លោកតា​អាយុ​៨៩​ឆ្នាំ​ធាក់​ស៊ី​ក្លូ ក្លាយជា​ឪពុក​ធម៌​សម្តេច​តេ​ជោ

រាជធានី​ភ្នំពេញ ៖​ទីបំផុត​ទៅ​លោកតា​អាយុ​៨៩​ឆ្នាំ ដែល​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ក្នុង​រាជធានី​ភ្នំពេញ និង​ចង់​ជួប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​លុយ​១​ពាន់​ដុល្លារ​យក​ទៅ​សង់ផ្ទះ​នៅ​ខេត្តស្វាយរៀង​នោះ បាន​ត្រូវ​សម្តេច​នាយក​រដ្ឋមន្ត្រី​សុំ​ធ្វើ​ជា​ឪពុក​ធ​ម៌ និង​សន្យា​សង់ផ្ទះ ​និង​ចិញ្ចឹម​លោកតា​អស់​មួយ​ជីវិត នេះ​បើ​យោង​តាម Facebook សម្តេច​តេ​ជោ ហ៊ុន សែន។

បើ​តាម Facebook ​សម្តេច​ដដែល «​បន្ទាប់​ពី​មានការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook អំពី​ជីវិត​តស៊ូ​របស់​លោកតា​ឈ្មោះ ពុត សឿ​ន មាន​អាយុ​៨៩​ឆ្នាំ  ដែល​​មក​ធាក់​ស៊ី​ក្លូ​នៅ​ទីក្រុង​ភ្នំពេញ​នោះ ហើយ​បាន​ដំណឹង​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​យប់មិញ ហើយ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឡប់​ពី​ការ​ចូលរួម​ក្នុង​ទិវា​មច្ឆជាតិ​នៅ​ឯ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ក៏​បាន​ណាត់ជួប​លោកតា​នៅ​គេហដ្ឋាន​របស់​សម្តេច​នៅ​វិមាន​ឯករាជ្យ ។ សម្តេច​តេ​ជោ​បាន​សំណេះសំណាល​សាកសួរ​ពី​ប្រវត្តិ និង​ដំណើរ​ជីវិត​របស់​លោកតា ។ សម្តេច​តេ​ជោ បាន​សរសើរ​លោកតា និង​បាន​សុំ​លោកតា​ជា​ឪពុកធម៌​ទៀត​ផង ។ សម្តេច​តេ​ជោ​នឹង​ធ្វើ​ផ្ទះ​មួយ​ខ្នង​ជូន​ដល់​លោកតា​នៅ​ឯ​ខេត្តស្វាយរៀង ហើយ​សន្យា​ចិញ្ចឹម​លោកតា​អស់​មួយ​ជីវិត​ទៀត​ផង​»៕