អាមេរិក​ឲ្យ​កម្ពុជា​ជាប់​លេខ​គ្រាន់​ជាង​មុន ​ស្តី​ពី​​ការ​ជួញ​ដូរ​​មនុស្ស​​ឆ្នាំ​២០១៦

ឆ្នាំ២០១៦នេះ ក្រសួងការបរទេសអាមេរិក បានផ្ដល់ចំណាត់ថ្នាក់ឲ្យកម្ពុជា ស្ថិត​ក្នុងចំណាត់ថ្នាក់លេខពីរ ដែល​ជា​ចំណាត់​ថ្នាក់​ល្អ ជាងកាលពីឆ្នាំទៅម៉ិញ។ ក្នុងឆ្នាំ២០១៥ កម្ពុជាជាប់នៅក្នុងចំណាត់​ថ្នាក់​លេខ​ពីរ​ដូច​គ្នា តែ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​នៅ​ឡើយ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ របស់​ស្ថានទូត​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា។
អាមេរិក​ឲ្យ​កម្ពុជា​ជាប់​លេខ​គ្រាន់​ជាង​មុន ​ស្តី​ពី​​ការ​ជួញ​ដូរ​​មនុស្ស​​ឆ្នាំ​២០១៦

ជំនួបមួយរវាងលោក ចន ឃេរី (ខាងឆ្វេង) រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

សម្រាប់ឆ្នាំ២០១៦នេះ ប្រទេស​កម្ពុជា មាន​ចំណាត់ថ្នាក់​លេខ​២ ដែលជា​ចំណាត់ថ្នាក់​ល្អ​ជាង​​ចំណាត់ថ្នាក់​លេខ​ ២ ​ក្នុង​បញ្ជី​តាមដាន ដែលកម្ពុជាទទួលបាន ​កាលពី​ឆ្នាំទៅ​ នៅក្នុងតារាងវាយតម្លៃ​រដ្ឋាភិបាលនានា នៅ​ជុំវិញ​ពិភពលោក លើ​ការ​ខិតខំ​របស់​ពួកគេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ នឹង​ទាសភាព​សម័យ​ទំនើប​ ហៅជា​ភាសា​អង់គ្លេស «Trafficking in Persons (TIP)»។ ចំណាត់ថ្នាក់​លេខ​២នេះ បានផ្ដល់ជូនទៅដល់​ប្រទេស​ចំនួន​៧៨ ដែល​​រដ្ឋាភិបាល​​របស់ប្រទេសទាំងនោះ មិនបាន​គោរព​ឲ្យ​បាន​ពេញលេញ ចំពោះ​បទដ្ឋាន​អប្ប​បរិ​មា ដូច​មាន​ចែង​​ក្នុង​​ច្បាប់ «TVPA» តែ​កំពុងមាន​ការខិតខំ​ច្រើន​គួរសម ដើម្បី​គោរព​តាម​បទដ្ឋាន​ទាំងនោះ ​។​

តាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦​នេះ បានសរសេរឲ្យដឹងថា ការ​បាន​ឡើងដល់​ចំណាត់ថ្នាក់​លេខ២ របស់កម្ពុជា ដោយ​ផ្អែកតាម​ការ​ខិតខំ​ច្រើន​​គួរសម របស់​រដ្ឋាភិបាល​កម្ពុ​ជា នៅក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​មនុស្ស នៅក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​។ រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​អនុវត្ត ផែនការ​សកម្ម​ភាពជា​តិ ដែល​ត្រូវបាន​បង្កើតឡើង នៅក្នុង​អំឡុង​ពេល នៃ​របាយការណ៍​លើក​មុន ហើយ​បានកំណត់​ផ្តល់​ថវិកា ចំនួន ៥០០.០០០ដុល្លារ​អាមេរិក ដល់​គណៈកម្មាធិការ​​អន្តរ​ក្រសួង ដែល​ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​មនុស្ស របស់​ប្រទេស​កម្ពុជា​។

«គោលការណ៍​ណែនាំ​ថ្នាក់ជាតិ សំរាប់​កំណត់ និង​បញ្ជូន​ជនរងគ្រោះ ត្រូវបាន​អនុម័ត ហើយ​អាជ្ញាធរ​មូលដ្ឋាន បាន​រកឃើញ​ជនរងគ្រោះ ចំនួន ៥៨៩ នាក់ ដែលជា​ចំនួន កើន​ពី​ចំនួន ៣២៦ នាក់ កាលពី​ឆ្នាំទៅ»។

សេចក្ដីប្រកាសព័ត៌មានដដែល បានសរសេរទៀតថា៖ «​របាយការណ៍​ឆ្នាំ ២០១៦ នេះ ក៏បាន​កត់សំគាល់​ឃើញ​​ផងដែរ ពី​ដំណើរ​ជឿនលឿន​របស់ រដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់ទោស និង​ដាក់ទោស ពិសេស​លើ​បទ​ល្មើស​​នៃ ការជួញដូរ​កំលាំង​ពលកម្ម​។ ក្រៅពី​ការបញ្ជាក់​ពី​ជោគជ័យ​ទាំងនេះ របាយការណ៍​នេះ ថែមទាំង​ផ្តល់​អនុសាសន៍​​ផងដែរ ហើយ​បង្ហាញ​ចំណុច​នានា សំរាប់ធ្វើ​ការកែលំអ នៅក្នុង​ការខិតខំ​រប​ស់ ប្រទេស​កម្ពុជា ដើម្បី​​ប្រយុទ្ធ​ប្រឆាំងនឹងទាសភាព​សម័យ​ទំនើប​។»

​គួរបញ្ជាក់ដែរថា របាយការណ៍ «TIP» ប្រចាំឆ្នាំ​លើក​ទី ១៦ នេះ មានការ​រៀបរាប់​ពី​ប្រទេស និង​ទឹកដី​ចំនួន ១៨៨ ដោយ​​រាប់បញ្ចូលទាំង​សហរដ្ឋអាមេរិក​ផង។ នៅក្នុង​ពិធី​ប្រកាស​បាយ​ការណ៍​កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​​២០១៦​នេះ លោក​រដ្ឋមន្ត្រី ចន ឃេរី (Jonh Kerry) បានផ្តល់​កិត្តិយស​ដល់​វីរៈជន ក្នុង​របាយការណ៍ «TIP» ឆ្នាំ​២០១៦ គឺ​​មនុស្ស​​ប្រុស ស្រី​ដែល​ការខិតខំ​ផ្ទាល់ខ្លួន​របស់គេ បានធ្វើអោយ​គេ​មាន​ស្នាដៃ​លេចធ្លោ នៅក្នុង​ការ​ប្រយុទ្ធ​​ជា​សាកល ប្រឆាំងនឹង​ទាសភាព​​សម័យ​ទំនើប​នេះ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា របាយការណ៍លំអិតជាភាសាខ្មែរ ទាក់ទងនឹងប្រទេសកម្ពុជា នឹង​ត្រូវ​ចេញ​ផ្សាយ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែលោកអ្នកអាចចូលទៅទស្សនា ឬអានរបាយការណ៍នោះ ជា​ភាសា​អង់គ្លេស​បាន នាពេលនេះ ដោយចូលទៅកាន់គេហទំព័រ របស់ក្រសួងការបរទេសអាមេរិក តាម​រយៈ​ខ្សែ​ភ្ជាប់​នេះ