សកម្មជន​មាតា​ធម្មជាតិ ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ តែ​ត្រូវ​ព្យួរទោស

សកម្មជន​មាតា​ធម្មជាតិ ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ តែ​ត្រូវ​ព្យួរទោស



កោះកុង ៖ ទីបំផុត​ សាលាដំបូង​ខេត្ត​កោះកុង បាន​ប្រកាស​សាលក្រម​តាម​កាលកំណត់​ហើយ ចំពោះ​សំណុំរឿង​ក្រុម​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​នាក់ ដែល​ត្រូវ​ប្តឹង​ប្រឆាំង​ដោយ​ក្រុមហ៊ុន​បូម​ខ្សាច់ និង​ចៅហ្វាយស្រុក​បុ​ទុម​សាគរ។

សាលក្រម​ដែល​ចេញ​ដោយ​លោក មីន មករា ចៅក្រម​នៃ​សាលាដំបូង​ខេត្តកោះកុង បានសម្រេច ១. សម្រេច​ផ្តន្ទាទោស ទៅលើ​ចុង​ចម្លើយ​ទាំង​៣​រូប ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ដោយ​យោង​តាម​មាត្រា​ទី​២៨ ១០៤ និង ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ តែ​អនុវត្ត​​ទោស​រយៈពេល​១០​ខែ និង​១៥​ថ្ងៃ ហើយ​រយៈពេល​៧​ខែ និង ១៥​ថ្ងៃ​ទៀត​គឺជា​រយៈពេល​ព្យួរទោស។ ២. ចំពោះ​សំណង​រដ្ឋប្បវេណី​ ចុង​ចម្លើយ​ត្រូវ​ផ្តល់​សំណង​ជា​ប្រាក់​ចំនួន​១០០​លាន​រៀល ទៅ​ដើមចោទ និង​២​លាន​រៀល​ទៀត​ត្រូវ​បង់​ចូល​ថវិកា​រដ្ឋ​ដោយ​ចោទ​ប្រកាន់​ថា សកម្មជន​ទាំង​៣​នាក់​ខាងលើ ជា​អ្នក​ផ្តើមគំនិត គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត ភ្ជាប់​បញ្ជា​អ្វីមួយ ​និង​សាលក្រម​នេះ ហើយ​បើកផ្លូវ​ឲ្យ​ចុង​ចម្លើយ​ប្តឹង​ឧទ្ធរណ៍​រយៈពេល​១​ខែ។

សូម​បញ្ជាក់​ថា សកម្មជន​មាតា​ធម្មជាតិ​ទាំង​៣​នាក់ ទី​១​ឈ្មោះ សាន់ ម៉ា​ឡា ទី​២​ឈ្មោះ ស៊ឹម សំណាង និង​ទី​៣​ឈ្មោះ ទ្រី សុ​វិ​គា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៥ ក្រោយពី​មាន​បណ្តឹង​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ដាយ រិច អា​សេស ពី​បទ​ធ្វើការ​រារាំង និង​ធ្វើ​ឲ្យ​ខាត​ពេលវេលា​សម្រាប់​អាជីវកម្ម ព្រមទាំង​បណ្តឹង​មួយទៀត​របស់​ចៅហ្វាយស្រុក​បុ​ទុម​សាគរ ពី​បទ​ថា រារាំង និង រំខាន​កិច្ចការ​រដ្ឋបាល​របស់​អាជ្ញាធរ​ដែនដី និង ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់​សង្គម៕