តា​ធាក់​ស៊ីក្លូ​វ័យ​៨៩​ឆ្នាំ ក្លាយជា​ឪពុកធម៌​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​តេ​ជោ ធានា​ចិញ្ចឹម​អស់​មួយជីវិត​

ភ្នំពេញ: ទីបំផុត ក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង នៅព្រឹកថ្ងៃទី១ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបំពេញលើសពីបំណងប្រាថ្នារបស់អ្នកធាក់ស៊ីក្លូវ័យចំណាស់បំផុត នៅភ្នំពេញ គឺពីអ្នកធាក់ស៊ីក្លូវ័យ៨៩ឆ្នាំ មកពីខេត្តស្វាយរៀង ទៅជាឪពុកធម៌របស់សម្តេចនាយករដ្ឋមន្ត្រី ដោយសម្តេចតេជោ ចេញមុខធានាអះអាងចិញ្ចឹមលោកតារហូតអស់មួយជីវិត។

តាមរយៈវិដេអូក្លីបដែលមានរយៈពេល៤២:០៧នាទី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកតាពុត សឿន អ្នកធាក់ស៊ីក្លូ មកគេហដ្ឋានរបស់សម្តេចនៅវិមានឯករាជ្យជួបសន្ទនាអំពីជីវិត ជីវភាព ការតស៊ូរបស់លោកតា និងពិសាអាហាយ៉ាងឈ្ងុយឆ្ងាញ់ ហើយថែមទាំងធានារ៉ាប់រងធ្វើផ្ទះជូន និងឧបត្ថម្ភចិញ្ចឹមលោកតាអស់មួយជីវិត។ ពិសេសជាងនេះ សម្តេចតេជោ ហ៊ុន សែន បានសុំលោកតាធាក់ស៊ីក្លូ យកធ្វើជាឱពុកធម៌ថែមទៀតផង។

ក្នុងពេលដែលជួបសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែននោះ លោកតាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំ បាននិយាយរៀបរាប់ប្រាប់សម្តេចតេជោ អំពីដំណើរដើមទងទាក់ទងនឹងជីវិតគួរឲ្យសង្វេកជាពន់ពេកថា អ្នកជិះស៊ីក្លូមិនបានការភ័យខ្លាចនោះទេ ព្រោះគាត់បានប្រកបរបរនេះប្រមាណ៣០ឆ្នាំមកហើយ ហើយសព្វថ្ងៃនេះ គេនៅតែជិះស៊ីក្លូរបស់គាត់ដដែល ដោយសារធ្លាប់ជិះនាពេលកន្លងមក មិនដែលមានបញ្ហានោះទេ។

លោកតា បានប្រាប់សម្តេចតេជោ បន្តទៀតថា លោកតាមានកូន ៨ នាក់ (ស្រី ៤ នាក់) ហើយកូនៗទាំងអស់ សុទ្ធតែមានជីវភាពខ្វះខាតដូចគ្នា។ លោកតា រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកតា បាននិយាយថា សព្វថ្ងៃនេះ ស្នាក់នៅជាមួយកូស្រីមេម៉ាយម្នាក់ដែលមកបម្រើការងារជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ ខណៈពេលដែលស្ត្រី ជាភរិយា របស់លោកតា បានស្លាប់យូរមកហើយ។ លោកតាបានស្នើសុំសម្តេចតេជោ នូវថវិកាចំនួយ១.០០០ដុល្លារ ដើម្បីយកទៅសាងសង់ផ្ទះមួយសមល្មមសម្រាប់ស្នាក់នៅ កំដរជីវិតចុងក្រោយដ៏កម្សត់នេះ។ លោកតា បាននិយាយទៀតថា ផ្ទះរបស់លោកតា សព្វថ្ងៃនេះ មានទំហំ ៣ គុណនឹង ៤ ម៉ែត្រ សង់ក្រោមដើមត្នោត និងមានប្រក់ដំបូលបន្តិចប៉ុណ្ណោះ។ ចំណែកឯដី គឺជាកេរដំណែលដែលរដ្ឋចែកឲ្យតាំងពីបែកសម័យប៉ុលពត។

ក្នុងខណៈនោះ ជាការឆ្លើយតប សម្តេចតេជោ បានធានាចិញ្ចឹមលោកតារហូតអស់មួយជីវិត ដោយក្នុង ១ ខែ សម្តេចតេជោ បានឧបត្ថម្ភជូនលោកតា នូវថវិកា ៥០ ម៉ឺនរៀល និងអង្ករ ៥០ គីឡូក្រាម។ សម្តេច បានបន្តថា “ខ្ញុំចិញ្ចឹមពុកឯង ដូចឪពុករបស់ខ្ញុំបង្កើតអីចឹងអស់មួយជីវិត ហើយលុយនោះ គឺជាលុយរបស់ខ្ញុំផ្ទាល់ មិនមែនលុយរដ្ឋទេ”។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ទៅលោកតាដោយសម្តីទន់ភ្លន់ទៀតថា ខ្ញុំបានដាក់លុយនោះ ក្នុងធនាគារ ដោយតម្រូវឲ្យលោកពុកទៅដកលុយពីធនាគារក្នុង ១ ខែ ៥០ ម៉ឺនរៀលជារៀងរាល់ខែ ចំណែកឯផ្ទះ ត្រូវបានសម្តេចតេជោសាងសង់ជូន។
សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា “ក្នុងពេលនេះ កូនជូនពុកនូវថវិកាចំនួន ៦ លានរៀល និង ១.០០០ ដុល្លារ រួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត ទុកសម្រាប់ឲ្យពុកយកទៅចែកកូនចៅនៅស្រុកកំណើត គ្រាន់បានចាយវាយតាមតម្រូវការ”។

បន្ទាប់មក តាមការផ្តល់យោបល់ពីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ គឺលោក សេង ទៀង និងលោកជិន ប៊ុនធឿននោះ និងមានការសំណូមពររបស់លោកតាមផងនោះ គឺលុយដែលសម្តេចតេជោឧបត្ថម្ភប្រចាំខែ គឺដកតាមវីង ក្នុង១ខែ៥០ម៉ឺនរៀល និងគិតថ្លែ១០ម៉ឺនរៀលទៀត ទាំងអស់គឺ៦០ម៉ឺនរៀល។

សូមបញ្ជាក់ថា លោកតា បានប្រកបមុខរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញប្រមាណ៣០ឆ្នាំមកហើយ ដើម្បីយកកម្រៃបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត ដោយជួលស៊ីក្លូគេក្នុងមួយថ្ងៃថ្លៃ ៤ពាន់រៀល ហើយក្នុង១ថ្ងៃលោកតាអាចរកប្រាក់បានប្រមាណ១ម៉ឺនរៀល៕

តា​ធាក់​ស៊ីក្លូ​វ័យ​៨៩​ឆ្នាំ ក្លាយជា​ឪពុកធម៌​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​តេ​ជោ ធានា​ចិញ្ចឹម​អស់​មួយជីវិត​

តា​ធាក់​ស៊ីក្លូ​វ័យ​៨៩​ឆ្នាំ ក្លាយជា​ឪពុកធម៌​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​តេ​ជោ ធានា​ចិញ្ចឹម​អស់​មួយជីវិត​

តា​ធាក់​ស៊ីក្លូ​វ័យ​៨៩​ឆ្នាំ ក្លាយជា​ឪពុកធម៌​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​តេ​ជោ ធានា​ចិញ្ចឹម​អស់​មួយជីវិត​

ប្រភពៈ CEN