ផ្ទុះ​គ្រុនឈាម​នៅ​ខេត្តមណ្ឌលគិរី មន្ទីរពេទ្យ​ពេញ​ណែន​ដោយ​អ្នកជំងឺ

ផ្ទុះ​គ្រុនឈាម​នៅ​ខេត្តមណ្ឌលគិរី មន្ទីរពេទ្យ​ពេញ​ណែន​ដោយ​អ្នកជំងឺ



ខេត្តមណ្ឌលគិរី ៖ អ្នកជំងឺ​គ្រុនឈាម កំពុង​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កាន់តែ​ច្រើន​ឡើង​ៗ រីឯ​ការ​ថមថយ​ហាក់បីដូចជា​នៅ​មាន​កម្រិត​ទាប ។ ជំងឺគ្រុនឈាម ដែល​កំពុង​បន្ត​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​នេះ ស្ទើរតែ​ប្រកាស​អាសន្ន​ទៅ​ហើយ​នៅ​មណ្ឌលគិរី គ្រា​ដែល​មនុស្ស​ក្មេង​ចាស់​ជា​ច្រើន ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​តាម​ពេទ្យ​ឯកជន​នានា ក្នុង​តំបន់​ស្ទើរ​រក​កន្លែង​សំរាក​គ្មាន​ដែល​ករណី​មួយ​នេះ កំពុង​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ផង​ដែរ ។

លោក សៀ សុខ​មៀង ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ កក្កដា នេះ​ថា ជំងឺគ្រុនឈាម ពិតជា​បាន​នឹង​កំពុង​កើត​មាន​មក​លើ​មនុស្ស​ក្មេង​-​ចាស់ ប្រុស​-​ស្រី​ស្ទើរ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត​ពិតប្រាកដ​មែន ព្រោះ​អគារ​ព្យាបាល ស្ទើរតែ​រក​កន្លែង​សម្រាក​មិន​បាន​។

ជំងឺគ្រុនឈាម​ឆ្នាំ​នេះ ហាក់បីដូច​មានការ​កើតឡើង​ច្រើន​ករណី​មែនទែន ខុស​គ្នា​ពី​បណ្តា​ឆ្នាំ​មុន​ៗ ដែល​ជំងឺគ្រុនឈាម​នេះ​មាន​ចំនួន​តិចតួច​បំផុត ។ ទោះបី​ជំងឺ​នេះ​កំពុង​ផ្ទុះ​ឡើង​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស គឺ​ពុំ​ទាន់​មាន​ច្រើន​ករណី​នៅឡើយ​ទេ គឺ​មាន​ស្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ នៅ​ស្រុក​ពេ​ជ្រា​ដា តែ​អត្រា​ថមថយ​ចុះ នៅ​មាន​កម្រិត​តិច​នៅឡើយ ។

លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​សែន​មនោ​រម្យ​បានឱ្យ​ដឹង​ថា បញ្ហា​ដែល​មាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ អាច​កើតឡើង​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​មក​ពី​ការ​ចំលង​ពី​សត្វ​មូស​ខ្លាខាំ ។ លោក​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើន​ការ​យល់​ដឹង​ឱ្យ​បាន​ខ្ពស់​បំផុត​អំពី​វិធី​ការពារ កុំឱ្យ​កើត​មាន​ជំងឺ​ទាំងនេះ ដូច​ជា​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ កាប់​ឆ្ការព្រៃ​ជុំវិញ​ផ្ទះសម្បែង លុបថ្លុក របស់​ដែល​ដក់​ទឹក ដែល​ជា​ជម្រក​សត្វ​មូស​បង្ក​ពង​កូន​ឱ្យ​បាន​ស្អាត ។

លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ពេល​ដែល​ជំងឺ​នេះ កំពុង​វាយលុក​នោះ​ថា «​ជំងឺគ្រុនឈាម​នេះ​មាន​មែន​តែ​វា​តិចតួច​ទេ​» ។

ចំណែក​មហាជន​នានា​ទូ​ទាំង​ខេត្តមណ្ឌលគិរី មិន​សប្បាយចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី ដែល​បាន​លើក​ឡើង​បែប​នេះ ខណៈ​អ្នកជំងឺ​ជា​ច្រើន​នាក់ ទាំង​ក្មេង ទាំង​ចាស់​កំពុង​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ពេទ្យ​ឯកជន​ស្ទើរតែ​រក​កន្លែង​សម្រាក​គ្មាន​ទៅ​ហើយ​នោះ ។ តើ​ហេតុ​អី​ក៏​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ថា​តិចតួច ។

មហាជន​បាន​លើក​ឡើង​ថា ការ​លើក​ឡើង​បែប​នេះ ហាក់បីដូច​ប្រធាន​មន្ទីរ​រូប​នោះ មិន​បាន​បើកភ្នែក​មើល​អ្នកជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ឡើយ ស្រួល​មិន​ស្រួល​សង្ស័យ​ជា​មន្ត្រី​ជើង​១០​ផង​ក៏​មិនដឹង ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ២០១៦ នេះ​ថា ជំងឺ​នេះ គឺ​ពិតជា​បាន​កើតឡើង​ច្រើន​ករណី​ពិតមែន​ទៅ​លើ​មនុស្ស​ក្មេង​-​ចាស់ ប្រុស​-​ស្រី​នៅ​ឆ្នាំ​នេះ​។ លោក​អភិបាលខេត្ត​បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ មេត្តា​ធ្វើ​យ៉ាងណា​ពិនិត្យ​និង​ជួយ​ព្យាបាល​ដល់​អ្នកជំងឺ​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ឱ្យ​បាន​ល្អ​ប្រសើរ ។

លោក​បាន​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន រួម​មាន​ដូច​ជា​មន្ត្រី​សុខាភិបាល មន្ត្រី​គ្រប់​ក្រុង​-​ស្រុក និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ផង​ដែរ ចូលរួម​គ្នា​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​វិធី​ការពារ កុំឱ្យ​កើត​មាន​ជំងឺ​ប្រភេទ​នេះ ដែល​កំពុង​រាតត្បាត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។

ជាង​នេះ​ទៅ​ទៀត លោក​បាន​អំពាវនាវ​ជា​បន្ទាន់ សូម​មន្ត្រី​ជំនាញ ជា​ពិសេស​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ហ៊ាន​ទទួលស្គាល់​ការ​ពិត ដែល​បាន​កើតឡើង ចៀសវាង​បង្រួម​នៃ​ករណី​ដែល​បាន​កើតឡើង ដើម្បី​តែ​ខ្លួនឯង​ល្អ ។

ម្យ៉ាងវិញទៀត លោក​អភិបាលខេត្ត​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ៗ និង​មន្ត្រី​ក្រុង​-​ស្រុក​ទូ​ទាំង​ខេត្ត សូម​មេត្តា​កុំ​មានការ​ស្ពឹក​ស្រពន់​ពេក ដូច​ជា​ការ​ចុះ​ធ្វើការ​ណែនាំ​ដល់​បងប្អូន​បន្ថែម​ទៀត នៅ​តាម​គោលដៅ​សំខាន់​ដែល​មាន​ជំងឺ​នេះ​កំពុង​រាតត្បាត ។

លោក​អភិបាល​បាន​ធ្វើការ​សង្កត់ធ្ងន់​ទៅ​លើ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថា សព្វ​ថ្ងៃនេះ​មន្ទីរ​មួយ​នេះ ហាក់បីដូចជា​លែង​ចោល​ការងារ​របស់​ខ្លួន​ទៅ​ហើយ ពោល​គឺ​ហាក់បីដូចជា​មិនសូវ​ខ្វល់ខ្វាយ​ពី​បញ្ហា​សំរាម​ជាដើម ព្រោះ​នៅ​ឆ្នាំ​នេះ​ថវិកា​របស់​ជាតិ​បាន​ទម្លាក់​មក​ឱ្យ​មន្ទីរ​យ៉ាងច្រើន​ដើម្បី​ចាត់ចែង​លើ​ការ​ថែទាំ​ពី​បញ្ហា​អនាម័យ ៕