កុងត្រូលជជុះ​តាម​ផ្លូវ ចាំ​យក​លុយ​ពី​ពលរដ្ឋ​ដឹក​ទំនិញ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ ដែល​រកស៊ី​មុខរបរ​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ផ្សារ​ថៃ និង​ដឹក​ពី​កម្ពុជា យក​ទៅ​លក់​ក្នុង​ផ្សារ​ថៃ ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ជាំ បាន​លើក​ឡើង​ថា ពួក​គាត់​ត្រូវ​បង់​ឱ្យ​ស្ថាប័ន​ចម្រុះ​ជា​ច្រើន​កន្លែង ជា​ពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង ទម្រាំ​តែ​ទំនិញ​ដឹក ទៅ​ដល់ទី​តាំង​លក់​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ចាប់ពី​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន ក្នុងភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ក្នុង​នោះ មាន​ស្នាក់​ការ​មួយ​កន្លែង ដែល​នៅ​ជាប់ជើង​ភ្នំ​ដងរែក និង​មាន​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង ដែល​ឈប់​ចត​រថយន្ត ចាំ​ប្រដេញ​យានជំនិះ​ប្រជាពលរដ្ឋ​ណា ដឹក​ទំនិញ​ឡើង​ភ្នំ និង​ចុះ​ពីលើ​ភ្នំ មិន​បង់លុយ​ឱ្យ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កន្លែង​ដែល​រថយន្ត​ចាំ​ប្រដេញ​យានជំនិះ​ដឹក​ទំនិញ​ខាងលើ និង​បាន​ប្រើ​កូន​ក្មេង​ម្នាក់ ចាំ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​គ្រប់​ប្រភេទ គឺជា​ស្នាក់​ការ​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ហើយ​បើ​តាម​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ស្នាក់​ការ​កុងត្រូលជជុះ​ខាងលើ គឺជា​របស់​លោក អ៊ុំ សុខ​ជា មាន​តួនាទី​ជា​នគរបាល​សេដ្ឋកិច្ច​ក្រសួង ប្រចាំការ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា កុងត្រូលជជុះ​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ក្រោម​ការ​គ្រប់​គ្រង់​របស់ អ៊ុំ សុខ​ជា បាន​បង្ក​ជា​ព្យុះ​ភ្លៀង តាម​ប្រមាញ់​យ៉ាង​ស្វិតស្វាញ ចំពោះ​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច មិន​បង់លុយ​ឱ្យ បើ​ទោះបីជា​ប្រជាពលរដ្ឋ​ដឹក​អនុ​ផល​ព្រៃឈើ​ក៏​ដោយ​។​

ប្រជាពលរដ្ឋ​ក៏​បាន​បន្ត​ថា ក្រៅពី​ប្រដេញ​យានជំនិះ​ដឹក​ទំនិញ កុងត្រូលជជុះ​នគរបាលសេដ្ឋកិច្ច​ក្រសួង សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ ក៏​កូនចៅ​របស់​លោក អ៊ុំ សុខជា ប្រដេញ​មិន​ឱ្យ​ចន្លោះ​នោះ​ដែរ​។ ហើយ​ក្រៅពី​នោះ ការ​រិះគន់​ពី​សមត្ថកិច្ច​ថា លោកលោក អ៊ុំ សុខ​ជា បាន​ដាក់​សាច់ញាតិ​របស់​ខ្លួន ដែល​មិន​មាន​តួនាទី​អ្វី​ទាំងអស់ ចាំ​បើករថយន្ត​ប្រដេញ​ប្រជាពលរដ្ឋ និង​បាន​ដាក់​កូន​ក្មេង​ម្នាក់ ចាំ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដឹក​អីវ៉ាន់​។

ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់ ពី​សំណាក់​ប្រជាពលរដ្ឋ ទៅ​លោក​អនុសេនីយ៍ឯក អ៊ុំ សុ​ជា ដែល​ជា​ប៉ូ​លី​ស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទំនាក់ទំនង​តាម​ទូរស័ព្ទ​អំពី​បញ្ហា​នេះ តែ​លោក​មិន​បាន​បកស្រាយ​អ្វី​ទាំងអស់ នៅ​ពេល​អ្នក​សារព័ត៌មាន​យើង​សួរ លោក​ប្រាប់​ថា លោក​ស្តាប់​មិនសូវ​បាន ពុំ​សូវ​មាន​សេវា​ទូរស័ព្ទ ហើយ​ជាប់រវល់​នៅ​ឆ្ងាយ​។ ដោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ យើង​មិន​អាច​ទំនាក់ទំនង​ពី​លោក​ឧត្តមសេនីយ៍ត្រី យិ​ន ពិសិដ្ឋ ជា​នគរបាល​សេដ្ឋកិច្ច​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ​បាន​ទេ​៕