អ៊ឺរ៉ូ២០១៦៖ វៀល្ស៍ កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​លត់​ប៊ែលហ្សិក៣-១

ក្រុមបាល់ទាត់ ដែលមិនសូវដែលឃើញមុខ ច្រើនតែបង្កើតភាពភ្ញាក់ផ្អើល ដូចក្រុមជម្រើសជាតិ អ៊ីស្លង់ ជា​ដើម ដែល​បាន​បំបាក់​ក្រុម អង់គ្លេស នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ កន្លងមកនេះ។ តែនៅយប់នេះ ក្រុមជម្រើស​ជាតិ​វៀល្ស៍ (Wales - ប្រជាជាតិ​មួយ​​ស្ថិត​នៅ​ភាគ​ខាងលិច ក្នុងចក្រភពអង់គ្លេស) បានលុតក្រុមប៊ែលហ្សិក ឬក្រុម​បីសាច​ក្រហម​ដ៏​ល្បីល្បាញ ដោយ​ពិន្ទុ​៣ទល់​នឹង១ ដើម្បី​ដណ្ដើម​យក​សំបុត្រ ឡើងទៅវគ្គ១ភាគ២ នឹងជួបជាមួយ​ក្រុម​ព័រទុយហ្គាល់។
អ៊ឺរ៉ូ២០១៦៖ វៀល្ស៍ កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​លត់​ប៊ែលហ្សិក៣-១

កីឡាករដ៏ល្បីឈ្មោះ «Gareth Bale» បានស្រែកច្រៀងរាំ ជាមួយក្រុមអ្នកគាំទ្រ បន្ទាប់ពីជ័យជំនះ​របស់ក្រុមវៀល្ស៍ លើក្រុមប៊ែលហ្សិក។ (រូបថត UEFA)

ក្រុមបាល់ទាត់ជម្រើសជាតិមួយ ដែលគេចាត់ទុកថា ជាក្រុមតូចតាច ព្រោះខានចូលមកប្រកួត ក្នុងជំនួប​ជា​លក្ខណៈ​អន្តរជាតិដូច្នេះ តាំងពី៤៨ឆ្នាំមកហើយនោះ បែរជាបង្កើតនូវការភ្ញាក់ផ្អើល មិនអាចស្មានដល់ ដល់​ពិភព​បាល់​ទាត់ទាំងមូល ជាពិសេសសម្រាប់គូប្រកួតរបស់ខ្លួន នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ ក្រុមវៀល្ស៍ (Wales - ប្រជាជាតិមួយ​ស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស) ដែលឈរនៅចំណាត់ថ្នាក់ ទី២៦ នៃតារាង​ចំណាត់​ថ្នាក់ពិភពលោក របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នោះ មិនត្រូវបានអ្នកផង ជាពិសេស​ក្រុម​អ្នក​តាម​ដាន​បាល់ទាត់ គិតថានឹងអាចយកឈ្នះ លើក្រុមប៊ែលហ្សិក ឬក្រុមបីសាចក្រហម (ដែលឈរនៅ​លេខ​រៀង ទី២) នោះឡើយ។

តែទីបំផុតក្រុម វៀល្ស៍ បានបំបាក់ក្រុមបីសាចក្រហម ឲ្យ«ហាវអាវ»មុនការព្រាងទុក​យ៉ាងអាម៉ាស់ ជាមួយ​នឹង​ពិន្ទុ ៣ទល់នឹង១ ក្នុងយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ នាកីឡាដ្ឋានក្រុម លីល៍ (Lille) ភាគខាងជើង​ប្រទេស​បារាំង។ គ្រូបង្វឹករបស់ក្រុម វៀល្ស៍ លោក «Chris Coleman» បានថ្លែងសរសើរក្រុមរបស់លោក ថាពិត​ជា​អស្ចារ្យ​ណាស់។ លោក «Chris Coleman» បានថ្លែងថា៖ «វាជាការប្រកួតមួយដ៏សំខាន់ សម្រាប់​ប្រទេស​យើង តាំងពីការប្រកួតលើកមុន នាឆ្នាំ១៩៥៨ ដែលនៅពេលនោះ យើងបានឡើងដល់ ត្រឹមតែវគ្គ​១ភាគ៤​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ»។ នាឆ្នាំនោះ ជាជំនួប​ដណ្ដើមជើងឯក​បាល់ទាត់ពិភពលោក ហើយក្រុមវៀល្ស៍ បានជួប​ជា​មួយ​ក្រុម​ប្រ៊េស៊ីល នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។

រីឯការប្រកួតក្នុងយប់ថ្ងៃសុក្រនេះវិញ នៅកន្លះម៉ោងដំបូង សន្ធឹកបាល់ហាក់ដូចជានៅនឹងជើង របស់​ក្រុម​ប៊ែលហ្សិក​ឯណោះ​ទេ ជាពិសេសនៅនាទីទី១៣ ពេលដែលគេឃើញ កីឡាករប៊ែលហ្សិក «Radja Nainggolan» បាន​ទាត់​បញ្ចូល​ទី​ពីចំងាយ ២០ម៉ែត្រ រកពិន្ទុឲ្យក្រុមបីសាចក្រហមរបស់ខ្លួន នាំមុខក្រុមវៀល្ស៍ ១-០។ ប៉ុន្តែ​នៅ​នាទី​ទី៣០ ក្រុមវៀល្ស៍បានរកពិន្ទុស្មើរមកវិញ ជាមួយនឹងបាល់បញ្ជូនមកពីជ្រុង ហើយគឺ​កីឡាករ «Ashley Williams» ជា​អ្នកប្រើក្បាលខ្លួន បុកបាល់នេះបញ្ចូលទី ដ៏គួរឲ្យស្ងប់ស្ងែង។

នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមប៊ែលហ្សិកខំប្រឹងបើកការវាយលុកយ៉ាងសន្ធាប់ ដើម្បីរកគ្រាប់បាល់​បំពេញ​ពិន្ទុ យកឈ្នះលើក្រុមវៀល្ស៍។ តែនៅចំពោះខ្សែការពារដ៏រឹងមាំ និងសាមគ្គីភាពចុះមកទប់ទាំងអស់គ្នា របស់​ក្រុម​វៀល្ស៍ ក្រុមបីសាចក្រហមប៊ែលហ្សិកមិនអាចធ្វើអ្វីបាន ឬមិនអាចបង្កគ្រោះថ្នាក់ ឲ្យធ្ងន់ធ្ងរដល់​អ្នកចាំទី​ជាតិ​វៀល្ស៍​នោះ​ឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ចន្លោះប្រហោង ឬអាចនិយាយម្យ៉ាងទៀត ពីការធ្វេសប្រហែស​របស់​ខ្សែ​ការពារ​ប៊ែលហ្សិក បានបណ្ដោយឲ្យកីឡាករវៀល្ស៍ «Robson-Kanu» ទទួលបានបាល់ ហើយ​ពញ៉ាក់​ដាច់​អស់​ខ្សែ​ការពារ​ដែល​នៅ​ជុំ​វិញ​ខ្លួន មុននឹងទាត់មួយទំហឹងជើង បញ្ចូលទីរបស់ប៊ែលហ្សិកមួយ​គ្រាប់​ទៀត នៅ​នាទី​ទី៥៥។

ការប្រកួតបានបន្តទៀត ជាមួយនឹងការវាយសម្រុកទ្វេរឡើង របស់ក្រុមប៊ែលហ្សិក ធ្វើយ៉ាងណារក​ពិន្ទុ​ស្មើរ​មក​វិញ។ តែគិតតែវាយសម្រុក ខណៈខ្សែការពាររបស់ខ្លួន នៅតែមានភាពប្រហោងនោះ ក្រុមប៊ែលហ្សិក​បាន​ទុក​ឱកាស ឲ្យកីឡាករវៀល្ស៍ «Sam Vokes» បង្ហាញស្នាដៃយកក្បាលបុកបាល់ ដែលទទួលបានពីកីឡាករ «Chris Gunter» រកបានគ្រាប់បាល់មួយទៀត នៅនាទីទី៨៥។ ជាមួយនឹងពិន្ទុ ៣ទល់នឹង១ និងមក​ដល់​វេលា​នេះ ក្រុមបីសាចក្រហមមិនមានសង្ឃឹមអ្វី អាចនឹងរកគ្រាប់បាល់ឲ្យបានស្មើរវិញឡើយ ជាពិសេស​នៅ​ចំពោះ​ក្រុម​បាល់ទាត់​មួយ ដែលមានសាច់បាល់ដ៏នឹងនរ បច្ចេកទេសទប់ និងបញ្ចូនបាល់ សឹងតែបាន​ល្អ​ឥត​ខ្ចោះ​នោះ។

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖

ក្រុមវៀល្ស៍ នឹងត្រូវទៅជួបក្រុមព័រទុយហ្គាល់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ១ភាគ២) នាកីឡាដ្ឋានក្រុង លីយ៉ុង (Lyon) ភាគខាងត្បូងបារាំង នៅថ្ងៃពុធសប្ដាហ៍ខាងមុខ។ ហើយកីឡាករដ៏ល្បី «Gareth Bale» និង​កីឡាករ​ម្ចាស់បាល់មាសបីជំនាន់ «Cristiano Ronaldo» មកពីក្រុមជម្រើសជាតិទាំងសងខាង នឹងត្រូវ​ប្រឈម​មុខ​គ្នា ខណៈពួកគេទាំងពីរនាក់ មកពីក្រុមអាជីព «Real Madrid - នៅអេស្ប៉ាញ» តែមួយ៕

អ៊ឺរ៉ូ២០១៦៖ វៀល្ស៍ កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​លត់​ប៊ែលហ្សិក៣-១