មធ្យោបាយ​ធ្វើ​អោយ​ប៉ូលិស​ចរាចរណ៍​មាន​ស្នាមញញឹម​តាម​ដងផ្លូវ​អោយ​ច្រើន

មានរឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​មាន​តាម​ដងផ្លូវ ពិ​េ​សស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ នោះ​គឺ​ទំនាស់​រវាង​ប៉ូលិស​ចរាចរណ៍​ដែល​ធ្វើការ​សម្រួល​ចរាចរណ៍ និង​អ្នក​បើក​យានយន្ត​តាម​ដងផ្លូវ​។

ប៉ូលិស​ចរាចរណ៍​បាន​ទទួល​រង​ការ​រិះគន់​ច្រើន​ជាង​ការ​សរសើរ​ចំពោះ​ការងា​របស់​ពួក​គេ​ក្រោម​កំ​ដៅ​ថ្ងៃ​ដ៏​សែន​ក្តៅ​។ តាម​ពិត​ទៅ​ពួក​គេ​បាន​ធ្វើ​ការងារ​ដ៏​លំបាក ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រជាជន​កម្ពុជា ពិ​សេស​អ្នកបើកបរ​មិន​ស្ទះចរាចរណ៍ ឬ​ក៏​មិន​គ្រោះថ្នាក់​ចរាចរណ៍​។ ការងារ​នេះ​គឺជា​ការងារ​ដ៏​លំបាក​ហើយ​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ចង់​ចាប់​យក​ការងារ​នេះ​ដើម្បី​ជីវិត​។

ដោយ​ពិចារណា​ទៅ​លើ​សារសំខាន់​នៃ​ការងារ និង​ការ​លះបង់​របស់​ប៉ូលិស​ចរាចរណ៍ គេ​គួរតែ​មានការ​លើកទឹកចិត្ត​អោយ​បាន​ច្រើន​ដល់​ពួក​គេ​ដែល​ធ្វើការ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅ​ខ្លាំង និង​ក្រោម​តំណក់ភ្លៀង​។

ការ​លើក​ទឹ​​ក​ចិត្ត រួម​មានការ​ផ្តល់​ការ​សរសើរ និង​ប្រាក់ខែ​កាន់តែ​ច្រើន​សម្រាប់​ពួក​គេ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ពួក​គេ​អាចរ​ស់បាន​ស្រួល​។ ប្រាក់ខែ​ទាប​បាន​ធ្វើ​អោយ​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​ងាក​ទៅ​រក​ការ​ផាកពិន័យ​ពី​អ្នកបើកបរ​យានយន្ត ដើម្បី​បង្គ្រប់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ ហេតុ​ដូច្នេះ អ្នកខ្លះ​បាន​ធ្វើ​មុខមាំ និង​កាច ដើម្បី​ធ្វើ​យ៉ាងណា​អោយ​អ្នកបើកបរ​យានយន្ត​ដែល​ពួក​គេ​ហៅ​យល់ព្រម​ផ្តល់​លុយ​ដល់​ពួក​គេ ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​អោយ​បន្តដំណើរ​ទៅ​មុខ​ទៀត​។ នេះ​ជា​របៀប​នៃ​ការ​រក​លុយ​មួយ​ប្រកបដោយ​កំហុសឆ្គង​ដែល​សម​នឹង​ធ្វើការ​កែប្រែ​។

ការ​ដោះស្រាយ​បញ្ហា​ខុសច្បាប់​ចរាចរណ៍​ជាមួយនឹង​ស្នាមញញឹម និង​ផ្អែក​លើ​ច្បាប់​នឹង​បង្កើន​ការ​គោរព និង​ស្រឡាញ់​កាន់តែ​ច្រើន ចំពោះ​ប៉ូលិស​ចរាចរណ៍​។ ដូច្នេះ​មុខមាំ និង​កាច​តាម​ដងផ្លូវ​គួរតែ​ត្រូវ​ជំនួស​ដោយ​ភាព​រម​ទ​ម្យ និង​ញញឹម​ស្រស់ស្រាយ ដើម្បី​បង្កើន​ការ​គោរព និង​ស្រឡាញ់​កាន់តែ​ច្រើន​ពី​សាធារណជន​ទូទៅ​។

ប៉ុន្តែ​ដើម្បី​អោយ​ពួក​គេ​អាច​ញ​ញឺ​ម​បាន​ក្រោម​កំ​ដៅ​ថ្ងៃ និង​ភ្លៀង​នោះ ពួក​គេ​សម​នឹង​ទទួល​បានការ​លើកទឹកចិត្ត ការ​គោរព និង​ស្រឡាញ់​កាន់តែ​ច្រើន​ជាង​នេះ​ពី​រដ្ឋ និង​សាធារណជន​ទូទៅ​។ សំខាន់​បំផុត​នោះ ពួក​គេ​សម​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ដែល​សមរម្យ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ បើសិនជា​ពួក​គេ​មិន​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ដោយ​សមរម្យ​ទេ​នោះ ពួក​គេ​ប្រហែលជា​ពិបាក​នឹង​ញ​ញឺ​ម​ក្រោម​កំ​ដៅ​ថ្ងៃ និង​ទឹកភ្លៀង​ណាស់​។ នៅ​ពេល​ដែល​ក្រពះ​មនុស្ស​មិន​មាន​អាហារ​គ្រប់គ្រាន់ ពួក​គេ​មិន​មាន​ពេល​នឹង​គិតដល់​សីលធម៌ ឬ​ស្នាមញញឹម​ទេ​។

ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​តាម​ដងផ្លូវ គេ​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​ដល់​ជីវភាព​រស់នៅ​របស់​ប៉ូលិស​ចរាចរណ៍​ទាំងអស់​៕