យុវជន​ម្នាក់​ត្រូវ​គេ​កាប់​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​ប្រកប​របរ​ប៉ះ​កង់

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ កាប់​ស្លាប់​នៅ​វេលា​ម៉ោង​០៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ជាប់​ក្រោយ​របង​រោងចក្រ MV  ស្ថិត​ក្នុង ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ ។ លោក ឆាយ ខែ​ម​រ័​ត្ន អធិការ នគរបាល​ក្រុង​កំពង់ឆ្នាំង  បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ឹម សៅ​សុធា​រ៉ា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ ឆ្នាំង​។

លោក​បាន​ស្រង់​សម្ដី ម្តាយ​ជន​រង​គ្រោះ​បាន​និយាយ​ថា កូនប្រុស​គាត់​មានមុខ​របរ ជួសជុល និង​ប៉ះ​កង់​មុខ រោងចក្រ MV ។ នៅ​មុន​ពេល​កើតហេតុ កូនប្រុស​គាត់​បាន​រៀបចំ​ទុកដាក់​សម្ភារ​ប៉ះ​កង់ ជិត​រួចរាល់​ហើយ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ  ស្រាប់តែ​មាន​ទូរ​សព្ទ័ ចូល​មក​ទូរ​សព្ទ័​ដៃ កូនប្រុស​គាត់ បន្ទាប់​មក​កូនប្រុស​គាត់​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ណោះ មួយ​ភ្លែត ហើយ​កូនប្រុស​គាត់​ក៏​ជិះ​កង់​ចេញពី​កន្លែង​ប៉ះ​កង់ ពីមុខ​រោងចក្រ​ទៅ​ខាងក្រោយ​រោងចក្រ បាន មួយសន្ទុះ ក៏​ស្រាប់តែ​គាត់​ទទួល​ដំណឹង​ថា កូនប្រុស​គាត់​ត្រូវ​គេ​កាប់​ស្លាប់ នៅ​ក្រោយ​រោងចក្រ​បាត់​ទៅ​ហើយ ។ 

ប្រភព​ដដែល​បាន​ដកស្រង់​សម្ដី​ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន កូនប្រុស​គាត់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ មាន​គ្នា​២​នាក់​បាន​មក​គម្រាម​ថា ឯង​ប្រយ័ត្ន​ងាប់ ។ ក្រោយមក​បាន​ប៉ុន្មាន​ថ្ងៃ កូនប្រុស​គាត់ ត្រូវ​គេ​កាប់​ស្លាប់​ពិតមែន ។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា ឃាតកម្ម​ខាងលើ​នេះ​អាច​ថា ជា​រឿង​គំនុំ​ក្នុង​ផ្លូវ​រកស៊ី​មិន​ស្របច្បាប់  ហើយ​ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី  ៕