តុលាការស្នើ​រដ្ឋសភាឲ្យ​ដក​អភ័យ​ឯកសិទ្ធិតំណាងរាស្រ្តបក្សប្រ​ឆាំងពីររូប

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈក្រសួងយុត្តិធម៌ស្នើទៅប្រធានរដ្ឋសភាឲ្យពិចារណាពីនីតិវិធីលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្តគណបក្សប្រឆាំងពីររូបទៀតដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌថាបានប្រព្រឹត្តអំពើសញ្ចារកម្ម។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ទៅតាមសំណើរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលស្នើឲ្យក្រសួងយុត្តិធម៌ចាត់នីតិវិធីបន្តក្នុងការស្នើសុំលើកអភ័យឯកសិទ្ធិសភាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលលោក តុ វ៉ាន់ចាន់ និងតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ពិន រតនា។ បើតាមលិខិតរបស់ក្រសួងយុត្តិធម៌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសង្ស័យអ្នកទាំងពីរថាបានប្រព្រឹត្តអំពើសញ្ចារកម្មដែលជាបទល្មើសព្រហ្មទណ្ឌ។

ក្រសួងសរសេរក្នុងលិខិតរបស់ខ្លួនទៀតថាដើម្បីអាចឲ្យអយ្យការអមសាលាដំបូងអាចអនុវត្តច្បាប់ចំពោះតំណាងរាស្រ្តបក្សប្រឆាំងទាំងពីររូបនេះបាន ក្រសួងស្នើឲ្យប្រធានរដ្ឋសភាចាត់នីតិវិធីបន្តលើសំណើលើកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តនេះ។

ក្នុងសេចក្តីថ្លែងហេតុដែលក្រសួងយុត្តិធម៌ភ្ជាប់ទៅជាមួយសំណើរបស់ខ្លួននោះ ក្រសួងសរសេរថាលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ជាអ្នកសម្របសម្រួលឲ្យមានការជួបគ្នារវាងលោក កឹម សុខានិងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ នៅប្រទេសថៃ។ ក្នុងសេចក្តីថ្លែងហេតុដដែល ក្រសួងសរសេរថាអ្នកទាំងពីរបានបញ្ជាក់ប្រាប់កញ្ញាស្រីមុំ ថានឹងបានទួលប្រាក់និងផ្ទះពីលោក កឹម សុខា ជាការដោះដូរនឹងទំនាក់ទំនងស្នេហានេះ។

បើតាមសេចក្តីថ្លែងហេតុ ក្រសួងបានលើកយកមាត្រា២៨៤នៃក្រមព្រហ្មទណ្ឌពីន័យរបស់ពាក្យសញ្ចារកម្ម ដែលន័យមួយក្នុងចំណោមន័យផ្សេងទៀតមានន័យថាសញ្ចារកម្មគឺជាការជ្រើសរើស ពង្រត់ឬការអូសទាញបុគ្គលណាមួយឲ្យធ្វើអំពើពេស្សាចារ។ បើតាមមាត្រានេះ អ្នកប្រព្រឹត្តត្រូវមានទោសពី២ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

លោក តុ វ៉ាន់ចាន់ ប្រាប់វីអូឌីតាមរយៈហ្វេសប៊ុកថា៖ “ខ្ញុំអត់យល់ទេ ព្រោះខ្ញុំអត់ដឹងរឿង ទាល់តែទៅសួរអ្នកដែលគេបង្កើតរឿងទើបយល់”។ វីអូឌីមិនទាន់អាចទាក់ទងលោក ពិន រតនា បាននៅឡើយ។

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គឹមសួរ ភិរិទ្ធិ ថ្លែងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់ខ្លួននៅរសៀលនេះថាប្រធានរដ្ឋសភាគ្រាន់តែមានសិទ្ធិដាក់របៀបវារៈសម្រាប់សភាពេញអង្គបោះឆ្នោតគាំទ្រថាដកឬព្យួរអភ័យឯកសិទ្ធសភារបស់តំណាងរាស្រ្តនេះតែប៉ុណ្ណោះ។ លោកថាចំនួនសមាជិកសភារបស់បក្សកាន់អំណាចមិនអាចគ្រប់២ភាគ៣សម្រាប់ដកអភ័យឯកសិទ្ធិសភាពីតំណាងរាស្រ្តបក្សប្រឆាំងបាននោះដែរ។

លោកបន្ថែមថា៖ “សភាគ្រាន់តែដាក់របៀបវារៈទេ យល់ទេ ហើយជជែកនៅពេញអង្គ យកមកបោះឆ្នោតថាតើយល់ព្រមលើកឬក៏ដកយ៉ាងម៉េចតាម២ភាគ៣ទៅ អ៊ីចឹងបោះ(ឆ្នោត)មិនចេញវាមិនគ្រប់ធ្វើវាមិនកើត ប៉ុន្តែបានគោរពច្បាប់ បានធ្វើតាមនីតិវិធីច្បាប់…ធ្វើគ្រាន់តែដកព្យួរអត់បាន ព្រោះត្រូវការសំឡេងតាមច្បាប់”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ អយ្យការអមសាលាដំបូងបានចេញដីកាកោះអញ្ជើញតំណាងរាស្រ្តបក្សប្រឆាំងទាំងពីររូបក្នុងនាមជាជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌថាបានប្រព្រឹត្តអំពើសញ្ចារកម្ម ប៉ុន្តែអ្នកទាំងពីរមិនបានចូលខ្លួនតាមការកោះអញ្ជើញនោះទេ ដោយសំអាងថាខ្លួនមានអភ័យឯកសិទ្ធិសភានិងថាដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារនេះថាគ្រាន់តែជាការរៀបចំឡើងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ៕

ប្រភពៈ VOD