​វិភាគ​៖ ​Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វាយរៀង​ ប៉ះ ​ការ​ពារ​ជាតិ

​​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Hun Sen Cup 2016 ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ ​​នា​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ ក្រុម​​​​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ប៉ះ​​ក្រសួង​ការ​ពារ​ជាតិ​ដណ្ដើម​​យក​ជ័យលាភី​ជើង​ឯក​ ខណៈ​​ក្លឹប​ភ្នំពេញ​ក្រោន ជួប​ជា​មួយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់) ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដែល​ទាំង​ពីរ​គូ​​​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV។

 

 ​វិភាគ​៖ ​Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វាយរៀង​ ប៉ះ ​ការ​ពារ​ជាតិពាន Hun Sen Cup

 

​ទស្សនៈ​គ្រូ​បង្វឹក​
​​លោក សំ វ៉ាន់​ដេត​ គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បាន​លើក​ឡើង​ថា ក្លឹប​​ក្រសួង​ការពារ​ជាតិ និង​​ក្លឹប​របស់​លោក​ប្រៀប​បាន​ដូច​ជា​បង​ប្អូន។ លទ្ធផល​ចាញ់​ឈ្នះ​​​​ ក្រុម​ទាំង​ពីរ​ នឹង​បង្ហាញ​លើ​ទីលាន ​ដោយ​បច្ចេកទេស​​​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​​អាជីព។

 

 ​វិភាគ​៖ ​Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វាយរៀង​ ប៉ះ ​ការ​ពារ​ជាតិ​​លោក សំ វ៉ាន់​ដេត

 

​លោក​បន្ថែម​ថា ការពារ​ជាតិ​ជា​​ក្រុម​ខ្លាំង​ និង​មាន​សមត្ថភាព​ខ្ពស់​​ ដែល​​​កីឡាករ​គ្រប់​រូប​របស់​ក្លឹប​មួយ​នេះ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​​ស្វាយរៀង​គ្រប់​ពេល​វេលា។ ​ចំពោះ​ការ​ជួប​គ្នា​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ​ប្រសិន​បើ​ក្រុម​របស់​លោក​អាច​ត្រៀម​ខ្លួន​ ​​ព្រម​ទាំង​រៀប​ចំ​​​បាន​ល្អ នឹង​អាច​លើក​ពាន​ម្ដង​​ Hun Sen Cup 2016។

 

​លោក ​​ទេព ឡុង​រចនា ​វិញ​បាន​លើក​ឡើង​ថា ​ទោះ​បី​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​របួស​ច្រើន កាល​ប៉ះ​​ភ្នំពេញ​ក្រោន​ក៏​លោក​មិន​គិត​ថា​ វា​ជា​ផល​ចំណេញ​សម្រាប់​ក្រុម​លោក​​ឡើយ។ ​ក្លឹប​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​មាន​ថ្នាល​យុវជន​ល្អ ហេតុ​នេះ​លោក​គិត​ថា​ របួស​កីឡាករ​ពីរ​ ឬ​​បី​នាក់​មិន​មាន​បញ្ហា​ សម្រាប់​​​​ក្រុម​ជើង​ឯក​​ឆ្នាំ​ចាស់​មួយ​នេះ​ឡើយ។

 

 ​វិភាគ​៖ ​Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វាយរៀង​ ប៉ះ ​ការ​ពារ​ជាតិលោក ​​ទេព ឡុង​រចនា

 

​ជើង​កីឡាករ
​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​មាន​របួស​កីឡាករ​សំខាន់​មួយ​ចំនួន​គឺ ​ខ្សែ​ការពារ​ ណុប តុលា (​របួស​ចាស់​) ប្រាក់ មុន្នី​ឧត្ដម (​មិន​ទាន់​ជា​ពី​របួស ១០០​%) ហួយ ផល្លីន ​(​​គ្រូ​បង្វឹក​ថា អាច​ជា​ទាន់​ពេល​វា)។

 

ចំណែក​ក្លឹប​បាល់ទាត់​​ក្រសួង​ការពារ​ជាតិ​វិញ​​ ភួង សុខសាណា ​(មិន​អាច​ចូល​លេង​បាន​របួស​)។

 

​ទស្សនៈ

​បើ​តាម​ខ្ញុំ​សម្គាល់​មើល​ទៅ​លើ​ប្រព័ន្ធ​​ការពារ​របស់​​​​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង យល់​ឃើញ​ថា ​​ពួក​គេ​មាន​​កម្រិត​ការពារ​​ល្អ​បង្គួរ ដោយ​របូត​គ្រាប់​បាល់ ១​​គ្រាប់​​គិត​ត្រឹម​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​ក្នុង​នោះ​ នេន សុធារ័ត្ន ​សឿយ វិសាល ​សារ៉េត​ គ្រី​យ៉ា ​និង​ណុប តុលា (​មិន​បាន​លេង​ទេ​ប៉ះ​ទ័ព​) សុទ្ធ​​តែ​បំពេញ​ភារកិច្ច​ការ​ពារ​បាល់​បាន​យ៉ាង​ល្អ។ ​ស្រប​ពេល​ប្រព័ន្ធ​បម្រើ​មាន​​​ភាព​រស់​រវើក ​ដោយ​មាន​ការ​ចុះ​ជួយ​នាំ​លេង​ដោយ​តារា​ឆ្នើម​​ ប្រាក់ មុន្នីឧត្ដម។

 

​សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម​​លោក​ សំ វ៉ាន់​ដេត ​ហាក់​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន នៅ​ពេល​ដែល​​ ប្រាក់​ មុន្នីឧត្ដម ចុះ​ជួយ​មក​លេង​បម្រើ​កណ្ដាល។ ​នេះ​អាច​មក​ពី​ការ​រៀប​ចំ​លេង​​របស់​លោក​គ្រូ​បង្វឹក ដែល​ព្យាយាម​​ឲ្យ​កូន​ក្រុម​ការពារ​ឲ្យ​បាន​ល្អ​រង់​​ចាំ​ឱកាស​វាយ​បក។

 

​​ចំពោះ​ក្លឹប​​​ក្រសួង​ការពារ​ជាតិ​ជា​ក្រុម​ខ្លាំង​នៅ​តំបន់​ការពារ​មែន​ទែន​​។ ពួក​គេ​មិន​ទាន់​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ឡើយ គិត​ត្រឹម​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ។ ប្រព័ន្ធ​បម្រើ​ ​ ច្រឹង​ ពល​រដ្ឋ ​ពៅ​ ភារិទ្ធ​ ឈិន ឈឿន ​​សុទ្ធ​តែ​មាន​សក្ដានុពល។ ស្រប​ពេល​ប្រព័ន្ធ​ប្រយុទ្ធ​មាន​ការ​សហការ​គ្នា​បាន​ល្អ​ជា​ក្រុម ទាំង​​បម្រើ និង​​ប្រយុទ្ធ​។

 

 ​វិភាគ​៖ ​Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វាយរៀង​ ប៉ះ ​ការ​ពារ​ជាតិក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​

 

​ប្រវត្តិ​ជួប​គ្នា
គិត​តាំង​ពី​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ន​ក្លឹប​​ទាំង​ពីរ​មិន​ទាន់​ប៉ះ​គ្នា​នៃ​ពាន​រង្វាន់​​សម្ដេច​នេះ​ទេ។ ​ប៉ុន្តែ​នៅ​លីគ​វិញ​ពួក​គេ​ធ្លាប់​ប៉ះ​គ្នា​ចំនួន ៦​លើក​គិត​តាំង​ពី​ឆ្នាំ​២០១៣ មក​ក្នុង​នោះ​​ក្រសួង​ការពារ​ជាតិ​​ឈ្នះ៤ និង​ព្រះ​ខ័ន​រាជ​​ស្វាយរៀង​ឈ្នះ ២​ដង។

 

កម្មវិធី​ការ​ប្រកួត​​ដណ្ដើម​លេខ​ ៣​​​រវាង​ក្រុម​ស៊ីម៉ាក់ ​ប៉ះ​ភ្នំពេញ​ក្រោន នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៣:៣០។ ខណៈ​ការ​ប្រកួត​​ដណ្ដើម​លេខ ១​​​​រវាង​​ក្រសួង​ការពារ ជួប ព្រះខ័ន​រាជ​ស្វាយរៀង ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៧:០០​នាទី។

 

​ចាំ​អ៊ុត​មើល​ស្អែក​ទាំង​អស់​គ្នា​​​តើ​ក្រុម​ណា​ នឹង​លើក​ពាន​​​ Hun Sen Cup 2016 ?

 

 ​វិភាគ​៖ ​Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វាយរៀង​ ប៉ះ ​ការ​ពារ​ជាតិក្រុម​ក្រសួង​ការពារ​ជាតិ​

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​