Brexit៖ កុំ​ច្រឡំ​ថា អង់គ្លេស​បាន​ចាក​ចេញពី EU ហើយ​នោះ ! និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា & លាង ដឺ​លុច      July-01-2016, 9:19 pm         380

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Brexit៖ កុំ​ច្រឡំ​ថា អង់គ្លេស​បាន​ចាក​ចេញពី EU ហើយ​នោះ !​អស់​រយៈពេល​មួយ​សប្ដាហ៍​ហើយ ដែល​ប្រជាមតិ​ចក្រភព​អង់គ្លេស សម្រេច​ឲ្យ​ប្រទេស​នេះ ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន ដែល​រួមទាំង​រដ្ឋ​អឺរ៉ុប​ផង​នោះ ភ្ញាក់ផ្អើល​ខ្លាំង​។ ប៉ុន្តែ នេះ​ក៏​មិន​មានន័យថា ចក្រភព​អង់គ្លេស លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​ហើយ​នោះដែរ​។ ទាំង​សហភាព​អឺរ៉ុប និង​ទាំង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន ត្រូវ​ចាប់ផ្តើម​ចរចា​លើ​បញ្ហា​ផ្សេងៗ ដែល​ស៊ាំ​ញាំ​ជាច្រើន​ដែល​តម្រូវ​ដោយ​ច្បាប់​។ ហើយ​វា​ក៏​មិន​ប្រាកដថា ការចរចា​បាន​ផល​នោះដែរ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​អ្នកបោះឆ្នោត​នៅ​ចក្រភព​អង់គ្លេស​ចំនួន​ជិត​១៧​លាន​៥​សែន​នាក់ ដែល​ស្មើនឹង​៥២​ភាគរយ បានសម្រេច​ចិត្ត​ជ្រើសរើស​ការចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប តាមរយៈ​ការធ្វើប្រជាមតិ នៅ​ថ្ងៃទី​២៣ ខែមិថុនា​កន្លងទៅ​។ មនុស្ស​ជាច្រើន ដែល​រាប់ទាំង​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) ផង​នោះ ពិតជា​មិន​នឹកស្មាន​ដែរ​ថា រឿងនេះ​កើតឡើង​ទៅបាន​។ យ៉ាងណាក្ដី ចាប់ពីពេលនេះ រហូត​ដល់ពេល​ការចរចា​រវាង​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ត្រូវបាន​បញ្ចប់ អង់គ្លេស​នឹង​នៅតែ​ជា​សមាជិក​មួយ​នៃ​សហភាព​អឺរ៉ុប​ដដែល​។

​ការអនុវត្ត​តាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon (http://thmeythmey.com/?page=detail&ctype=article&id=41558&lg=kh) ជា​ជំហាន​ដំបូង​នៃ​ការចាកចេញ បន្ទាប់ពី​ការធ្វើប្រជាមតិ​រួចរាល់​។ យោងតាម​មាត្រា​៥០​នេះ រដ្ឋាភិបាល​របស់លោក ខេ​មេ​រ៉ូ​ន ត្រូវ​ជូនដំណឹង​ទៅ​ស្ថាប័ន​អឺរ៉ុប​ពី​លទ្ធផល​ប្រជាមតិ​នៃ​ការចាកចេញ​នេះ​។ មកទល់ពេលនេះ លោក ខេ​មេ​រ៉ូ​ន នៅ​មិនទាន់​ធ្វើតាម​បញ្ញត្តិ​នេះ​នៅឡើយ​ទេ​។ បានន័យថា លោក ខេ​មេ​រ៉ូ​ន ទំនងជា​ត្រូវការ​ពេល​ច្រើន​ទៀត​ដើម្បី​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ហើយ​ការណ៍​នេះ ក៏​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​មិន​ច្បាស់លាស់​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​កាន់តែ​អូសបន្លាយ​ពេល​ទៅមុខ​ច្រើន​ដែរ​។​

១.​ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា គ្មាន​អនុភាព​គតិយុត្តិ​
​ថ្វីបើ​លទ្ធផល​ប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា បាន​បង្ហាញថា អ្នកបោះឆ្នោត​នៅ​ចក្រភព​អង់គ្លេស​ជាង​៥២ ភាគរយ ជ្រើសរើស​ការចាកចេញ​ក៏ដោយ ក៏​វា​មិនមែន​មានន័យថា ចក្រភព​អង់គ្លេស លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​នោះទេ​។ ប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា មិនមាន​ចំណង​កា​ត្វ​កិច្ច​ផ្លូវច្បាប់ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន ត្រូវតែ​គោរព​តាម​នោះដែរ​។

​តាមពិតទៅ ប្រជាមតិ​នេះ គ្រាន់តែ​ជា​បញ្ចេញមតិ​ជា​សាធារណៈ​របស់​ប្រជាជន​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​។ នេះ​មានន័យថា លទ្ធផល​នៃ​ការធ្វើប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា អាច​មិន​យកជាការ​ក៏បាន​ដែរ​។ ការសម្រេច​ចាកចេញ ឬ​យ៉ាងណា គឺ​ស្ថិតក្នុង​ដៃ​សភា​តំណាង​នៃ​ចក្រភព​អង់គ្លេស​ឯណោះ​ទេ​។ តាមន័យ​នេះ លោក ខេ​មេ​រ៉ូ​ន អាច​សម្រេចចិត្ត​ទាត់ចោល ឆន្ទៈ​អ្នកបោះឆ្នោត និង​ទុក​ឲ្យ​សមាជិកសភា​ទាំងអស់ បោះឆ្នោត​សម្រេច​តាម​សំឡេង​ភាគច្រើន​ថា គួរ​ចាកចេញ ឬ​បន្ត​?
 
​យោងតាម​ច្បាប់ សភា​អង់គ្លេស ត្រូវអនុម័ត​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​អង់គ្លេស ចាក​ចេញពី​អឺរ៉ុប​។ ចាប់ផ្ដើម​ដំបូង សភា​ត្រូវអនុម័ត​ច្បាប់ ដែល​សំដៅ​លុបចោល «​ច្បាប់​ស្ដីពី​សហគមន៍​អឺរ៉ុប ឆ្នាំ​១៩៧២»​។ ក្រៅពីនោះ កិច្ចព្រមព្រៀង​ដកខ្លួន​ពី​សហភាព​អឺរ៉ុប ក៏ត្រូវ​ផ្ដល់​សច្ចាប័ន​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ​ដែរ ប៉ុន្តែ​គេ​ត្រូវ​ចាំ​ថា សភា​មានអំណាច មិន​ផ្ដល់​សច្ចាប័ន លើ​កិច្ចព្រមព្រៀង​ណាមួយ​បានដែរ​។   

២.​ការអនុវត្ត​តាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ទើប​ជាការ​ចាកចេញ​ពិតប្រាកដ
​អ្វីដែល​មេដឹកនាំ​អឺរ៉ុប អន្ទះសា​ចង់បាន​នោះ គឺ​ការប្រកាស​របស់​ចក្រភព​អង់គ្លេស ក្នុងការ​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ដែល​មាត្រា​នេះ​ចែង​ពី​ការចាកចេញ​របស់​រដ្ឋ​សមាជិក​ណាមួយ​របស់​ស​ហ​ភាព​អឺរ៉ុប​។ ការអនុវត្ត​តាម​មាត្រា​៥០​នេះ ទើប​ជា​ដំណើការ​ចាកចេញ ជា​ផ្លូវការ​របស់​ចក្រភព​អង់គ្លេស ដែល​បញ្ហា​នេះ អាច​អូស​បន្លាយពេល​យូរ​ទៅទៀត​។​

​បន្ទាប់ពី​លទ្ធផល​ប្រជាមតិ​បញ្ជាក់​ពី​ការចាកចេញ​នោះ នាយករដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន មិនទាន់​ប្រកាស​ពី​ការអនុវត្ត​មាត្រា​៥០ នៅឡើយ​ទេ​។ ថ្នាក់ដឹកនាំ​អង់គ្លេស នៅតែ​រារែក​ចិត្ត និង​បន្ត​អូសបន្លាយ​ពេលវេលា​រហូត​។ នៅ​ថ្ងៃទី​២៤ ខែមិថុនា មួយថ្ងៃ​ក្រោយ​ថ្ងៃ​ធ្វើ​ប្រជាមតិ​នោះ លោកនាយក​រដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន បានប្រកាស​លាលែង​ពី​តំណែង ហើយ​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក អាច​នឹងត្រូវ​ជ្រើសរើស​ក្នុង​ខែតុលា​ឯណោះ​។

​អ្វីដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​មិន​ច្បាស់លាស់​នោះ គឺ​លោក ខេ​មេ​រ៉ូ​ន ប្រកាសថា លោក​នឹងមិន​អនុវត្តតាម​មាត្រា​៥០ ភ្លាមៗ​នោះឡើយ ហើយ​លោក​ទុក​ឲ្យ​អ្នក​ស្នង​តំណែង​ពី​លោក ជា​អ្នកសម្រេច​ទៅវិញ​។ បើ​ដូច្នេះ​មែន​នោះ គេ​ត្រូវ​រង់ចាំ រហូតដល់​ចុងឆ្នាំ​២០១៦ ទើប​គេ​ដឹងថា ចក្រភព​អង់គ្លេស លែងលះ​ជាមួយ​អឺរ៉ុប ឬ​បន្ត​នៅ​ជាមួយ​អឺរ៉ុប ឬក៏​ស្ថានភាព នៅតែ​មិន​ដាច់ស្រេច​ដូច​ពេលនេះ​នៅ​បន្ត​ទៅមុខទៀត​។    
  
៣.​ចេញ ឬ​មិន​ចេញ អាស្រ័យ​លើ​អ្នក​ស្នង​តំណែង​លោក ខេ​មេ​រ៉ូ​ន
​ក្រោយពី​លទ្ធផល​ប្រជាមតិ​បង្ហាញថា ប្រជាជន​ចក្រភព​អង់គ្លេស ជ្រើសរើស​ការចាកចេញ លោក ដេវីដ ខេ​មេ​រ៉ូ​ន បានប្រកាស​លាលែង​ពី​តំណែង​។ ប៉ុន្តែ​ប្រកាស​ចាកចេញ​ពី​តំណែង​នៅពេលនេះ ធ្វើ​ឲ្យ​ដំណើការ​ចរចា​ចេញពី​អឺរ៉ុប ស្ថិតក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​ខ្លាំង​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​បញ្ជាក់ថា នៅក្រោយ​ការចាកចេញ​ពី​តំណែង នៅ​អំឡុង​តុលា គណបក្ស​អភិរក្ស​របស់លោក នឹង​ជ្រើសរើស​មេដឹកនាំ​ថ្មី សម្រាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​។ គេ​សង្កេតឃើញ​មាន​បេក្ខជន​មួយចំនួន ដែល​រំពឹងថា នឹង​ជំនួស​តំណែង​លោក ខេ​មេ​រ៉ូ​ន ដែលមាន​ទាំង​អ្នកគាំទ្រ​ការបន្ត​ជា​សមាជិក​អឺរ៉ុប និង​អ្នក​ដែល​ចង់​ចាកចេញ​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ អភិបាលក្រុង​ឡុង​ដ៍ លោក Boris Johnson ដែល​គាំទ្រ​ការចាកចេញ និង​ជា​បេក្ខជន​សម្រាប់​នាយករដ្ឋមន្ត្រី​ដែរនោះ បានសម្រេច​ដកខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​នេះ​។​

​ប៉ុន្តែ មេដឹកនាំ​អឺរ៉ុប ក៏​សង្កត់ធ្ងន់​ច្រើនលើក​ដែរ​ថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ត្រូវតែ​ចាកចេញ​ឲ្យ​បាន​លឿន និង​ត្រូវ​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon​ឲ្យ​បាន​ឆាប់​។ នេះ​មានន័យថា បើទោះជា​នាយករដ្ឋមន្ត្រី​ថ្មី មកពី​ក្រុម​ខាង​ណាក៏ដោយ ក៏​ត្រូវតែ​ចាប់ផ្តើម​ការចរចា​ចាកចេញ ភ្លាមៗ​ដែរ​។ សម្រាប់​អឺរ៉ុប នរណា​ជា​នាយករដ្ឋមន្ត្រី មិន​សំខាន់ សំខាន់​អង់គ្លេស ត្រូវ​ចាកចេញ​។ នេះ​ក៏​ព្រោះថា វា​ជា​វិធានការ​ក្តៅ​មួយ​សម្រាប់​ព្រមាន​ប្រទេស​ផ្សេងទៀត​ដែលមាន​ចេតនា​ចង់​ធ្វើ​ដូច​អង់គ្លេស​។​

​សរុប​មកវិញ បើសិនជា​អង់គ្លេស នឹងត្រូវ​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​មែន​នោះ នោះ​ក៏​មិនមែន​ដោយសារតែ​អង់គ្លេស​ចង់​ចេញ​ដោយ​ខ្លួនឯង​១០០​ភាគរយ​នោះឡើយ ប៉ុន្តែ​គឺ​អឺរ៉ុប​ទេ​ដែល​សម្រេច​រុញ​ឲ្យ​អង់គ្លេស​ចេញ​៕