ត្រី​ចម្រុះ​ចំនួន ១​លាន​ក្បាល កូន​បង្កង​ចំនួន ១​សែន​ក្បាល និង​មេត្រី​ពូជ​មួយ ចំនួន ត្រូវបាន​លែង​ក្នុង​ពិធី “​ទិវា​មច្ឆជាតិ​”

ត្រី​ចម្រុះ​ចំនួន ១​លាន​ក្បាល កូន​បង្កង​ចំនួន ១​សែន​ក្បាល និង​មេត្រី​ពូជ​មួយ ចំនួន ត្រូវបាន​លែង​ក្នុង​ពិធី “​ទិវា​មច្ឆជាតិ​”



ភ្នំពេញ ៖ “​ទិវា​មច្ឆជាតិ​” លើក​ទី​១៤ បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​បាន​រៀបចំ​លែង​កូន​ត្រី​ចម្រុះ​ចំនួន ១​លាន​ក្បាល កូន​បង្កង​ចំនួន ១​សែន​ក្បាល និង​មេត្រី​ពូជ​មួយ ចំនួន​ដូចជា ត្រី​គល់រាំង ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​ព្រលូង ត្រី​អណ្ដែង ត្រី​ក្រាញ់ ត្រី​ផ្ទក់ ហើយ​និង អន្ទង់ កង្កែប អណ្ដើក ។​ល​។

ការ​ប្រារព្ធ​ពិធី «​ទិវា​មច្ឆជាតិ​» ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បី​បំផុស​ស្មារតី ចូលរួម​ក្នុង​ការ​អភិវឌ្ឍ និង​អភិរក្ស​ថែរក្សា​ពូជ​ត្រី ក៏ដូចជា​វារិជាត​ផ្សេងៗ​ទៀត​ឲ្យ បាន​គង់វង្ស ធានា និរន្តរភាព​ធនធាន​ជលផល​។ ហើយ “​ទិវា​មច្ឆជាតិ​” លើក​ទី​១៤​នេះ បាន​ប្រារព្ធ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​អាងទឹក​អន្លង់​ជ្រៃ ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ​ ដែល​បាន​រៀបចំ លែង​កូន​ត្រី​ចម្រុះ​ចំនួន​១​លាន​ក្បាល កូន​បង្កង ចំនួន ១​សែន​ក្បាល និង​មេត្រី​ពូជ​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​សម្បូរ​មច្ឆជាតិ សម្រាប់​បំពេញ សេចក្ដី​ត្រូវការ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

នា​ឱកាស​នោះ​ដែរ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានធ្វើ​របាយការណ៍​សង្ខេប​អំពី ស្ថានភាព​នៃ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​វិស័យ​ជលផល ជូន​អង្គ​ពិធី ដែល​មាន​ខ្លឹមសារ​សង្ខេប​ដូច​ខាង​ក្រោម​៖
១-​ការងារ​សហគមន៍​នេសាទ​៖ បង្កើត​បាន​សហគមន៍​នេសាទ​សរុប​មាន ៥១៦ ក្នុង​នោះ​សហគមន៍​នេសាទ​ទឹកសាប​មាន ៤៧៧ និង​សហគមន៍​នេសាទ​សមុទ្រ​មាន ៣៩​។

២-​ការងារ​អភិរក្ស​ជលផល​៖ បាន​បង្កើត​កន្លែង​អភិរក្ស​ជលផល​សរុប​ចំនួន ៥៦១​កន្លែង និង​អន្លង់​ត្រី​មេ​ពូជ​ចំនួន ៩៧​កន្លែង នៅ​ទន្លេ​មេគង្គ​លើ ដើម្បី​ថែរក្សា និង​ការពារ​ត្រី​ពូជ។

៣-​ការងារ​អភិវឌ្ឍន៍​វារីវប្បកម្ម​៖ នៅ​ឆ្នាំ​២០១៥ បរិមាណ​ផល​ត្រី​ពី​វារីវប្បកម្ម មាន​ប្រមាណ ១៤៣ ពាន់​តោន (​មានការ​កើន​ឡើង​ប្រមាណ ២០%)​។ អ្នក​ចិញ្ចឹម​ត្រី​មាន ៧៧ ១៧២ គ្រួសារ និង​ទីតាំង​ភ្ញាស់​បង្កាត់​ត្រី​មាន​ចំនួន ៣០៧ កន្លែង ក្នុង​នោះ ២៩៤ កន្លែង ជា​របស់​ប្រជាពលរដ្ឋ ដែល​មាន​សមត្ថភាព​ផលិត កូន​ត្រី​ពូជ​ប្រមាណ ១៨០​លាន​កូន ហើយ​និង​ស្រះ​សហគមន៍​ជម្រក​ត្រី មាន​ចំនួន ៧៤៤​ស្រះ។

៤-​ការងារ​បង្ក្រាប​បទល្មើស​ជលផល​៖ មាន​បទល្មើស​ផល​ផល​ចំនួន ៣ ៩៧៤​ករណី ត្រូវបាន​បង្ក្រាប ក្នុង​នោះ​ពិន័យ​អន្តរការណ៍​ចំនួន ៤១៨​ករណី បញ្ជូន​ទៅ​តុលាការ​ចំនួន ១៨១​ករណី ដាក់​ពន្ធនាគារ​ចំនួន ៨៥​នាក់​។ ទោះជា​យ៉ាងណា បទល្មើស​ជលផល នៅតែ​បន្ត​កើតមាន ដោយសារ​វិសាលភាព​ដែន​នេសាទ មាន​សភាព​ស្មុ​គ្រ​ស្មាញ ហើយ ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ទំនើប ទូក កាណូត​ល្បឿន​លឿន និង​មន្ត្រី​ជលផល មាន​គ្នា​តិច និង​ខ្វះខាត​មធ្យោបាយ ជាដើម។

៥-​សមត្ថភាព​ស្ថាប័ន​និង​ក្រប​ខណ្ឌ​ច្បាប់ ​៖ ​ជាមួយ​នឹង​បញ្ហា​ប្រឈម ដូចជា​កង្វះ ​ធនធានមនុស្ស មធ្យោបាយ​និង​សម្ភារៈ ការ​វិនិយោគ​នៅ​មានកម្រិត និង​ចន្លោះប្រហោង ផ្នែក​ច្បាប់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ធ្វើ ឲ្យ​ប្រសើរ​ឡើង នូវ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​វិស័យ​ជលផល លើ​ចំណុច​ចម្បង​៣ គឺ​: កែសម្រួល​លើ​ក្រប​ខណ្ឌ​ច្បាប់​ផែនការ និង​សមត្ថភាព​ស្ថាប័ន​, កែសម្រួល​លើ​ទម្រង់ ការងារ នៃ​ការគ្រប់គ្រង​ធនធាន​ជលផល និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជលផល៕
ត្រី​ចម្រុះ​ចំនួន ១​លាន​ក្បាល កូន​បង្កង​ចំនួន ១​សែន​ក្បាល និង​មេត្រី​ពូជ​មួយ ចំនួន ត្រូវបាន​លែង​ក្នុង​ពិធី “​ទិវា​មច្ឆជាតិ​”

ត្រី​ចម្រុះ​ចំនួន ១​លាន​ក្បាល កូន​បង្កង​ចំនួន ១​សែន​ក្បាល និង​មេត្រី​ពូជ​មួយ ចំនួន ត្រូវបាន​លែង​ក្នុង​ពិធី “​ទិវា​មច្ឆជាតិ​”