សមត្ថកិច្ច​ចាប់​ប្រមូល​មេ​កន្ទុយលេខ ប្រចាំ​ខេត្តមណ្ឌលគិរី​ម្ដង​មើល !

ខេត្តមណ្ឌលគិរី ៖ នគរបាល​ស្រុក​កែវ​សីមា បាន​សហ​ការណ៍​ជាមួយ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ការ​លេង​ល្បែងស៊ីសង ដោយ​សមត្ថកិច្ច បាន​ឃាត់ខ្លួន អ្នក​ដើរ​កត់​កន្ទុយលេខ​យួន​តាម​ផ្សារ តាម​ផ្ទះ និង​មេ​កន្ទុយលេខ​(​មេ​ឆ្នោត​ធំ​)​សរុប​ចំនួន​៧​នាក់​។ សកម្មភាព​ចាប់​បង្ក្រាប​មេ​កន្ទុយលេខ​ដ៏​កម្រ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ផ្សារ​កែវ​សីមា ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

យោង​តាម​របាយការណ៍ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​ម្រិ​ត​ស្រាល បាន​ចុះ​បង្ក្រាប​មេ​កន្ទុយលេខ និង​អ្នក​អ្នក​កត់​កន្ទុយលេខ ចំនួន​០៧​នាក់ រួម​មាន អ្នក​កត់​កន្ទុយលេខ​១.​ស៊ា ហេង អាយុ​៣១​ឆ្នាំ ភេទ​ស្រី ជនជាតិ​ខ្មែរ ២.​ថៃ ស្រី ភេទ​ប្រុស  អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ៣.​ស៊យ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ៤.​យ៉ា ល​ក្ខ័ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ៥.​កុយ សុ​ឡេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​៥​នាក់​ខាងលើ​នេះ ជា​កូន​កន្ត្រក​(​អ្នក​ដើរ​កត់​)​។

ចំណែក​មេ​កន្ទុយលេខ​ធំ​មានឈ្មោះ សៀ​ក ឡេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ និង ស៊យ ថា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ស្រុក​កែវ​សីមា​។ អ្នក​កត់​កន្ទុយលេខ ត្រូវ​បាន​ការិយាល័យ​ជំនាញ​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើ​កិច្ចសន្យា និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយឡែក​មេ​កន្ទុយលេខ នឹង​ត្រូវ​ចាត់ការ​តាម​នីតិវិធី​។ ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ល្បែង​ចាក់​កន្ទុយលេខ​នេះ​មិនមែន​ទើប​កើត​មាន​នោះ​ទេ ល្បែង​ប្រភេទ​នេះ បាន​កកើត​ក្នុងស្រុក​កែវ​សីមា អស់​រយៈពេល​ប្រមាណ​ជាង​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ពុំដែល​មានការ​ចាប់​បង្ក្រាប ឬ​វិធានការ​ណាមួយ​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ញៀន​ល្បែង​កន្ទុយលេខ​នេះ ភាគច្រើន​គឺជា​ប្រ​ព​ន្ឋ​ឬ​ក្រុម​គ្រួសារ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​។

ការ​លេងល្បែង​កន្ទុយលេខ​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​ចូល​ចិត្ត​លេង គឺ​ចាក់​លុយ​ធំ​ៗ​ណាស់ អ្នកខ្លះ​ក្នុង​មួយ​ថ្ងៃ​ៗ​ហ៊ាន​ចំណាយ​លុយ រហូត​ដល់​៤​ទៅ​១០​លាន​រៀល ចាក់​កន្ទុយលេខ​ដោយ​មិន​ខ្វល់ អ្នកខ្លះ​ត្រូវ​មេ​ស៊ី​លក់​ដី​លក់​ផ្ទះ រហូត​ដល់​រត់ ចោលស្រុក​ក៏​មាន ព្រោះតែ​នៅ​មិន​សុខ​នាំ​គ្នា​យក​លុយ​ទៅ​ឲ្យ​ថៅកែ​ឆ្នោត​យួន​ទទេ​ៗ​។ ដោយឡែក​ព័ត៌មាន ច្បាស់​ការណ៍​បាន​បង្ហើប​ថា ថៅកែ​ល្បែង​កន្ទុយលេខ​ដ៏​ល្បី​ម្នាក់ ទម្រាំ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ ឈ្មោះ ស៊យ ថា​រិ​ទ្ឋិ ដែល​មានផ្ទះ​ជាប់​របង​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម មានបាន​ដោយសារ​តែ​មុខរបរ​ទទួល​ចាក់​ល្បែង កន្ទុយលេខ​នេះ តាំងពី​ផ្ទះ​ឈើ​តូច​រហូត​ដល់​សព្វ​ថ្ងៃនេះ មានផ្ទះ​វីឡា និង​រថយន្ត​ទំនើប​ជិះ​យ៉ាង​សង្ហា ក្នុង​រយៈពេល​តែ​ប្រមាណ​២​ឆ្នាំ​ប៉ុណ្ណោះ​។

ក្រុម​អ្នក​តាមដាន​ករណី​ខាងលើ​បាន​និយាយ​ថា ពួក​គេ​នឹង​រង់ចាំ​មើល​ពី​ជោគវាសនា​របស់​មេ​ឆ្នោត​ទាំង​ពីរ​ថា អ្នក​កាន់​ច្បាប់​នៅ​ខេត្តមណ្ឌលគិរី អាច​ចាត់វិធានការ​បាន​ដូច​ម្តេច​ខ្លះ​ចំពោះ​អ្នក​ដែល​ប្រ​ព្រឹ​ត្តឹ​ខុសច្បាប់​ទាំង​ពីរ​នាក់​នោះ ព្រោះ​កន្លង​មក​គេ​ល្បី​ណាស់​ថា មេ​ឆ្នោត​ទាំង​ពីរ​មាន​ខ្សែ​ទុយោ​ធំ​ៗ​ណាស់​។ ហើយ​ក៏​មាន​លេចឮ​ពាក្យ​ច​ចាម​រាម​ខ្លះ​ៗ​ថា មាន​អ្នក​ចង់​រត់ការ​ជួយ​មេ​ឆ្នោត​ខាងលើ​នោះ​ទៀត​ផង​៕