​ប្ដី​ទុរយស ​​វាយ​ជាន់​ករ​ប្រពន្ធហូត​ស្លាប់ ខណៈ​កូន​តូច​កំពុង​បៅដោះ​ម្ដាយ

​ប្ដី​ទុរយស ​​វាយ​ជាន់​ករ​ប្រពន្ធហូត​ស្លាប់ ខណៈ​កូន​តូច​កំពុង​បៅដោះ​ម្ដាយ



ខេត្តតាកែវ ៖ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​គិរី​ចុង​កោះ បាន​ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ដើម្បី​ចាត់ការ​បន្ត ក្រោយ​ពី​ជន​នេះ​ខណៈ​ផឹក​ស្រវឹង​រួច​សុំ​លុយ​ប្រពន្ធ​ដើម្បី​ទិញ​ស្រា​ផឹក​បន្ត​ប៉ុន្តែ​ប្រពន្ធ​អត់​មាន​លុយ​ឱ្យ ក៏​បាន​វាយ​ទាត់​ធាក់​និង​ជាន់ក​ប្រពន្ធ​រហូត​ដល់​ស្លាប់​ចោល​កូនប្រុស​ស្រី​៤​នាក់​(​ស្រី​៣​នាក់​) ឱ្យ​នៅ​កំព្រា ។ ករណី​វាយ​សម្លាប់​ប្រពន្ធ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា វេលា​ម៉ោង​១០​យប់ នៅ​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ។

លោក​វរសេនីយ៍ទោ យុគ សា​រ៉ាត អធិការ​នគរបាល​ស្រុក​គិរីវង់ បានឱ្យ​ដឹង​ថា ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ ម៉ុ​ស ស្ដើង អាយុ​៣៤​ឆ្នាំ ចំណែក​ជន​ស្មើ​ស​ជា​ប្ដី​ឈ្មោះ វេ​ត សាក់ អាយុ​៣៦​ឆ្នាំ ។ មុន​ពេល​កើតហេតុ​ជនល្មើស​បាន​ផឹកស្រា​តាំងពី​ម៉ោង​៥​ល្ងាច​អស់​ជា​ច្រើន​លី​ត្រ លុះ​ចុង​ក្រោយ​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​២.០០០​រៀល ដើម្បី​ទិញ​ស្រា​១​លី​ត្រ​ទៀត​ផឹក​បន្ត តែ​ប្រពន្ធ​ប្រាប់​ថា អត់​មាន​លុយ​ទេ ។ ខណៈនោះ ជនល្មើស​ក៏​ចាប់​ប្រពន្ធ​វាយ​ទាត់​ធាក់ រួច​ជាន់ក​រហូត​ដល់​ស្លាប់ ។ អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​នោះ គឺ​ពេល​ម្តាយ​ស្លាប់ កូនប្រុស​ពៅ​ដែល​ទើប​មាន​អាយុ​១​ឆ្នាំ បាន​វារ​មក​បៅដោះ​ម្ដាយ  ។

ដោយ​មើលឃើញ​ពី​ភាព​ក្រីក្រ​លំបាក​គ្មាន​ទីពឹង លោក​អធិការ​នគរបាល​ស្រុក​បាន​ជួយ​ឧបត្ថម្ភ​មឈូស​១ អង្ករ​១០០​គីឡូក្រាម មី​២​កេស និង​ប្រាក់​១០​ម៉ឺន​រៀល សម្រាប់​ចាត់ចែង​ធ្វើ​បុណ្យសព​ស្ដ្រី​រង​គ្រោះ ។

ជនល្មើស​ជា​ប្ដី​បាន​សារភាព​នៅ​ចំពោះ​មុខ​នគរបាល​ថា រូបគេ​ពិតជា​បាន​វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ប្រាកដ​មេន ដោយសារ​ស្រវឹងស្រា​ហើយ​ផ្ទុះ​កំហឹង ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយ​កា​រិ​យ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា គ្រួសារ​នេះ​ក្រីក្រ​តោកយ៉ាក​បំផុត ហើយ​មានកូន​៤​នាក់​ក្នុង​បន្ទុក ។ បន្ទាប់​ពី​ស្ដ្រី​ជា​ម្ដាយ​ស្លាប់ ហើយ​ឪពុក​ជាប់គុក ធ្វើ​ឱ្យ​កូន​ទាំង​៤​នាក់​រស់នៅ​គ្មាន​ទីពឹង ដូច្នេះ​សូម​សប្បុរសជន ឬ​អង្គការ​នានា​មេត្ដា​ជួយ​ដល់​កូនកំព្រា​៤​នាក់​នេះ​ផង ៕