តើ​សុដន់​មាន​អ្វី​ប្លែក​ទៅ ក្រោយ​ពី​សម្រាលកូន​រួច​?

តើ​សុដន់​មាន​អ្វី​ប្លែក​ទៅ ក្រោយ​ពី​សម្រាលកូន​រួច​?


តើ​សុដន់​មាន​អ្វី​ប្លែក​ទៅ ក្រោយ​ពី​សម្រាលកូន​រួច​?

​ខណៈពេល​កំពុង​តែ​ត្រៀម​ខ្លួន ធ្វើ​ជា​ម្តាយ​គេ​នោះ សុដន់​អ្នក​មិនទាន់​ត្រៀមខ្លួន ដើម្បី​បំបៅកូន​ភ្លាម​ក្រោយ​ពី​សម្រាលកូន​រួច​ទេ​។ ដំបូង​ឡើយ អ្នក​គ្រាន់តែ​អាច​ផលិត​បាន ជា​សារធាតុ​ម្យ៉ាង​ឈ្មោះថា Colostrum ចេញពី​ក្បាលដោះ​ប៉ុណ្ណោះ ឬ​ខ្មែរ​យើង​ហៅ​ថា “​ទឹកដោះ​ដំបូង​” នោះឯង​។ ក្រោយ​ពី​សម្រាល​បាន ៣ ទៅ ៥ ថ្ងៃ សុដន់​នឹង​អាច​ផលិត​ទឹកដោះ​ធម្មតា​បាន ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់បំផុត​។ នៅពេលនេះ អ្នក​ក៏មាន​អារម្មណ៍​ថា សុដន់​អ្នក​មាន​ការឈឺចាប់​ខ្លាំង​ដែរ​។ នេះ​ដោយសារ​តែ មាន​លំហូរ​ឈាម និង​ទឹករងៃ​បន្ថែម នៅក្នុង​ជាលិកា​សុដន់ ដើម្បី​ជួយ​ឲ្យ​សុដ​ន់នោះ ត្រៀម​ខ្លួន​សម្រាប់​ការ​បំបៅ​ដោះ​កូន​។ នៅ​រយៈពេល ១០ ថ្ងៃក្រោយ អ្នក​នឹង​អាច​ផលិត​ទឹកដោះ​ពេញ​លក្ខណៈ​មួយ ដែល​អាច​បំបៅ​ដោះកូន បាន​យ៉ាង​ស្រួល​ជាង​មុន​ហើយ​។

​ពេលនេះ សុដន់​អ្នក​កំពុងតែ​ផលិត​ទឹក​ដោះ​បាន​យ៉ាង​ទៀងទាត់ ហើយ​អ្នក​ក៏​ត្រូវតែ​សិក្សា ពី​របៀប​រស់នៅ​ជាមួយ​សុដន់​នេះដែរ​។ មានន័យ​ថា អ្នក​ត្រូវ​តែ​ប្រើប្រាស់​វា​ជា​ញឹកញាប់ ដោយ​បំបៅកូន​ពី ៨ ទៅ​១២ ដង​ក្នុង​មួយថ្ងៃ​។ រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​ច្រើន​មែន តែ​ការលូតលាស់​របស់​កូន ពិតជា​ត្រូវការ​ជីវជាតិ​ពី​អ្នក​ខ្លាំងណាស់​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា អ្នក​បាន​ឲ្យ​កូន​បៅ​ទឹក​ដោះ​ពី​ដោះ​ម្ខាង​ឲ្យអស់​សិន ចាំ​ទៅ​បៅ​ម្ខាង​ទៀត​។ បើសិន​ជា​អ្នក​មិន​មាន​គម្រោង​ឲ្យ​កូន​បៅដោះ ឬ​មិន​មាន​ពេលវេលា​បំបៅ​ដោះកូន​ទៀងទាត់ ឬ​មិន​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យអស់​ម្ខាងៗ​ទៀត នោះ​សុដន់​អ្នក​អាច​នឹង​ឈឺ​ខ្លាំង តឺង ឬ​ខ្មែរ​យើង​ហៅ​ថា “​លា​សដោះ​”​

​ការ​លាស​ដោះ​នេះដែរ ក៏​អាច​កើតឡើង​ដោយសារតែ​ការស្ទះ ផ្លូវ​ក្រពេញ​ទឹក​ដោះ ដោយសារ​តែ​ពាក់​អាវទ្រនាប់​តឹងៗ​ពេក​ដែរ​។ ដូច្នេះ អ្នក​មិន​ត្រូវ​ព្យាយាម​ប្រើ​អាវទ្រនាប់​ចាស់ៗ ក្រោយពី​មាន​កូន​តូច​រួច​នោះទេ​។ ចូរ​ព្យាយាម​ទិញ​របស់​ថ្មី ដែល​សម​នឹង​រាង​របស់​អ្នក នាពេល​បច្ចុប្បន្ន​វិញ​។

រឿង​សំខាន់​មួយទៀត ដែល​ត្រូវ​និយាយ​ក្នុង​ដំណាក់កាល​នេះ​គឺ ក្បាល​សុដន់​។ ចូរ​ចាំ​ថា កូន​អ្នកនឹង​ជញ្ជក់​ក្បាល​សុដន់​ជាប់​ពី ១០ ទៅ ២០ នាទី​រាល់​ការ​បៅដោះ​ម្តងៗ​ចំនួន ៨ ទៅ ១២ ដង​ក្នុង​មួយថ្ងៃ និង​រាល់ថ្ងៃ​។ រឿង​នេះ​គឺ​គ្រប់គ្រាន់​នឹង​បង្ការ​ការឈឺចាប់​ខ្លាំង នៅ​ក្បាល​សុដន់​ហើយ​។ វា​ក៏​អាច​ស្ងួត​ប្រេះ​ស្បែក និង​ហូរឈាម​បាន​។ បើសិន​ជា​កូន​ពិបាក​ក្នុង​ការ​បៅ​នោះ អ្នក​អាច​នឹងរង​ការឈឺចាប់​នៅ​ក្បាល​សុដន់​ច្រើន​ជាង​ធម្មតា​។ ដូច្នេះ អ្នក​អាច​ប្រើប្រាស់ ទឹកកក និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​គិតថា អាចជួយ​សម្រួល​ដល់​ការឈឺចាប់ នៅ​ក្បាល​សុដន់​ទៅ​។

ខណៈពេល​ដែល​ម្តាយ​ជាច្រើន​ចង់​បំបៅ​ដោះ​កូន ដើម្បី​បង្កើត​ជា​ចំណង​ស្និទ្ធស្នាល រវាង​ម្តាយ​នឹង​កូន​នោះ ចូរ​ចាំ​ថា អ្នក​អាច​ប្រើ​ឧបករណ៍​ច្របាច់​ទឹក​ដោះចេញ ហើយ​ដាក់​ក្នុង​ដប​ទឹកដោះគោ ដើម្បីឲ្យ​គេ​បៅ​បាន បើសិន​ជា​អ្នក​យល់ថា សុដន់​អ្នក​មាន​ការឈឺចាប់​ខ្លាំងពេក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។