លួច​ម៉ូតូ​បាន​សម្រេច​នៅ​ពេល​យប់ លុះ​ស្អែក​ឡើង​ត្រូវ​ជាប់​ខ្នោះ​

លួច​ម៉ូតូ​បាន​សម្រេច​នៅ​ពេល​យប់ លុះ​ស្អែក​ឡើង​ត្រូវ​ជាប់​ខ្នោះ​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង​ទៀត​ផង បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​បើកទ្វារ​បន្ទប់​ផ្ទះ​ជួល ​​​​លួច​យក​ម៉ូតូ​របស់​នារី​រងគ្រោះ​ ហើយ​យក​មក​សំងំ​ដោយ​កាច់​ស្លាក​លេខ​ចោល​នោះ។

លោក ប៉ាង ហៀ​ង អធិការ​នគរបាល​ក្រុង បាន​បញ្ជាក់​ថា កម្លាំង​បាន​ទទួល​នូវ​ពាក្យ​បណ្តឹង​មួយ​របស់​នារី​រងគ្រោះ​ឈ្មោះ រ៉ុ​ត ធី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដោយ​បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ​ហើយ​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម ធុន​សេ​១២៥ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1V-9739. កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​
ឃើញ​ថា ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​ទួរណឺវិស​មួល​ដោះ​កញ្ចក់​ទ្វារ ហើយ​បើក​គន្លឹះ​លួច​យក​ម៉ូតូ​នេះ​ទៅ​បាត់ ដោយ​ជាប់​ទៅជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ទៅ​ផង។

លុះ​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ ខែ​ដដែល កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​បង្ក្រាប​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​អំពើ​លួច​បាន​ម្នាក់ ឈ្មោះ លី​- ករុណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​បទល្មើស​ជាក់ស្ដែង ដែល​គេ​បាន​យក​មក​សំងំ​លាក់​នៅ​ក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដោយ​គេ​បាន​កាច់​ស្លាក​លេខ​ម៉ូតូ​នោះ​ចោល​ផង។

ក្រោយពី​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើ​ការ​ដកហូត​នូវ​ម៉ូតូ​មួយ​គ្រឿង​ដែល​ភិនភាគ​គឺជា​របស់​ជនរងគ្រោះ ស្លាក​លេខ​មួយ និង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ដែល​ជា​របស់​នារី​រងគ្រោះ ដោយ​បច្ចុប្បន្ន​ក៏បាន​ធ្វើការ​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​ ដែល​ជា​ជនរងគ្រោះ​វិញ​ហើយ។ ចំណែក​ជនសង្ស័យ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​ផ្លូវ​ច្បាប់៕