុជា-កូរ៉េ ដែល​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ល្បីៗ​ ​​ចូលរួម​ប្រកួតចំនួន៧ ក្រុមហ៊ុន។ កម្មវិធី​នេះ នឹង​មាន​ការ​ចូល​រួម​ច្រើន​ពី​ខាង​ធនាគារ អ្នក​រកស៊ី​វិស័យ​ដីធ្លី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេង ហើយ​អ្នក​ចូលរួម​នឹង​មាន​ឱកាស​​រៀន​សូត្រ និង​យល់​ដឹង​​ពី​ការ​វាយតម្លៃ​លើ​វិស័យ​អចលនទ្រព្យ។

 

លោក គឹម ហ៊ាង បង្ហាញ​ថា៖ “វិស័យ​វាយតម្លៃ ជា​វិស័យ​មាន​សារសំខាន់​យ៉ាងខ្លាំង ទាក់ទង​នឹង​ចរន្ត​នៃ​​ការ​ធ្វើ​​វិស័យ​ដី​ធ្លី…​ក្រុមហ៊ុន​នីមួយៗ​សុទ្ធតែ​មាន​ចំណេះដឹង​ផ្ទាល់​ខ្លួន​ហើយ ប៉ុន្តែ​ចំណេះដឹងដែល​យើងមានមិនគ្រប់គ្រាន់ទេ។ អ៊ីចឹង​យើង​ត្រូវ​រៀនសូត្រ​បន្ថែម ហើយ​វា​ជា​រឿង​ពិបាក​ដែល​អញ្ជើញ​គេ​ [បរទេស​] មក​បង្រៀន។ អ៊ីចឹងយើងសុខចិត្ត​ត្រូវរៀនពី​គ្នា​ទៅ​វិញ​ទៅ​មក…ពេល​យើង​បាន​រៀន​ទៅវិញ​ទៅ​មក យើង​យល់​ដឹង​ច្រើន​ពី​ការវាយ​តម្លៃ។ អ៊ីចឹងវា​ធ្វើ​ឱ្យសេវាកម្មយើង​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។ ​ ​

 

បើ​តាម​ការ​ឱ្យ​ដឹង​របស់​ប្រភព​ខាងលើ សេវា​វាយតម្លៃ​អចលនទ្រព្យ​​នៅ​កម្ពុជា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​កំណើន​ចាប់​ពី ៣០ ទៅ ៥០ %​៕

 

ចុចអាន៖ ១០​ឆ្នាំ​ទៀត​ វិស័យ​ដី​ធ្លី​នៅ​កម្ពុជា​នៅ​តែ​មាន​សន្ទុះ

 

អត្ថបទ៖ អុំ សុភក្តិ