​ធុំ​ក្លិន​​ស្អុយចេញពីកំប្លោក ! ពេល​ទៅ​ជិត​ពុទ្ធោ​

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​០៤ និង​៥៦​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ មិ​ថុនា ២០១៦ បន្ទាប់​ពី​​​ប្រទះ​ឃើញ​សាកសព​បុរសម្នាក់​ក្នុង​ទឹកទន្លេ​កប់​​ក្នុង​កំប្លោក​មួយ​​កន្លែង ​​ក្នុងភូមិ​ព្រែក​តា​ទៀង ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ​សព​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ម៉ឺ​យ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក មាន​ទីលំនៅ​ក្នុងភូមិ​ចុង​កោះ​ថ្មី ឃុំ​កោះធំ (​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ​ពលរដ្ឋ​ម្នាក់​​នៅ​ភូមិ​ព្រែក​តា​ទៀង​បាន​ប្រទះ​ឃើញ​​សព​ខាងលើ​​​អណ្ដែត ដែល​មាន​សភាព​ទឹក​ស្អុយរលួយ​រសាត់​តាម​កំប្លោក​ក្នុង​ទឹក​ទន្លេបាសាក់ ក៏​រត់​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​តាកែវ និង​នគរបាល​ស្រុក​កោះធំ ។

បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ដំណឹង​នេះ ក៏​នាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​​បង្កើត​គណៈកម្មការ​មាន​អាជ្ញាធរ​មូលដ្ឋាន​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល គ្រូពេទ្យ និង​ផ្នែក​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យក៏​ឃើញ​ថា​ សព​ជន​រង​គ្រោះ​រលួយ​នៅ​សល់តែ​គ្រោងឆ្អឹង​ជាប់សាច់តិច​ៗ ពុំ​អាច​​ធ្វើការ​សន្និដ្ឋាន​បាន​​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មូល​ហេតុ​អ្វី​ឡើយ ។

តែបើ​យោង​តាម​​​បុរស​ចំណាស់​ម្នាក់​​ថា ​ជន​រង​គ្រោះ គឺជា​កូន​របស់​ឈ្មោះ​ម៉ឺ​យ រ៉ា​ម៉​ន ដោយ​សំអាង​លើ​ខោ ​ដែល​ជន​រង​គ្រោះ​ស្លៀក ហើយបាន​​រត់​ចេញពីផ្ទះតាំងពី​​​ថ្ងៃ​ទី​១០ មិថុនា មក​ម្ល៉េះ ដោយ​មាន​ជំងឺសរសៃប្រសាទ​ផង ហើយ​ត្រូវ​ក្រុម​គ្រួសារ​រក​មិនឃើញ​ទេ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ ទើប​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​តែ​ម្តង​។